អង្ករ​ផ្កាម្លិះ​ ជាប់​​លេខ​១​ផ្ទួន​ពីរ​ឆ្នាំ​ ជា​អង្ករ​ឆ្ងាញ់​លើ​លោក​

ភ្នំពេញ ២២ មករា ២០១៤៖អង្ករផ្កាម្លិះកម្ពុជាដែលមានប្រភពមកពីអង្ករផ្ការំដួល បានទទួលពានរង្វាន់ជាអង្ករដែលមានគុណភាព លេខ១របស់ពិភពលោកប្រចាំឆ្នាំ២០១៣ បន្ទាប់ពីបានប្រកួតប្រជែងយ៉ាងស្វិតស្វាញ…

ភ្នំពេញ ២២ មករា ២០១៤៖អង្ករផ្កាម្លិះកម្ពុជាដែលមានប្រភពមកពីអង្ករផ្ការំដួល បានទទួលពានរង្វាន់ជាអង្ករដែលមានគុណភាព លេខ១របស់ពិភពលោកប្រចាំឆ្នាំ២០១៣ បន្ទាប់ពីបានប្រកួតប្រជែងយ៉ាងស្វិតស្វាញនាពេលកន្លងមក។ ការប្រកាសលទ្ធផលនេះ បានធ្វើឡើងកាលពីខែវិច្ឆកា ឆ្នាំ២០១៣ នៅក្នុងពិធីតាំងពិព័រណ៍អង្ករពិភពលោក ដែលបានរៀបចំនៅទីក្រុងហុងកុង ដោយមាន បេក្ខភាពអង្កររបស់កម្ពុជាចំនួន៦ប្រភេទ បាននាំយកទៅចូលរួមប្រកូតប្រជែងនាពេលនោះ។

 

លោកឧកញ៉ា គឹម សាវុធ ប្រធានសហព័ន្ធនាំអង្ករចេញរបស់កម្ពុជាបានមានប្រសាសន៍ថា«កាលពីឆ្នាំ២០១២ អង្ករកម្ពុជាបានយក ទៅចូលរួមប្រកួតប្រជែងនៅក្រុងបាលីមានចំនួន១២ក្រុមហ៊ុន ដែលមានអង្ករជាច្រើនប្រភេទ។ ក្នុងចំណោមអង្ករជាច្រើន ប្រភេទ ដែលយកទៅប្រកួតនាពេលនោះ គឺមានតែអង្ករផ្កាម្លិះរបស់កម្ពុជាតែមួយប្រភេទប៉ុណ្ណោះ ត្រូវបានគណៈកម្មាការ ប្រកាសលទ្ធផល អោយជាប់ជ័យលាភីលេខ១ ជាអង្ករមានគុណភាពល្អ និងឆ្ងាញ់ជាងគេនៅក្នុងលោក»។ លោកឧកញ៉ាបានបន្ថែមថា «ពេលនោះ ក្នុងនាមខ្ញុំដែលតំណាងអោយកម្ពុជាមានក្តីរំភើបយ៉ាងខ្លាំង ដោយរកពាក្យអ្វីមកថ្លែងពុំបានឡើយ»។ 

 

ការនាំចេញអង្ករនៅឆ្នាំ២០១៣ កើនឡើងដោយសារតែអ្នកបញ្ជាទិញកាន់តែមានចំនួនច្រើនឡើងៗ។ នៅឆ្នាំ២០១៣ ការផលិតអង្ករ របស់កម្ពុជាបានច្រើនជាងឆ្នាំ២០១២ ហើយកម្ពុជាក៏បានត្រៀមខ្លួនរួចហើយក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ចំពោះការ នាំអង្ករចេញរបស់កម្ពុជានៅពេលខាងមុខនេះ។ ក្រោយពីកម្ពុជាបានទទួលបានជោគជ័យ បរទេសនឹងមានការបញ្ជាទិញ អង្ករពីកម្ពុជា បន្ថែមទៀត ហើយនៅថ្ងៃក្រោយកម្ពុជានឹងរីកលូតលាស់ជាងនេះ។

 

លោកឧញ៉ាបានបញ្ជាក់ថា «អ្វីដែលជាបេសកម្មធំរបស់សហព័ន្ធ គឺធ្វើយ៉ាងណាដើម្បីអោយកូនចៅជំនាន់ក្រោយ ទៅក្រៅប្រទេសចង់ ញុំាបាយទិញអង្ករនៅផ្សារទំនើបមានដាក់ស្លាកថាផលិតនៅកម្ពុជា ហើយយើងធ្វើអ្វីៗជាផលប្រយោជន៍រួមដើម្បីប្រជាពលរដ្ឋ និងដើម្បី បង្ហាញអោយអន្តរជាតិទទួលស្គាល់ស្នាដៃរួមរបស់យើងផងដែរ។ តាមរយៈការខិតខំប្រឹងប្រែងនេះ អង្ករកម្ពុជាបានជាប់ ចំណាត់ថ្នាក់ លេខ១ ពីរឆ្នាំជាប់គ្នាដែលជាកិត្តិយស និងមោទនភាពមិនអាចកាត់ថ្លៃបាន។ បច្ចុប្បន្នប្រទេសកម្ពុជាមានវិបត្តិខាងវិស័យដឹកជញ្ជូន ជាបញ្ហាប្រឈមដែលធ្វើអោយកម្ពុជាមានការពិបាកសម្រេចតាមផែនការនាំចេញអោយដល់គោលដៅចំនួន១លានតោននៅឆ្នាំ២០១៥។ យើងជំរុញអោយរដ្ឋាភិបាលបង្កើនការដោះស្រាយវិបត្តិដឹកជញ្ជូននេះ បើសិនជាធ្វើបានយើងនឹងសម្រេចបានតាមការរំពឹងទុក»។ 

