កិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័ន ស្តីពី​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ការរៀបចំ​តាក់តែង​កម្មវិធី​ជាតិសម្រាប់ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដំណាក់កាលទី២

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៣​ ខែ​សីហា ឆ្នាំ​២០២០ លេខាធិការដ្ឋាន​​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ​ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំពិភាក្សា​ជាមួយក្រសួង​ ស្ថាប័ន ស្តី​ពី​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ការរៀបចំ​តាក់តែង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ក្រោមអធិបតីភាព​ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាប្រធានលេខាធិការដ្ឋាន​ គ.ជ.អ.ប.​ ដោយ​មាន​ការចូលរួមពី​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ តំណាងមកពី​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​ផែនការ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួងកិច្ច​ការនារី ក្រសួង​សុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​អប់រំ​ យុវជន និង​កីឡា ក្រសួង​រ៉ែ និង​ថាមពល ក្រសួងបរិស្ថាន ក្រសួងមុខងារ​សាធារណៈ ក្រសួង​យុត្តិធម៌ ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន និង​យុវនីតិសម្បទា សមាគមរដ្ឋបាលថ្នាក់​ក្រោមជាតិ​ លេខាធិការដ្ឋាន គ.ជ.អ.ប. និង​ក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជា ៧០នាក់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង​ពិនិត្យពិភាក្សា​ទៅលើសេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ការរៀបចំ​តាក់តែង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។

ជាក់ស្តែង​​ក្នុង​ឆ្នាំ​២០២០នេះ​ គឺជាឆ្នាំ​ចុងក្រោយនៃ​ការអនុវត្ត​កម្មវិធី​ជាតិ១០ឆ្នាំ​ ដំណាក់កាលទី១ ដែល​​ចាំបាច់​តម្រូវឱ្យ​រៀបចំកម្មវិធីជាតិរយៈពេលវែង ១០ឆ្នាំ​បន្ថែមទៀត ដើម្បីធានាឱ្យមានការ​ចាប់ផ្តើម​កម្មវិធីជាតិពីឆ្នាំ២០២១តទៅ​។

មានប្រសាសន៍​បើកកិច្ច​ប្រជុំ​ ឯកឧត្តម ង៉ាន់ ចំរើន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ជាប្រធានលេខាធិការដ្ឋាន​ គ.ជ.អ.ប.​ បានគូសបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ (វិ.វិ) មានលក្ខណៈសាំញ៉ាំ និង​ស្មុគស្មាញ​ ហើយការអនុវត្តក៏​ត្រូវមាន​ការប្រយ័ត្នខ្ពស់ ដែល​ជាកិច្ច​ការមួយតម្រូវ​ឱ្យ​មានផែនទីចង្អុលផ្លូវ​រយៈពេលវែងមួយ ដែលមានភាពច្បាស់លាស់ ទើបបានជា គ.ជ.អ.ប. ជាពិសេសសម្តេចក្រឡាហោម ប្រធាន គ.ជ.អ.ប. បានស្នើសុំឱ្យមានការរៀបចំផែនការជាតិដំណាក់កាលទី២ នៅចុងឆ្នាំ​២០២០នេះឡើង។

សូមបញ្ជាក់ថា មុននឹងដាក់ជូន ​គ.ជ.អ.ប. អនុមត័​សេចក្តី​ព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ការរៀបចំ​តាក់តែង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ ដំណាក់កាលទី២នេះ​​ លេខាធិការដ្ឋាន គ.ជ.អ.ប. គ្រោងនឹង​រៀបចំកិច្ចប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និង​អង្គការសង្គមស៊ីវិលបន្ថែមទៀត៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់