ក្រប​ខ័ណ្ឌ​ជំនួយ​២០១៤-២០១៦ បារាំង​សន្យា​អោយ​៣៥៩​លាន​ដុល្លា​រ​

ភ្នំពេញ ២៤ មករា ២០១៤៖ នៅក្នុងក្របខ័ណ្ឌឥណទានសម្បទាន របស់ទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍហៅកាត់ថា អាអេហ្វដេ (AFD) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍនៅកម្ពុជាឆ្នាំ២០១៤- ២០១៦ ប្រទេសបារាំងបានសន្យាថានឹងផ្តល់ទឹកប្រាក់ចំនួន៥៩លានដុល្លារ…

ភ្នំពេញ ២៤ មករា ២០១៤៖ នៅក្នុងក្របខ័ណ្ឌឥណទានសម្បទាន របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍហៅកាត់ថា អាអេហ្វដេ (AFD) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍនៅកម្ពុជាឆ្នាំ២០១៤-២០១៦ ប្រទេសបារាំងបានសន្យាថានឹងផ្តល់ទឹកប្រាក់ ចំនួន៥៩លានដុល្លារ អាមេរិកសម្រាប់ជួយដល់វិស័យធំៗចំនួន៣នៅកម្ពុជា នេះបើតាមការអោយដឹងពីមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

មន្រ្តីនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអោយដឹងថា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបពិភាក្សាការងារជាមួយលោក ហ្គេហ្រ្គូរីក្លេម៉ុងតេ (GrgoryClmente) ប្រធាននាយកដ្ឋានទទួលបន្ទុកក្នុងតំបន់អាស៊ីនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD អំពីក្របខ័ណ្ឌឥណទានសម្បទានរបស់ AFD សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នៅកម្ពុជាឆ្នាំ២០១៤-២០១៦ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

មន្រ្តីបានប្រាប់ទៀតថា ក្នុងចំណោមឥណទានចំនួន៥៩លានដុល្លារ ដែល AFD គ្រោងនឹងផ្តល់អោយគឺមានប្រាក់ជាហិរញ្ញប្បទានឥតសំណងប្រមាណ១៤លានដុល្លារ ឥណទានសម្បទានប្រមាណ១៦០លានដុល្លារ និងឥណទានគ្មានការធានាពីរដ្ឋប្រមាណ១៨០លានដុល្លារ។ ជំនួយនេះនឹងផ្តោតលើការអនុវត្តចំពោះវិស័យធំៗ ចំនួន៣គឺ វិស័យកសិកម្ម (ដំណាំកៅស៊ូ និងធារាសាស្រ្ត) វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវជនបទ) និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (ជំនាញទេសចរណ៍ និងជំនាញផ្សេងទៀត)។

 

ទន្ទឹមនឹងនេះ AFD គ្រោងនឹងផ្តល់ហិរញ្ញប្បទានចំនួន៣ប្រភេទទៀតរួមមាន៖ ឥណទានសម្បទានហិរញ្ញប្បទានឥតសំណង និងឥណទានគ្មានការធានាពីរដ្ឋសម្រាប់ក្រុមហ៊ុនរដ្ឋ និងវិស័យឯកជន។ មន្រ្តីដដែលបានប្រាប់បន្ថែមទៀតថា សម្រាប់ឆ្នាំ២០១៤ ឥណទានសម្បទានមានចំនួនប្រមាណ៧០លានដុល្លារសម្រាប់គាំទ្រដល់គម្រោងចំនួន៣ដែលក្នុងនោះរួមមាន៖ គម្រោងបង្កើតសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ គម្រោងចូលរួមសហការផ្តល់ហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ និងគម្រោងចូលរួមសហការផ្តល់ហិរញ្ញប្បទានជាមួយ ADB កែលម្អផ្លូវលំជនបទ។

ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា គម្រោងទាំង៣ខាងលើនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការដាក់អោយអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅ។ ឯកឧត្តមក៏បានកោតសរសើរផងដែរពីកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋបារាំង និងកម្ពុជា ហើយបានរំលឹកថាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០១៣នេះ តាមរយៈទីភ្នាក់ងារ AFD សធារណរដ្ឋបារាំងបានសន្យាផ្តល់ហិរញ្ញប្បទានឥណសំណង ឥណទានគ្មានការធានាពីរដ្ឋចំពោះក្រុមហ៊ុនរដ្ឋ ឥណទានសម្រាប់វិស័យឯកជន និងឥណទានសម្បទានជាច្រើនរយលានដុល្លាររក្នុងការចូលរួមអនុវត្តគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា។

 

តំណាងកម្ពុជា និងបារាំងបានប្តេជ្ញាបន្តខិតខំពង្រឹង និងពង្រីកបន្តទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២អោយកាន់តែជ្រាលជ្រៅថែមទៀត ដោយផ្តោតលើវិស័យដែលអាទិភាពផ្សេងៗទៀត ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

 

អត្ថបទដកស្រង់ចេញពីការសែតរស្មីកម្ពុជា ឆ្នាំទី២២ លេខ៦៣២៧ ចេញថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។

រូបភាពដកស្រង់ចេញពីគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់