ខេត្តកណ្តាល៖ ព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ងី ច័ន្រ្ទផល ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមថ្នាក់ជាតិ (គ.គ.អ.ស) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងផ្សព្វផ្សាយផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២(ឆ្នាំ២០១៩-២០២៣) សម្រាប់រដ្ឋបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។
នាពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លោក លោកស្រីនាយក នាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ កងកម្លាំងទាំងបីរបស់ខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុកទាំង១១ លោក លោកស្រី តំណាងអង្គការទស្សនៈពិភពលោក(WVI) តំណាងអង្គការសុខភាពអន្តរជាតិ(FHI360), វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) តំណាងអង្គការ សមាគម ជាដៃគូអនុវត្តគម្រោងគណនេយ្យភាពសង្គម សរុបចំនួន១១២នាក់។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការប្រកាសក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងការផ្សព្វផ្សាយផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ នាពេលនេះ គឺបង្ហាញអំពីការតាំងចិត្តខ្ពស់ក្នុងឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែងចំពោះការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពិសេសផ្តោតទៅលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយរាប់បញ្ចូលទាំងស្រ្តី កុមារ ជនជាតិដើមភាគតិច ជនងាយរងគ្រោះនានា និងជនមានពិការភាពជាដើម ដោយមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ជាសេនាធិការក្នុងការសម្របសម្រួលបំពេញបេសកកម្មនេះ។
ខេត្តកណ្តាល ជាខេត្តគោលដៅមួយក្នុងចំណោមខេត្តគោលដៅទាំង២៥រាជធានី ខេត្ត ក្នុងការអនុវត្តកម្មវិធីគណនេយ្យភាពសង្គមដំណាក់កាលទី២ និងមានតំបន់គោលដៅរបស់កម្មវិធីនៅក្រុង ស្រុក ចំនួន០៨ រួមមាន ក្រុងតាខ្មៅ ស្រុកកៀនស្វាយ ខ្សាច់កណ្តាល លើកដែក មុខកំពូល អង្គស្នួល ពញាឮ និងស្រុកស្អាង។
នៅកម្រិតមូលដ្ឋាន និងការកាត់បន្ថយនូវគម្លាតរវាងប្រជាពលរដ្ឋ និងអ្នកផ្គត់ផ្គង់ផ្តល់សេវា។ ហើយអ្នកដែលអនុវត្តផ្ទាល់ ចំពោះសកម្មភាពទាំងនេះ គឺរដ្ឋបាលក្រុង ស្រុក ការិយាល័យអប់រំ យុវជន និងកីឡា ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត រដ្ឋបាលឃុំសង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សានៅនឹងមូលដ្ឋាន។ ដូច្នេះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រតិបត្តិករ ជាផ្នែកផ្គត់ផ្គង់ ដែលរួមមានតួអង្គក្រសួង ស្ថាប័ន និងក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុងស្រុក អាជ្ញាធរមូលដ្ឋាន តាមរយៈផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គម សូមឲ្យមានការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ដែលជាផ្នែកតម្រូវការ ដើម្បីកំណត់យុទ្ធសាស្រ្តចាំបាច់ក្នុងការអនុវត្តសកម្មភាពជាក់លាក់ និងតួនាទីភារកិច្ចរបស់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ (២០១៩-២០២២) ឲ្យទទួលបានជោគជ័យ។
ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងប្រធាន គ.គ.អ.ស បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌សង្គម និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន។
ដើម្បីឲ្យការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងរដ្ឋបាលខេត្តកណ្តាលទទួលបាន លទ្ធផលល្អប្រសើរ ឯកឧត្តម ងី ច័ន្ទ្រផល បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ក្រុមការងារគណនេយ្យភាពសង្គម ថ្នាក់ខេត្ត ក្រុង ស្រុក ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអនុវត្តនានា យកចិត្តទុកដាក់លើចំណុច សំខាន់ៗមួយចំនួនដូចខាងក្រោម៖
- រៀបចំវគ្គអភិវឌ្ឍសមត្ថភាពអំពីគណនេយ្យភាពសង្គម
- រដ្ឋបាលខេត្ត ក្រុង ស្រុក ពិនិត្យលទ្ធភាពគាំទ្រថវិកាសម្រាប់អនុវត្ត នៅឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត។
- រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ផ្តល់កិច្ចសហការគាំទ្រ សម្របសម្រួល អង្គការដៃគូរអនុវត្ត ក្នុងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម ៣ខែចុងក្រោយ និងបន្តទៅមុខទៀត។
- រដ្ឋបាលខេត្ត ក្រុង ស្រុកផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការអនុវត្តគណនេយ្យភាព សង្គម ក្នុងវេទិការរបស់គណៈអភិបាល ឬក្នុងកិច្ចប្រជុំសមស្របណាមួយ។
- គួរមានរបៀបវារៈមួយក្នុងប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាស្តីអំពីការអនុវត្តការងារ គណនេយ្យភាពសង្គម។