 

បើទោះជាបែបនេះក្តី អ្នកស្រាវជ្រាវកសិកម្មកម្ពុជាបានលើកឡើងថា នៅពេលនេះអង្ករកម្ពុជាល្បីល្បាញនៅលើឆាកអន្តរជាតិក៏ពិតមែន តែគេសង្កេតឃើញថាប្រជាកសិករកម្ពុជាភាគច្រើន ជាអ្នកងាយរងគ្រោះដោយសារតែគ្មានទីផ្សារ ពោលគឺតម្លៃស្រូវរបស់ពួកគាត់ចុះថោក។ 

 

កន្លងមកមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ធ្លាប់ទទួលស្គាល់ថា ប្រទេសកម្ពុជាពិបាកនឹងសម្រេចយុទ្ធសាស្រ្តនាំអង្ករចេញ អោយបាន១លានតោន នៅក្នុងឆ្នាំ២០១៥ ខាងមុខនេះណាស់។ បញ្ហាប្រឈមខ្លាំងគឺដោយសារកង្វះខាតដើមទុន ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងរកគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ។

 

លោកឧញ៉ា ពូ ពុយ ប្រធានសមាគមម៉ាស៊ីនកិនស្រូវបានមានប្រសាសន៍ថា ការរួមគ្នារកវិធានការទប់ស្កាត់ការហូរស្រូវចេញជារឿងសំខាន់។ បរិមាណដែលកម្ពុជាត្រៀមសម្រាប់ឆ្នាំ២០១៥ នោះត្រូវតែរួមគ្នាដោះស្រាយ ជាពិសេសបង្កើនគុណភាព និងបរិមាណស្រូវអោយអ្នកផលិត ផលិតអោយបានពីឥឡូវនេះទៅ ទើបយើងបានទទួលជោគជ័យតាមផែនការ។ អង្ករក្រអូបរបស់កម្ពុជាមានទីផ្សារនៅអឺរ៉ុបដែលជាទីផ្សារដ៏ធំសម្រាប់អង្ករកម្ពុជារួមមានដូចជាប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង និងប្រទេសមួយចំនួនទៀត។  

 

លោកឧកញ៉ាប្រាប់បន្ថែមថា«បរិមាណ និងទីផ្សាររបស់អង្ករកម្ពុជានៅតាមបណ្តាប្រទេសទាំងអស់នោះមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយទេ បើប្រៀបធៀបជាមួយអង្កររបស់ប្រទេសជិតខាង។ ដើម្បីអោយអង្ករកម្ពុជាអាចជ្រៀតចូលទីផ្សារអន្តរជាតិបានអ្វីដែលសំខាន់ នៅលើកត្តាគ្រឹះក្រោមរបស់យើង តើយើងបានរៀបចំប្រភេទពូជ និងគុណភាពសម្រាប់តម្រូវការពូជក្រអូបប្រភេទនាំចេញទៅទីផ្សារទាំងនោះ ហើយប្រសិនបើយើងធ្វើបានកាន់តែច្រើនគឺមានទីផ្សារគេរង់ចាំទទួលយកកាន់តែច្រើន»។

 

កាលពីពេលថ្មីៗនេះឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសូងពាណិជ្ជកម្មបានក្រើនរំលឹកអោយសមាគមនម៉ាស៊ីនកិនស្រូវ និងអ្នករកស៊ីលើវិស័យអង្ករគិតពិចារណាក្នុងការចុះបញ្ជីការពារម៉ាកប្រភេទអង្ករផ្កាម្លិះដែលទើបទទួលបានពានរង្វាន់លេខ១ លើពិភពលោកនៅទីក្រុងហុងកុងនោះ។ ជាមួយគ្នានេះសម្រាប់គោលដៅនៃការនាំចេញរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមានលទ្ធភាព នាំចេញប្រមាណជាង១លានតោន ទៅក្រៅប្រទេសក្នុងឆ្នាំ២០១៥ ដោយឆ្នាំកន្លងទៅនេះកម្ពុជាបាននាំស្រូវចេញប្រមាណ២លានតោនហើយដែរ។

 

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាបានអោយដឹងថា កម្ពុជាបាននាំចេញអង្ករ ២០១,៨៩៩តោន នៅឆ្នាំ២០១១ និង២០៥,៧១៧តោន នៅឆ្នាំ២០១២។ គ្រាន់តែក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០១៣ នេះកម្ពុជានាំចេញអង្ករបានចំនួន២៩៤,១៥៤តោន។ 

ដោយ៖ ហៃ ស៊ីណា /ដកស្រង់ចេញពីទស្សនាវដ្តីប្រជាប្រិយ ចេញលេខ៦២៥ ថ្ងៃទី២១-៣១ មករា ២០១៤ 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់