កសិករ​ស្រុក​ទ្រំាង​​ ធ្វើ​​ស្រែ​មួយ​ឆ្នាំ​បួន​ដង​ បាន​ប្រាក់​ចំណេញ​១០​លាន​រៀល​

ភ្នំពេញ ៣១ ធ្នូ ២០១៣៖ ទ្រាំងជាស្រុកមួយក្នុងចំណោមស្រុកទាំងដប់របស់ខេត្តតាកែវ សម្បូរដោយតំបន់វាលទំនាប និងមានទឹកខួបប្រាំង វស្សា ដែលធ្វើអោយអំណោយផល ដល់ការធ្វើស្រែបានគ្រប់រដូវ…

ភ្នំពេញ ៣១ ធ្នូ ២០១៣៖ ទ្រាំងជាស្រុកមួយក្នុងចំណោមស្រុកទាំងដប់របស់ខេត្តតាកែវ សម្បូរដោយតំបន់វាលទំនាប និងមានទឹកខួបប្រាំង វស្សា ដែលធ្វើអោយអំណោយផលដល់ការធ្វើស្រែបានគ្រប់រដូវ។ ពិសេសកសិករក្នុងស្រុកទ្រាំង មានលទ្ធភាពធ្វើស្រែបានចំនួនបួនដងក្នុងមួយឆ្នាំ ហើយទទួលបានទិន្នផលប្រាំមួយតោនក្នុងមួយហិកតាឯណោះ ទើបធ្វើអោយប្រជាកសិករនៅតំបន់នោះមានជីវភាពធូរធារជាលំដាប់។

 

គ្រប់រដូវកាល មិនថារដូវប្រាំង ឬរដូវវស្សាឡើយ ដីស្រែស្រុកទ្រាំង រាប់ហិកតាត្រូវបានកសិករធ្វើស្រែជាប់មិនសូវទំនេរទេ ដោយសារសម្បូរប្រភពទឹក ពិសេសមានបឹងធំៗ និងមានប្រឡាយខ្វាត់ខ្វែងដែលជាសរសៃឈាមសេដ្ឋកិច្ចមិនចេះខ្វះ ហើយមិន ព្រួយបារម្ភរឿងអត់ទឹកធ្វើកសិកម្មឡើយ។ កសិករមួយចំនួនបានផ្តល់បទសម្ភាសពីរបរធ្វើស្រែដែលអាចទទួលបានទិន្នផលល្អ ដែលជាក្តីសង្ឃឹមជួយដល់កម្រិតជីវភាពគ្រួសារ។

 

លោក ស្រី សាន អាយុ៥៥ឆ្នាំ ជាកសិកររស់នៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង បានមានប្រសាសន៍អោយដឹងថា ជាទូទៅប្រជាកសិករ រស់នៅឃុំទ្រាំងនេះមានទំហំដីស្រែមិនស្មើគ្នាទេ គ្រួសារខ្លះមានកន្លះហិកតា ហើយគ្រួសារខ្លះមានមួយហិកតា និងមានគ្រួសារខ្លះទៀតមានដីស្រែពីរ ទៅបីហិកតាក៏មាន។ ប្រជាកសិករភាគច្រើននិយមធ្វើស្រូវប្រភេទដើមទាបឈ្មោះអ៊ីអ៊ែរ និងស្រូវហាមួយ ដោយប្រភេទស្រូវនេះមិនចាំបាច់ស្ទូងដកឡើយ គឺគ្រាន់តែភ្ជួររាស់រួច ព្រោះតែម្តង។

 

