កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​វិធី​សាស្រ្ត​បែង​ចែក​ និង​អនុវត្ត​ផែនការ​សកម្មភាព​និង​ថវិកា​របស់​រដ្ឋបាល​ខេត្ត​ ក្រុង​ ស្រុក​

ព្រះវិហារ ២៨ មករា ២០១៤៖ ដើម្បីណែនាំ និងបែងចែកផែនការសកម្មភាពនិងថវិកាដល់ រដ្ឋបាលខេត្ត ក្រុង ស្រុក នៅសាលាខេត្ត ព្រះវិហារ កាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ…

ព្រះវិហារ ២៨ មករា ២០១៤៖ ដើម្បីណែនាំ និងបែងចែកផែនការសកម្មភាពនិងថវិកាដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៅសាលា ខេត្ត ព្រះវិហារ កាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគោលការណ៍ណែនាំ និងវិធីសាស្ត្រ បែងចែកថវិកាប្រតិបត្តិការសម្រាប់រៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក សម្រាប់ឆ្នាំ២០១៤។

 

កិច្ចប្រជុំនេះអញ្ជើញជាអធិបតីភាព សម្របសម្រួលដោយលោក ខូយ ឃុនហ៊ នាយករដ្ឋបាលសាលាខេត្ត។ អញ្ជើញចូលរួមក្នុងអង្គ ពិធីមាន នាយក នាយករងទីចាត់ការទាំង៥ អង្គភាពលទ្ធកម្ម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក្រុង ស្រុក ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង/ស្រុក នាយករដ្ឋបាល ប្រធាន ការិយាល័យ ទាំងបី នៅថ្នាក់ ក្រុង/ស្រុកទីប្រឹក្សាខេត្ត ក្រុង ស្រុក មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាខេត្តក្រុង ស្រុក និងមន្ត្រីកិច្ចសន្យាថ្នាក់ខេត្ត ដែលមានចំនួនសរុប ១១៦នាក់ ស្រី៤៥នាក់។

 

លោក ខូយ ឃុនហ៊ បានមានមតិស្វាគមន៍ និងធ្វើបទបង្ហាញស្ដីពីការពង្រឹងការទទួលខុសត្រូវ និងភាពម្ចាស់ការរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិក្នុងការអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអំពីគោលការណ៍ វិធីសាស្ត្រសម្រាប់បែងចែកចំណាយប្រតិបត្តិការមួយចំនួនសម្រាប់ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ។

 

ក្នុងនោះដែរលោកស្រី នុត សាមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ក៏បានបង្ហាញតារាងបែងចែកថវិកាប្រតិបត្តិការ និង សកម្មភាពមួយចំនួន និងបន្តពិភាក្សាលើការរៀបចំ និងទទួលខុសត្រូវរបស់ទីចាត់ការ និងក្រុង ស្រុកនីមួយៗ។ 

 

ដោយឡែក ថវិកាដែលបានយកមកពិភាក្សាបែងចែកក្នុងពេលនោះរួមមាន៖ ថវិកាប្រតិបត្តិការសម្រាប់រដ្ឋបាលខេត្ត និងក្រុង ស្រុក ទាំង៨មានចំនួន ៨០.២៥១ដុល្លារសហរដ្ឋអាមេរិក និងថវិកាគាំទ្រសកម្មភាពមានចំនួន ២២.៨១៣ដុល្លារសហរដ្ឋអាមេរិក សម្រាប់ គាំទ្រការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ការគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្ត ក្រុង ស្រុក និងសកម្មភាពជាក់លាក់។ ជារួមថវិកាសរុបទាំងអស់ដែលខេត្តព្រះវិហារទទួលបានតាមរយៈការបែងចែក ពីលេខាធិការដ្ឋាន គ.ជ.អ.ប មានចំនួន ១០៣.០៦៤ដុល្លារ។

 

នេះជាលើកទីមួយហើយ ដែលតាមរយៈការអនុវត្ត ផអ៣ នៅថ្នាក់ក្រោមជាតិ បានធ្វើការបែងចែកថវិកាប្រតិបត្តិការតាមបណ្តា ទីចាត់ការចំណុះសាលាខេត្ត និងរដ្ឋបាលក្រុងស្រុក ស្របតាមគោលការណ៍ពង្រឹងការទទួលខុសត្រូវ និងភាពម្ចាស់ការរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

រៀបចំដោយ៖ ម៉ុន ច័ន្ទម៉ូលី មន្ត្រីព័ត៌មានវិទ្យាខេត្តព្រះវិហារ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់