វគ្គបណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក ស្តីពី​ការ​អនុវត្ត​ផែនការយុទ្ធសាស្ត្រ​​គណនេយ្យភាព​សង្គម​នៅ​ខេត្ត​កំពត

ខេត្ត​កំពត៖ នាព្រឹកថ្ងៃ អង្គារ ១២កើត ខែផល្គុន ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០២១ លេខាធិការដ្ឋាន​ គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះ​បណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក​ ស្តីពី​ការ​អនុវត្ត​​ផែនការ​យុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅ​ខេត្ត​កំពត ​ដឹកនាំដោយ លោកស្រី ហេង សិទ្ធា អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប. ដែល​ទទួល​បាន​ការគាំទ្រថវិកា​ពីធនាគារពិភពលោក(WB)។

វគ្គបណ្តុះបណ្តាលនេះ មាន​ការចូលរួម​ពី​ លោក​ លោកស្រី​ តំណាងក្រសួងមហាផ្ទៃ​ ក្រសួងអប់រំ​ យុវជន និង​កីឡា​ ក្រសួង​សុខាភិបាល រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្ត​ព្រះសីហនុ តំណាង​អង្គការ​ទស្សនៈពិភពលោក (WVI-C) ​ តំណាងអង្គការ ​RACHA និង​អ្នក​ពាក់​ព័ន្ធ​ដ៏ទៃ​ទៀត​ ប្រមាណជា​ ២៥រូប ដោយអនុវត្តតាមអនុសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​ តេជោ ហ៊ុន សែន វិធានការការពារ Covid-19 ​​៣ការពារ និង ៣កុំ។ ​

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល លោកស្រី ហេង សិទ្ធា​ អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប. បាន​លើកឡើងថា៖ ក្នុង​ស្ថាន​ភាព​នៃ​ការរាតត្បាត​នៃ​ជំងឺ​កូវីត១៩ (Covid-19) ទៅក្នុង​សហគមន៍​សាជាថ្មី​ និងជាលើកទី៣ ដែល​ហៅ​ថា ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ដោយ​មានការ​គិតគូរខ្ពស់​ពីថ្នាក់​ដឹកនាំ​នៃ​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. លោក​បានសម្រេច​ចិត្ត​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​សិក្ខាកាម​ពីខេត្ត​ចំនួន​០២ គឺខេត្ត​សៀមរាប និង​កំពង់​ឆ្នាំង ដែល​នឹង​ត្រូវ​​បណ្តុះ​បណ្តាល​នាពេលក្រោយ គឺ​ក្នុង​គោល​បំណង​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់សម្តេច​តេជោ ហ៊ុន សែន (វិធានការ​ ៣ការពារ និង៣កុំ) និង​វិធានការ​​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​ គឺ​ធ្វើ​យ៉ាង​ណា​រក្សា​នូវ​គម្លាត​សុវត្ថិភាព​ ១.៥ ម៉ែត្រ​ ការពាក់ម៉ាស​ និង​លាង​ដៃ​ជាប្រចាំ​ដើម្បី​បង្ការ​នូវ​ជំងឺ​កូវីត១៩​ជូន​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ទាំងមូល។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង​ ផ្តល់ចំណេះដឹងមូលដ្ឋានអំពី «ផែនការ​យុទ្ធសាស្ត្រ​ស្តីពីការ​ងារ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​» ដល់គ្រូ​បង្គោល​ថ្នាក់​ខេត្ត​ និង​ថ្នាក់ក្រុង ស្រុក ដើម្បី​មានលទ្ធភាព​បណ្តុះ​បណ្តាល​បន្ត​ទៅ​ដល់​អង្គភាព​ផ្តល់សេវា​ អំពី​ «ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម​សម្រាប់​​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ» ដោយ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការពង្រឹង​ភាព​ងាយស្រួល​ទទួល​បានព័ត៌មាន​នានា និង​ព័ត៌មាន​ថវិកា ការ​ត្រួត​ពិនិត្យ​តាម​ដាន​ដោយ​ប្រជាពលរដ្ឋ​ ការ​សម្រប​សម្រួល​ និង​ការ​ពង្រឹង​សមត្ថភាព​ និង​ការ​ប្រមូល​មេរៀន​បទពិសោធន៍​ និង​ការ​ត្រួត​ពិនិត្យ​តាមដាន។

លោកស្រី ហេង សិទ្ធា បានស្នើទៅសិក្ខាកាមទាំងអស់ឱ្យ​យកចិត្ត​ទុកដាក់​តាមដាន​ស្តាប់​នូវ​មេរៀន​នីមួយៗ​ ដើម្បី​ជាទុន​ដ៏សំខាន់សម្រាប់​យកទៅ​បង្រៀន​បន្ត​ដល់​រដ្ឋបាល​ឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដើម្បី​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​នេះ ប្រកប​ដោយ​គុណភាព​ និង​ប្រសិទ្ធភាព។

សូមបញ្ជាក់​ថា វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​នេះ ត្រូវបាន​​​រៀបចំរយៈពេល០៣​ថ្ងៃ​ ដោយ​ផ្តោត​លើ​មេរៀន​សំខាន់ៗដូច​ខាង៖

  • មេរៀនទី១៖ ផែន​ការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ
  • មេរៀន​ទី២៖ ផែន​ការអនុវត្ត​គណនេយ្យ​ភាព​សង្គម
  • មេរៀនទី៣៖ តួនាទី និង​ភារកិច្ច​ផ្នែក​ផ្គត់​ផ្គង់
  • មេរៀនទី៤៖ តួនាទី និង​ភារកិច្ច​ផ្នែក​តម្រូវការ​
  • មេរៀន​ទី៥៖ កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ
  • មេរៀនទី៦៖ ប្រព័ន្ធ​ទិន្នន័យ​គណនេយ្យ​ភាព​សង្គម
  • មេរៀន​ទី៧៖ ដំណើរការ​ត្រួត​ពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ
  • មេរៀន​ទី៨៖ ការ​គាំទ្រ និង​ការ​តាមដាន​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​ស្តីពី​ការងារ​គណនេយ្យ​ភាព​សង្គម​ដោយ​គណៈ​កម្មាធិការ​ JAAP
  • មេរៀនទី៩៖ ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​​បរិស្ថាន​ និង​សង្គម​
  • មេរៀនទី១០៖ នីតិវិធីហិរញ្ញវត្ថុនៃ​គម្រោង​ ISAF
  • ការ​រៀបចំ​ផែនការ​សម្រាប់​ការ​អនុវត្ត​៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់