IMF: កម្ពុជា​គួរ​ផ្តោត​លើ​វិស័យ​អប់រំ និង​អភិបាល​កិច្ច​ល្អ (ភ្នំពេញប៉ុស្តិ៍)

ភ្នំពេញ ៤ ធ្នូ ២០១៣៖ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកកំពុងស្ថិតលើដំណាក់កាលងើបឡើងវិញប៉ុន្តែល្បឿននៃ ការងើបឡើងវិញហាក់ដូចជាមានភាពយឺតយ៉ាវ។ កម្ពុជាដែលស្ថិតក្នុងចំណោមប្រទេសមានប្រាក់ចំណូលទាបផ្សេង ទៀតនៅតែទទួលបានកំណើន…

ភ្នំពេញ ៤ ធ្នូ ២០១៣៖ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកកំពុងស្ថិតលើដំណាក់កាលងើបឡើងវិញប៉ុន្តែល្បឿននៃ ការងើបឡើងវិញហាក់ដូចជាមានភាពយឺតយ៉ាវ។ កម្ពុជាដែលស្ថិតក្នុងចំណោមប្រទេសមានប្រាក់ចំណូលទាបផ្សេង ទៀតនៅតែទទួលបានកំណើនប៉ុន្តែប្រទេសនេះប្រឈមឧបសគ្គជាច្រើនដែលត្រូវដោះស្រាយសម្រាប់កំណើនប្រកបដោយនិរន្តរភាព នៅក្នុងលក្ខណៈបញ្ចូលគ្នា។

លោកស្រី Christine Lagarde នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍។ រូបថត ម៉ៃ វីរៈ

 

លោកស្រី Christine Lagarde នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានផ្ដល់ឱកាសជាពិសេសមួយក្នុងអំឡុងទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកម្ពុជាក្នុងបទសម្ភាសជាមួយលោក ម៉ៃ គុណមករា ប្រធានការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៃកាសែតភ្នំពេញប៉ុស្ដិ៍ អំពីថា តើកម្ពុជាអាចដោះស្រាយបញ្ហានេះដោយរបៀបណា?

តើលោកស្រីអាចចែករំលែកទស្សនៈស្ដីពីសេដ្ឋកិច្ចពិភពលោកដែល កំពុងនៅតែមានបញ្ហាប្រឈមជាច្រើននៅប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនបានទេ?

យើងមើលឃើញសេដ្ឋកិច្ចពិភពលោកគឺកំពុងតែងើបឡើងវិញយឺតៗ ជាមួយការព្យាករកំណើនមានប្រហែល ២,៩ ភាគរយនៅឆ្នាំនេះ និងប្រហែល ៣,៥ ភាគរយនៅឆ្នាំក្រោយ។ ដូច្នេះ ការកែលម្អ និងការខិតខំពង្រឹងខ្លួននៅឆ្នាំ ២០១៤ ជាមួយនឹងកម្លាំងនៃការផ្លាស់ប្តូរកត្តាកំណើន រួមផ្សំនឹងការងើបឡើងបន្តិចរបស់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងធ្លាក់ចុះបន្តិចនៃប្រទេសមានសេដ្ឋកិច្ចកំពុងងើបឡើងគឺវា បានឡើងចុះប្រហែលជា៦ខែមុន។

សេដ្ឋកិច្ចអាមេរិកប្រហែលជាកើនឡើងប្រមាណជា ១,៦ ភាគរយនៅឆ្នាំនេះ និង ២,៦ ភាគរយនៅឆ្នាំក្រោយ ដោយសង្ឃឹមថា ការជំរុញអំពីបញ្ហាសារពើពន្ធដែលពួកគេបានទទួលរងនូវការឈឺចាប់ កាលពីឆ្នាំ ២០១៣ នឹងកាត់បន្ថយនៅឆ្នាំក្រោយ ហើយយើងពិតជាសង្ឃឹមថាពួកគេនឹងលើកឡើងនូវការដោះស្រាយបញ្ហា ការកម្រិតបំណុល និងផែនការសារពើពន្ធរយៈពេលមធ្យមដែលកំពុងមានការខ្វះចន្លោះ។ តំបន់ចាយប្រាក់អឺរ៉ូកំពុងធ្វើបានកាន់តែល្អប្រសើរ ហើយកំពុងឈានដល់របត់មួយ និងប្រហែលជាមានសញ្ញាណវិជ្ជមាននៅឆ្នាំក្រោយ ហើយប្រទេសជប៉ុននឹងកើនឡើងតាមរយៈការដាក់បញ្ចូលគ្នានូវគោលនយោបាយដែលផ្តល់លទ្ធផលប្រសើរនៅឆ្នាំនេះ។

