ខេត្តសៀមរាប៖ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដល់វិស័យទាំងបី រួមមាន រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ត្រូវបានរៀបចំឡើងនៅសាលាស្រុកពួក ដោយរដ្ឋបាលខេត្តសៀមរាបសហការជាមួយរដ្ឋបាលស្រុកពួក និងការសម្របសម្រួលបច្ចេកទេសពីក្រុមការងារពីលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ២០២០ មានអ្នកចូលរួមសរុបចំនួន ៨០រូប ស្ត្រីចំនួន ១៦រូប ។
លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តការងារគណនេយ្យភាពសង្គមបានអនុវត្តរយៈពេល ៤ឆ្នាំកន្លងមកហើយ ប៉ុន្តែសុ្រកពួកជាស្រុកគោលដៅថ្មីក្នុងឆ្នាំ២០២០ ដែលត្រូវបានពង្រឹក បូករួមទាំងក្រុងសៀមរាបផងដែរ។
លោក ជេដ្ឋ គីមជុង បានបន្ថែមថា ការអនុវត្តកិច្ចការងារនេះ ជាការពង្រឹកយន្តការនៃការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ថ្នាក់រដ្ឋបាលឃុំទាំងអស់នៅក្នុងស្រុក មណ្ឌលសុខភាព និងសាលាបឋមសិក្សា ហើយត្រូវមានយន្តការជាក់លាក់ តួយ៉ាង៖ ទី១-ត្រូវបង្កើត ឬកែសម្រួលក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងទី២-ត្រូវបង្កើតក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ដែលមានសមាសភាពដូចជា អភិបាល ឬអភិបាលរងទទួលបន្ទុក ឬអ្នកពាក់ព័ន្ធចំណុះឱ្យការិយាល័យនានានៅក្នុងស្រុកជាសមាជិក ដើម្បីអនុវត្តការងារនេះឱ្យកាន់តែមានភាពច្បាស់លាស់ និងដោយរលូន។ យើងឃើញថារហូតមកដល់ពេលនេះ រដ្ឋបាលខេត្តសៀមរាបបានបង្កើតយន្តការទាំងនេះរួចហើយ ទើបបានជាអាចរៀបចំវគ្គនេះឡើង។
លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានសង្ឃឹមយ៉ាងមុតមាំថា ក្រោយទទួលវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះតទៅ ការអនុវត្តតួនាទីភារកិច្ចពាក់ព័ន្ធនឹងគណនេយ្យភាពសង្គមនៅតាមបណ្តាឃុំយើងនឹងដំណើរការបានកាន់តែល្អប្រសើរបន្ថែមទៀត៕