ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងផ្សព្វផ្សាយផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២(ឆ្នាំ២០១៩-២០២៣) សម្រាប់រដ្ឋបាលខេត្តកែប នៅសាលាខេត្តកែប។
ពិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប លោក លោកស្រីនាយក នាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ កងកម្លាំងទាំងបីរបស់ខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី តំណាងអង្គការទស្សនៈពិភពលោក(WVI) និងតំណាងអង្គការ CCSP សរុបប្រមាណជា ១០០នាក់។
គោលបំណងនៃការអនុវត្តការងារគណនេយ្យភាពសង្គមនេះ គឺជំរុញការអនុវត្តយន្តការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីផ្សារភ្ជាប់ការផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការផ្តល់ត្រលប់មកវិញនូវលទ្ធផលដែលសេវាសាធារណៈបានអនុវត្តក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា និងឆ្លើយតបតម្រូវការសេវាសាធារណៈនៅមូលដ្ឋានដែលប្រជាពលរដ្ឋមានតម្រូវការចាំបាច់។ ជាពិសេសបង្ហាញពីកិច្ចសហការអនុវត្តគម្រោងតាមយន្តការដែលមានស្រាប់ក្នុងការធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងគុណភាពសេវាសាធារណៈឱ្យកាន់តែមានភាពប្រសើរឡើងឆ្លើយតបនឹងគោលនយោបាយអភិឌ្ឍន៍ចីរភាពរបស់រាជរដ្ឋាភិបាលបានដាក់ចេញ។