ពេលនេះដោយសារតម្រុយនៃការធ្លាក់ចុះ និងការភ័យខ្លាចរបស់វិនិយោគិនបានធ្វើឲ្យពួកគេផ្លាស់ប្តូរ មូលធនចេញពីប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើនឬ ប្រទេសមួយចំនួនដូចជាប្រទេស រុស្ស៊ី ឥណ្ឌា ប្រេស៊ីល ចិន អា្រហ្វិក បានបន្ថយល្បឿនដែលជាការផ្លាស់ប្តូរកម្លាំងជំរុញ។

តើ IMF មានដំបូន្មានអ្វីដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាបដូចជា កម្ពុជាដែលភាគច្រើនពឹងផ្អែកលើការនាំចេញសម្រាប់កំណើនរបស់ខ្លួន?

ជាដំបូងបណ្ដាប្រទេសមានប្រាក់ចំណូលទាបមានភាពល្អប្រសើរច្រើន ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ ២០០៨ ហើយមានភាពខ្លាំងផងដែរនៅក្នុងការអភិវឌ្ឍក្រោយមក។ កំណើននេះនឹងកើនឡើងនៅក្នុងចំនួន ៥,៥ ភាគរយ និងទំនងជាកើនឡើងបន្តិច។ ការព្យាករកំណើនរបស់កម្ពុជាប្រហែល ៧ ភាគរយនៅឆ្នាំក្រោយដែលជា អត្រាកំណើនដ៏គួរឲ្យស្ញប់ស្ញែង។

ដំបូន្មានរបស់យើងគឺពិតណាស់ត្រូវតែពង្រឹងការការពាររបាំងមួយដែលអាចទប់ទល់នឹងហានិភ័យពីខាងក្រៅដ៏មានសក្ដានុពល។ ការនាំចេញរបស់កម្ពុជាទាំងអស់ ៨០ ភាគរយគឺទៅសហរដ្ឋអាមេរិក និងអឺរ៉ុប ឬ ៨០ភាគរយនៅក្នុងឧស្សាហកម្មកាត់ដេរ ដូច្នេះការខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មជាមូលដ្ឋាននៃវិស័យឧស្សាហកម្ម ហើយទាក់ទងបណ្ដាប្រទេសជាគោលដៅនាំចេញគឺពិតណាស់នឹងការពារ ហានិភ័យដ៏ធំដែលកម្ពុជាអាចប្រឈម។ ក្របខ័ណ្ឌច្បាប់ម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងមានស្ថិរភាព និងបរិយាកាសហិរញ្ញវត្ថុគឺពិតជាជួយក្នុងការធ្វើឲ្យមានស្ថិរភាពសម្រាប់ប្រទេសនេះ។

តើអ្វីដែលប្រទេសមានប្រាក់ចំណូលទាបអាចធ្វើក្នុងការលើកកម្ពស់កំណើនរួមផ្សំបន្ថែមទៀត?

