សង្កាត់​ច្បារ​អំពៅ និង​និរោធ​ ខណ្ឌមានជ័យផ្លាស់ប្ដូរ​មុខមាត់​យ៉ាង​ឆាប់​រហ័ស

ភ្នំពេញ ៧ កុម្ភៈ ២០១៤៖ ប៉ុន្មានឆ្នាំកន្លងមកនេះ គេសង្កេតឃើញថាវិស័យអចលនទ្រព្យនៅ ខណ្ឌមានជ័យជាពិសេសនៅសង្កាត់ច្បារអំពៅ និងសង្កាត់និរោធដែលស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ១ កំពុងមានការវិវឌ្ឍគួរឱ្យកត់សម្គាល់…

ភ្នំពេញ ៧ កុម្ភៈ ២០១៤៖  ប៉ុន្មានឆ្នាំកន្លងមកនេះ គេសង្កេតឃើញថាវិស័យអចលនទ្រព្យនៅខណ្ឌមានជ័យ ជាពិសេសនៅសង្កាត់ច្បារអំពៅ និងសង្កាត់និរោធដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ កំពុងមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារ ផ្ទះល្វែង និងបុរីជាច្រើនដូចជាបុរីប៉េងហួត បុរីហាយតិច បុរីចំការស្វាយ បុរីចំការល្មុត បុរីឧទ្យានតាង៉ូវ បុរីជ្រោយបាសាក់ និងខុនដូវិមានកែវចរណៃ ជាដើម ដែលជាកត្តាមួយយ៉ាងសំខាន់ជួយជំរុញឱ្យសង្កាត់មានការផ្លាស់ប្ដូរមុខមាត់យ៉ាងឆាប់រហ័ស។ 

 

លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី បាននិយាយថា អ្នកវិនិយោគចូលទៅអភិវឌ្ឍន៍នៅសង្កាត់នោះដោយសារហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ កាន់តែប្រសើរ និងមានសេវាកម្មចម្រុះជាច្រើនដូចជាធនាគារ ផ្សារ សាលាអន្តរជាតិ និងមន្ទីរពេទ្យ។

 

លោកបានថ្លែងថា “ពីមុនគេតែងតែមើលរំលងតំបន់នេះ ប៉ុន្តែចាប់តាំងពីស្ពានមុនីវង្សទី២ កសាងរួច តំបន់នេះចាប់ផ្ដើមមានការអភិវឌ្ឍច្រើនគួរឱ្យកត់សម្គាល់ ហើយប្រសិនបើពេលអនាគតមានស្ពានភ្ជាប់ពីកោះពេជ្រមកកោះនរា កើតឡើងមែននោះ តំបន់នេះនឹងកាន់តែទាក់ទាញមួយកម្រិតទៀត”។

 

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងភូមិសាស្រ្តអំណោយផលក្នុងសង្កាត់ច្បារអំពៅ និងសង្កាត់និរោធ ដែលធ្វើអោយវិនិយោគិន ចាប់អារម្មណ៍វិនិយោគនៅទីនោះ ការជួយសម្រួលការងារពីអជ្ញាធរ មូលដ្ឋានក៏ជាមូលហេតុមួយផងដែរ។

 

លោក ញាន ចាន់សោភា ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ ខណ្ឌមានជ័យប្រាប់ថា អជ្ញាធរខណ្ឌបានជួយសម្រួលការងារ ច្រើនដល់ក្រុមហ៊ុនអចលនទ្រព្យទាំងនោះ ដើម្បីអោយដំណើរការសាងសងបុរី ក៏ដូចជាផ្ទះល្វែងបានរលូន។ លោកបានបញ្ជាក់ថា « ខណ្ឌបានជួយសម្រួលការងារទាក់ទងនឹងបែបបទរដ្ឋបាលផ្សេង និងជួយសម្រួលផលប៉ះពាល់ ផ្សេងៗដល់ប្រជាពលរដ្ឋផងដែរ»។

 

 

លោក ឌឹត ចណ្ណា បានលើកឡើងពីសក្ដានុពលនៃអចលនទ្រព្យនៅសង្កាត់ច្បាអំពៅ និងសង្កាត់និរោធថា ដោយសារមានទីតាំងនៅជិតចំណុចកណ្ដាលរាជធានីភ្នំពេញ មានបរិស្ថានល្អ និងជាតំបន់មានសល់ដីធំៗទំនេរច្រើន។

 

លោក ឌឹត ចណ្ណា បានប្រាប់ទៀតថា ដោយសារនិន្នាការនៃការអភិវឌ្ឍ និងចំនួនប្រជាជនចូលទៅរស់នៅតំបន់នោះកាន់តែច្រើនបានធ្វើឱ្យតម្លៃដីមានតម្លៃកើនឡើងចន្លោះពី១០ ទៅ២០ ភាគរយក្នុងឆ្នាំ២០១៣ បើធៀបនឹងឆ្នាំ២០១២។ បច្ចុប្បន្នដីដែលមានទីតាំងចាប់ពីស្ពានមុនីវង្ស ទៅដល់បុរីប៉េងហួតមានតម្លៃចាប់ពី ៦០០-១០០០ដុល្លាក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់លំនៅឋាន ខាងក្នុងជាប់ផ្លូវធំៗអាចមានតម្លៃចាប់ពី២៥០-៣០០ដុល្លា និងផ្លូវតូចមានតម្លៃចាប់ពី ១៥០-២០០ដុល្លាក្នុងមួយម៉ែត្រការ៉េ។ 

 

លោកនួន រិទ្ធី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ប៊ុណ្ណារៀលធី គ្រុប បានលើកឡើងពីសក្ដានុពលតំបន់នេះស្រដៀងនឹងការលើកឡើងខាងលើថា តំបន់នេះពិតជាមានការអភិវឌ្ឍខ្លាំង ព្រោះមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនបានទៅធ្វើការអភិវឌ្ឍ។ តំបន់នេះនឹងមានភាពកាន់តែប្រសើរនៅពេលអនាគតព្រោះបច្ចុប្បន្ននៅតាមបណ្ដោយផ្លូវជាតិលេខ១ ប្រៀបដូចជាផ្ការីកស្គុសស្គាយដែលមានដូចជាធនាគារ សាលារៀន ភោជនីយដ្ឋាន និងសណ្ឋាគាររីកព្រោងព្រាតនៅតំបន់នេះ។ 

 

គួរបញ្ជាក់ដែរថា ខណ្ឌមានជ័យមានចំនួន១២សង្កាត់ មានផ្ទៃដីសរុបចំនួន១១១,០៨.៤ហិចតា និងមានប្រជាពលរដ្ឋ សរុបចំនួន ៥៦៣,៩៨គ្រួសារ ។ ដោយឡែកសំណង់ក្នុងខណ្ឌមានជ័យដែលមានដូចជា ផ្ទះល្វែង បុរី ខុនដូរ និងវីឡា ជាដើមនោះមានចំនួនសរុប ៧៨៥៣ ល្វែង និងបុរី ផ្ទះល្វែងដែលស្ថិតក្នុងសង្កាត់ ច្បារអំពៅ និងសង្កាត់និរោធសរុបមានចំនួន ២១០៨ល្វែង។

អត្ថបទកែសម្រួលដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់