វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុកគោលដៅថ្មី ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​​សង្គម​តាម​ប្រព័ន្ធ Zoom

នាព្រឹកថ្ងៃ ចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០២១ លេខាធិការដ្ឋាន​ គ.ជ.អ.ប. បានរៀបចំវគ្គបណ្តុះ​បណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក​គោលដៅថ្មី ស្តីពី​ការ​អនុវត្តផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាពសង្គមដល់ខេត្តកណ្តាល និងខេត្តកែប តាមប្រព័ន្ធ Zoom ដែល​ទទួល​បាន​ការគាំទ្រ​ពីធនាគារពិភពលោក(WB) ដើម្បីអភិវឌ្ឍសមត្ថភាព ផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសដល់មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម និងដើម្បីយកចំណេះដឹង ជំនាញនេះ ធ្វើការបណ្តុះបណ្តាលបន្តទៅដល់អង្គភាពផ្តល់សេវាទាំងបី (រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព)។ ​

វគ្គបណ្តុះបណ្តាលនេះ‌ មានការអញ្ចើញចូលរួមជាអធិបតី ឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណៈ អភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារ I-SAF ថ្នាក់ខេត្ត ឯកឧត្តម អ៊ុក ថា អភិបាលរងនៃគណៈអភិបាលខេត្តកែប និងជាប្រធានក្រុមការងារ I-SAF ថ្នាក់ខេត្ត លោក ជេដ្ឋ គឹមជុង  ប្រធានសម្របសម្រួលគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាតំណាងឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងលោក​ លោកស្រី​ តំណាងក្រសួងអប់រំ​ យុវជន និង​កីឡា​ មន្ត្រីបង្គោលខេត្ត ក្រុង ស្រុកនៃខេត្តកណ្តាល និងខេត្តកែប តំណាង​អង្គការ​ទស្សនៈពិភពលោក (WVI-C) ​ តំណាងអង្គការ FHI360 អង្គការ CCSP អង្គការ NAS អង្គការ API ​អង្គការសុវណ្ណភូមិ ព្រមទាំង​អ្នក​ពាក់​ព័ន្ធ​ដ៏ទៃ​ទៀត​ ប្រមាណជា​ ៨៣រូប។

សូមបញ្ជាក់​ថា វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​នេះ ត្រូវបាន​​​រៀបចំរយៈពេល០៣​ថ្ងៃ​ ដែល​ផ្តោត​លើ​មេរៀន​សំខាន់ៗដូច​ខាង៖

  • មេរៀនទី១៖ ផែន​ការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ
  • មេរៀន​ទី២៖ ផែន​ការអនុវត្ត​គណនេយ្យ​ភាព​សង្គម
  • មេរៀនទី៣៖ តួនាទី និង​ភារកិច្ច​ផ្នែក​ផ្គត់​ផ្គង់
  • មេរៀនទី៤៖ តួនាទី និង​ភារកិច្ច​ផ្នែក​តម្រូវការ​
  • មេរៀន​ទី៥៖ កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ
  • មេរៀនទី៦៖ ប្រព័ន្ធ​ទិន្នន័យ​គណនេយ្យ​ភាព​សង្គម
  • មេរៀន​ទី៧៖ ដំណើរការ​ត្រួត​ពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ
  • មេរៀន​ទី៨៖ ការ​គាំទ្រ និង​ការ​តាមដាន​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​ស្តីពី​ការងារ​គណនេយ្យ​ភាព​សង្គម​ដោយ​គណៈ​កម្មាធិការ​ JAAP
  • មេរៀនទី៩៖ ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​​បរិស្ថាន​ និង​សង្គម​
  • មេរៀនទី១០៖ នីតិវិធីហិរញ្ញវត្ថុនៃ​គម្រោង​ ISAF
  • ការ​រៀបចំ​ផែនការ​សម្រាប់​ការ​អនុវត្ត​៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់