យើងជឿជាក់ថា កំណើនរួមផ្សំនឹងធ្វើឲ្យកំណើនកាន់តែមានចីរភាព។ យើងបានមើលឃើញមូលដ្ឋានគ្រឹះសំខាន់ពីរថ្មីៗនេះ មួយគឺជាវិបតិ្តហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលប្រហែលជាបានបង្កើនការគ្មានសមភាព និងកម្លាំងចលករដ៏សំខាន់នៅអាស៊ីបានបង្កើនការគ្មានសមភាពផងដែរ។ ដូច្នេះអ្នកមានសិទ្ធិក្នុងការនិយាយពីគោលដៅនៃកំណើនរួមផ្សំគ្នាបន្ថែមទៀតដើម្បីធ្វើឲ្យប្រាកដថាកំណើននេះប្រកបដោយចីរភាព ហើយយើងពិតជា គាំទ្រដល់ការជំរុញកំណើនរួមផ្សំ។

តើអ្វីដែលអ្នកត្រូវណែនាំដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេសម្រាប់សហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥?

វាជាគម្រោងដ៏មានមហិច្ឆតា និងមានសក្ដានុពល។ ច្បាស់ណាស់ការបើកដំណើរការទីផ្សារ ការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម ផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចជាច្រើនជុំវិញពិភពលោក ហើយវាពិតជាជួយក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាច្រើន។

ដើម្បីរៀបចំឲ្យបានកាន់តែល្អប្រសើរនៃមហិច្ឆតានៃការធ្វើសមាហរ័ណកម្មសេដ្ឋកិច្ច សមាជិកនីមួយៗ ដែលត្រូវធ្វើសមាហរ័ណកម្មត្រូវតែពង្រឹងមូលដ្ឋានគ្រឹះរបស់ខ្លួនហើយកម្ពុជានឹងត្រូវបានចោទសួរពីការបន្តការវិនិយោគនៅក្នុងផលិតភាពរបស់ខ្លួន ហើយត្រូវឲ្យប្រាកដថា មានការចំណាយជាសាធារណៈគ្រប់គ្រាន់លើវិស័យអប់រំ ជាឧទាហរណ៍ ការលុបបំបាត់បញ្ហាជាច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការប្រមូលប្រាក់ចំណូលដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា។

តើលោកស្រីអាចចែករំលែកទស្សនវិស័យអំពីសេដ្ឋកិច្ចកម្ពុជា និងការផ្ដល់អនុសាសន៍ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះបានទេ?

យើងជឿជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងក្នុងជំហានមួយដ៏លឿនបំផុត អ្នកដឹងទេ កំណើន ៧ ភាគរយក្នុងមួយឆ្នាំគឺជាតួលេខដ៏រឹងមាំ។ យើងជឿជាក់ផងដែរថា ដំណើរឆ្ពោះទៅរកបដិដុលា្លរនីយកម្មនឹងត្រូវការពេលវេលាប៉ុន្តែអ្នកដឹងពីផ្លូវដែលត្រូវទៅ។ យើងជឿជាក់ថា កម្ពុជានឹងជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។

អនុសាសន៍របស់យើងគឺមានពីរ មួយគឺកែលម្អផលិតភាពតាមរយៈការវិនិយោគទៅលើវិស័យសុខាភិបាល និងវិស័យអប់រំ និងអភិបាលកិច្ចល្អ អនុសាសន៍ទីពីរគឺធ្វើឲ្យប្រាកដថា ទីផ្សារហិរញ្ញវត្ថុមានស្ថិរភាព រឹងមាំ និងគ្រប់គ្រងបានល្អ ដូច្នោះវានឹងមិនឡើងកម្ដៅ ហើយមិនបង្កឲ្យមានវិបត្តិឥណទានប្រភេទណាមួយដែលអាចជាឧបសគ្គ ដល់ការអភិវឌ្ឍទេ។

ដូច្នេះវាជាតុល្យភាពមួយដ៏ល្អ និងវាងវៃរវាងបទប្បញ្ញត្តិត្រឹមត្រូវ រឹងមាំដែលអាចបត់បែនបានគ្រប់គ្រាន់ ការត្រួតពិនិត្យខ្លាំងក្លា និងវិស័យហិរញ្ញវត្ថុ ដែលនេះគឺពិតជាល្អសម្រាប់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច៕PB

ប្រភពៈ ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី៤ ធ្នូ ២០១៣

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់