ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ ពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ សិក្ខាសាលាផ្សព្វផ្សាយគម្រោង «ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា» ក្នុងក្រមខណ្ឌអនុវត្តការងារគណនេយ្យភាពសង្គមដំណាក់កាលទី២ (ឆ្នាំ២០១៩-២០២៣) នៅសង្កាត់ទាំង ១០ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសហការរៀបចំដោយរដ្ឋបាលក្រុងតាខ្មៅ លេខាធិការដ្ឋាន គ.ជ.អ.ប. និងវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ទទួលបានគាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិតាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360) ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង ចៅសង្កាត់ ស្មៀន និងអ្នកពាក់ព័ន្ធនានា ប្រមាណជា ៤០រូប។
សិក្ខាសាលានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តគម្រោង និងពង្រឹងកិច្ចសហការពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសជាមួយថ្នាក់ដឹកនាំ ក្រុង សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សាទាំងអស់ក្នុងក្រុងតាខ្មៅ។