រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន ស្តីពីសេចក្តីព្រាងឯកសារទស្សនទានសម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជា ៧០នាក់។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងឯកសារទស្សនទានសម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។
ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិ១០ឆ្នាំ ដំណាក់កាលទី១ ដែលចាំបាច់តម្រូវឱ្យរៀបចំកម្មវិធីជាតិរយៈពេលវែង ១០ឆ្នាំបន្ថែមទៀត ដើម្បីធានាឱ្យមានការចាប់ផ្តើមកម្មវិធីជាតិពីឆ្នាំ២០២១តទៅ។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានគូសបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (វិ.វិ) មានលក្ខណៈសាំញ៉ាំ និងស្មុគស្មាញ ហើយការអនុវត្តក៏ត្រូវមានការប្រយ័ត្នខ្ពស់ ដែលជាកិច្ចការមួយតម្រូវឱ្យមានផែនទីចង្អុលផ្លូវរយៈពេលវែងមួយ ដែលមានភាពច្បាស់លាស់ ទើបបានជា គ.ជ.អ.ប. ជាពិសេសសម្តេចក្រឡាហោម ប្រធាន គ.ជ.អ.ប. បានស្នើសុំឱ្យមានការរៀបចំផែនការជាតិដំណាក់កាលទី២ នៅចុងឆ្នាំ២០២០នេះឡើង។
សូមបញ្ជាក់ថា មុននឹងដាក់ជូន គ.ជ.អ.ប. អនុមត័សេចក្តីព្រាងឯកសារទស្សនទានសម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. គ្រោងនឹងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលបន្ថែមទៀត៕