ការ​បញ្រ្ជាប​យេន​ឌ័រ​ និង​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី​ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​សង្គម​

ភ្នំពេញ ២៣ ធ្នូ ២០១៣៖”ការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីគឺជាធាតុផ្សំ គ្នាទៅវិញទៅមកដែលមិនអាចខ្វះ បានក្នុងបរិបទបច្ចុប្បន្នលើគ្រប់វិស័យ ក្នុងការឈានឆ្ពោះទៅរកសមត្ថភាពយេនឌ័រ”…

ភ្នំពេញ ២៣ ធ្នូ ២០១៣៖”ការបញ្រ្ជាបយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្រ្តីគឺជាធាតុផ្សំគ្នាទៅវិញទៅមក ដែលមិនអាច ខ្វះបានក្នុងបរិបទបច្ចុប្បន្នលើគ្រប់វិស័យ ក្នុងការឈានឆ្ពោះ ទៅរកសមត្ថភាពយេនឌ័រ” លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានមានប្រសាសន៍ ក្នុងសិក្ខាសាលា ប្រចាំឆ្នាំស្តីពី ការបញ្រ្ជាបយេនឌ័រនៅថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ។

 

 

 

 

 

 

ដើម្បីពិនិត្យឡើងវិញពីលទ្ធផលនៃការអនុវត្តការងារបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនៅថ្នាក់ក្រោមជាតិ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៤ ក្រសួងកិច្ចការនារី ដោយមានកិច្ចសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការបញ្រ្ចាបយេនឌ័រនៅថ្នាក់ក្រោមជាតិ ឡើងកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ។

 

សិក្ខាសាលាមានការអញ្ជើញជាអធិបតីភាពដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមានការចូលរួម ពីក្រុមការងារបញ្ជ្រាបយេនឌ័រ នៅថ្នាក់ក្រោមជាតិ នៃក្រសួង កិច្ចការនារី ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមការងារមកពីអនុកម្មវិធីនៃផែនការអនុវត្តរយៈពេលបីឆ្នាំ ២០១១-២០១៣ [ផអ៣] នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២0១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ   ក្រុមការងារទទួលបន្ទុកយេនឌ័រ នៃមន្ទីរ កិច្ចការនារីរាជធានី ខេត្តអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក)  រាជធានី ខេត្ត តំណាងគ្រូបង្គោលមន្ទីរកិច្ចការនារី នៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្រ្តីជាអ្នកដឹកនាំថ្នាក់ក្រោមជាតិ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ១២០រូប ក្នុងនោះមានស្រ្តី១០០ រូប។

 

លោកជំទាវ អ៊ឹង កន្ថាផាវី មានប្រសាសន៍បន្ថែមក្នុងសិក្ខាថា ការបញ្រ្ចាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីគឺជាកិច្ចការអន្តរវិស័យ ដែលទាមទារអោយគ្រប់ស្ថាប័ន អង្គភាព និងក្រសួងទាំងអស់ត្រូវផ្តល់ឱកាស សហការ និងគាំទ្រដល់ស្រ្តីអោយបានគ្រប់លំដាប់ថ្នាក់។ លោកជំទាវបញ្ជាក់បន្ថែមថា” ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ន យើងតម្រូវអោយមានការផ្តួចផ្តើមគំនិត ការរំលឹក ការជំរុញ និងតាមដាន ដើម្បីធានាថាកិច្ចការនេះ [ការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី] ពិតជាបានទទួលស្គាល់ និងទទួលខុសត្រូវពីគ្រប់បណ្តាអ្នកពាក់ព័ន្ធ”។

 

មកដល់ពេលបច្ចុប្បន្ននេះ លទ្ធផលជាសមាមាត្រដែលមានស្រ្តីជាថ្នាក់ដឹកនាំមានការកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ដោយនៅថ្នាក់ក្រោមជាតិមានតំណាងស្ត្រីក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ បានកើនឡើងជាលំដាប់ពី៨,៥% ក្នុងឆ្នាំ២០០២ បានកើនឡើងដល់១៥% ក្នុងឆ្នាំ២០០៧ និងបានកើនឡើងរហូតដល់១៧,៨% ក្នុងឆ្នាំ២០១២ ចំណែកតួលេខស្រ្តីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិក៏មានកើនឡើងផងដែរដោយក្នុងអាណត្តិមុនគឺអាណត្តិទី៤មានស្រ្តីជារដ្ឋលេខាធិការចំនួន១៦រូប តែមកដល់អាណត្តិទី៥នេះមានស្រ្តីដែលជារដ្ឋលេខាធិការរហូតដល់ចំនួន៣៦រូប។ 

បើទោះជាតួលេខស្រ្តីដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការកើនឡើងជាលំដាប់ក្តី ក្រសួងកិច្ចការនារីមើលឃើញ និងជួបបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តការងារដូចជា មន្រ្តីបង្គោលយេនឌ័រនៅតាមមន្ទីរ អង្គភាពថ្នាក់ខេត្តមានការផ្លាស់ប្តូរញឹកញាប់ ជនបង្គោលកិច្ចការនារីឃុំ សង្កាត់ មានប្រាក់ឧបត្ថម្ភតិច និងមានដំណើរការខ្លះមិនមានសមាសភាពពីស្ត្រីចូលរួមអោយបានផុសផុល។

 

ដោយមើលឃើញថាកន្លងមកនេះនៅមានបញ្ហាប្រឈមទាក់ទងនឹងស្ត្រី ដូច្នេះក្នុងសិក្ខាសាលាបញ្រ្ជាបយេនឌ័រនៅថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារីមានរៀបចំអោយអ្នកចូលរួមទាំងអស់ធ្វើការពិភាក្សាជាក្រុមលើប្រធានបទធំៗ៣ដែលមានដូចជា ការពិនិត្យលើយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ការគាំទ្រអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងការលើកកម្ពស់ការចូលរួមរបស់ស្រ្តីជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ ដើម្បីលើកទិសដៅអនុវត្តបន្តនៅឆ្នាំ២០១៤។

កិច្ចការដែលក្រសួងកិច្ចការនារីត្រូវលើកទិសដៅក្នុងឆ្នាំ២០១៤ខាងមុខគឺ បន្តការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការតាក់តែងគោលនយោបាយ លិខិតបទដ្ឋាននានា បន្តលើកកម្ពស់ និងគាំទ្រដល់ការចូលរួមយ៉ាងសកម្មដល់ស្ត្រីជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ បន្តការអនុវត្តសកម្មភាពបញ្រ្ជាបយេនឌ័រនៅថ្នាក់ក្រោមជាតិ របស់មន្ទីរកិច្ចការនារី និងបន្តអភិវឌ្ឍសមត្ថភាពរបស់អនុប្រធានអវិន្រ្តៃយ៍ ក្នុងការគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ។ ដោយ៖ ជួន ចាន់ណា មន្រ្តីព័ត៌មាន/ NCDDS.

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់