កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​គម្រោង​ (LASED)​

កំពង់ឆ្នាំង ១៧ កុម្ភៈ ២០១៤៖ កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) និងណែនាំអំពីការរៀបចំបង្កើតក្រុមការងារ…

 

កំពង់ឆ្នាំង ១៧ កុម្ភៈ ២០១៤៖ កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) និងណែនាំអំពីការរៀបចំបង្កើតក្រុមការងារអនុវត្តគម្រោង ថ្នាក់ខេត្ត ស្រុក និងឃុំ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ឆ្នាំង។

 

អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោយ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្ដម ជាម ប៉េអា អគ្គនាយករង អគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកព្រះរាជអាជ្ញា តំណាងអង្គការ ជីវិតថ្លៃថ្នូរ ក្រុមការងារគម្រោង LASED ថ្នាក់ជាតិ លោក/លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងឃុំគោលដៅ សរុបចំនួន ៦០នាក់។

គម្រោង LASED បាននឹងកំពុងអនុវត្តក្នុងខេត្តគោលដៅចំនួន៣គឺ ខេត្តក្រចេះ កំពង់ចាម និងកំពង់ធំ ចាប់ពីខែកក្កដា ឆ្នាំ២០០៨ ដល់ខែមិថុនា ឆ្នាំ២០១៤ ក្នុងនោះដែរគម្រោងនឹងបន្តការអនុវត្តរយៈពេល ៣ឆ្នាំបន្ថែមទៀត ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍលើដីសម្បទានសង្គមកិច្ចក្នុងខេត្តគោលដៅខាងលើ និងពង្រីកដល់ឃុំសង្កាត់៦ ទៀត ក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ និងបាត់ដំបង។

ចំពោះខេត្តកំពង់ឆ្នាំង គម្រោងនឹងអនុវត្តក្នុងឃុំចំនួន៣ នៃស្រុកសាមគ្គីមានជ័យ គឺឃុំពាម ឈានឡើង និងក្រាំងល្វា ដែលអង្គការ ជីវិតថ្លៃថ្នូរកំពុងអនុវត្តគម្រោងដីសម្បទានសង្គមកិច្ចផងដែរ។ អង្គការជីវិតថ្លៃថ្នូរនឹងបញ្ចប់គម្រោងរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងផ្ទេរការងារបន្តមកគម្រោង LASED ។

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់