ពិធីប្រកាស​សមាសភាព​ក្រុម​ការងារគណនេយ្យភាព​​សង្គ​ម​​ថ្នាក់​​ខេត្ត និង​​​​ផ្សព្វផ្សា​យ​​​​​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម​ដំណាក់កាល​ទី២​ (ឆ្នាំ២០១៩-២០២៣) សម្រា​ប់​​​​​​រដ្ឋបាល​ខេត្តកែប

ខេត្ត​កែប៖ នា​ព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សោម​ ពិសិដ្ឋ អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​សមាសភាព​ក្រុមការងារគណនេយ្យភាព​សង្គ​ម​ថ្នាក់​ខេត្ត និង​​​ផ្សព្វផ្សា​​យ​​​ផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២(ឆ្នាំ២០១៩-២០២៣) សម្រា​ប់​​​​រដ្ឋបាលខេត្តកែប នៅសាលាខេត្តកែប។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធាន​សម្រប​សម្រួ​ល​​​គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប លោក លោកស្រីនាយក នាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះ​សាលា​​ខេ​ត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ​ កងកម្លាំងទាំងបីរបស់ខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក លោក លោកស្រី តំណាងអង្គការ​ទស្សនៈពិភពលោក(WVI) និង​តំណាងអង្គការ CCSP សរុបប្រមាណជា​ ១០០នាក់។

គោលបំណងនៃ​ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​នេះ គឺជំរុញ​ការ​អនុវត្ត​យន្តការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដើម្បី​ផ្សារភ្ជា​ប់​ការ​ផ្តល់​ព័ត៌មាន​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​ការ​ផ្តល់​ត្រលប់​មកវិញ​នូវ​លទ្ធផល​ដែល​សេវា​សាធារណៈ​បាន​អនុវត្ត​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​សេវា​ និង​ឆ្លើយ​តប​តម្រូវ​ការសេវា​សាធារណៈ​នៅ​មូលដ្ឋាន​ដែល​ប្រជាពលរដ្ឋ​មាន​តម្រូវ​ការ​ចាំ​បាច់។ ជាពិសេស​បង្ហាញ​ពីកិច្ច​សហការ​អនុ​វត្ត​គម្រោង​តាម​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ការធ្វើ​ការរួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ដើម្បី​ពង្រឹង​គុណភាព​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ឆ្លើយ​តប​នឹង​គោល​នយោបាយ​អភិឌ្ឍន៍​ចីរភាព​របស់​រាជរដ្ឋាភិបាលបាន​ដាក់ចេញ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់