តែរយៈពេលជិត៣ខែប៉ុណ្ណោះ ស្រូវនឹងចេញផ្លែទុំហើយមានកួរធំៗស្ទើរបាក់ដើម។ ក្រោយពីប្រមូលផលរួច ប្រជាកិសករនៅទីនោះ មិននៅទំនេរទេ គឺចាប់ផ្តើមធ្វើបន្តទៀត ដោយក្នុងមួយឆ្នាំធ្វើស្រូវបានបួនដង ហើយទទួលបានទិន្នផលពីប្រាំ ទៅប្រាំមួយតោន ក្នុងមួយហិកតាលើសពីតំបន់នានា។ ទន្ទឹមនឹងនោះ បន្ទាប់ពីប្រមូលស្រូវដាក់បាវរួច ប្រជាកសិករមិនដែលយកចូលផ្ទះទេ គឺមានឈ្មួញមកប្រមូលទិញដល់កន្លែង យកទៅលក់បន្តនៅប្រទេសវៀតណាម។ ដោយរក្សាស្រូវទុកខ្លះសម្រាប់ទទួលទាន ប្រាក់ដែលទទួលបានពីការលក់ស្រូវបន្ទាប់ពីគិតថ្លៃជី និងថ្នាំរួចរាល់គឺបានប្រាក់ចំណេញដប់លានរៀលក្នុងមួយឆ្នាំៗ។

 

លោក ស្រី សាន បានបង្ហាញពីបទពិសោធន៍ធ្វើស្រែដើម្បីអោយទទួលបានទិន្នផលខ្ពស់ថា ការធ្វើស្រែចាំបាច់ត្រូវថែទាំ គ្រប់ពេលវេលា ពិសេសពឹងលើការឧស្សាហ៍ព្យាយាម ប្រសិនបើធ្វេសប្រហែសវិញនោះនឹងមិនទទួលបានផលច្រើនឡើយ។ លោកក៏បានបន្ថែមថា ក្រៅពីការបញ្ចេញបញ្ជូលទឹកដាក់ស្រែ ទាមទារដាក់ជី និងថ្នាំកម្ចាត់សត្វចង្រៃផ្សេងៗដូចជា ក្តាម ដង្កូវ មមាចត្នោត និងថ្នាំកម្ចាច់ស្មៅជាដើម។ ការប្រើជីគីមីលាយគ្នាគឺមានបីដំណាក់កាល គឺដំណាក់កាលទីមួយនៅពេលដើមស្រូវ កម្ពស់ប្រវែងចង្អុលដៃដើម្បីអោយស្រូវឆាប់បែកគុម្ព ប្រើលើកទីពីរនៅពេលស្រូវមូលដើម និងលើកទីបីនៅពេលស្រូវចេញដង្ហើម ទុកជាការស្រេច។

 

ចំណែកអ្នកស្រី សុខ សាន ជាកសិករនៅភូមិព្រៃឈើទាល ឃុំសង្រែ មានប្រសាសន៍ថាប្រជាកសិកររស់នៅឃុំសង្រែ ក្នុងមួយគ្រួសារមានដីស្រែទំហំត្រឹមតែកន្លះហិកតា ទៅមួយហិកតាប៉ុណ្ណោះ។ ចំពោះប្រភពទឹកវិញឃុំសង្រែទទួលបានពីបឹងតាកែវ ហើយពេលខ្លះក៏មានការខ្វះទឹកផងដែរ ហើយក្នុងមួយឆ្នាំធ្វើស្រែបានបួនដង ហើយទទួលបានទិន្នផលប្រាំតោនក្នុងមួយហិកតា ភាគច្រើនគឺលក់ទាំងអស់ទុកតិចតួចប៉ុណ្ណោះសម្រាប់ទទួលទាន។

 

អ្នកស្រីបន្តថា កសិករនៅឃុំសង្រែភាគច្រើននិយមធ្វើស្រូវហាមួយ ជាងស្រូវអ៊ីអ៊ែរដោយសារស្រូវអ៊ីអ៊ែរមានដើមទាបដែលអាច ធ្វើអោយទឹកលិចបាន ដោយសារដីស្រែភាគច្រើនមានជម្រៅជ្រៅ។ 

 

ក្រៅពីមានជីវភាពធូរធារដោយរបរកសិកម្ម មានប្រជាកសិករខ្លះអាចមានលទ្ធភាពបង់ថ្លៃសាលាដើម្បីអោយកូន បន្តការសិក្សាថ្នាក់ មហាវិទ្យាល័យទៀតផង។ បើទោះជាយ៉ាងណាក៏ដោយអ្នកស្រីបានបន្ថែមថា បើទោះជាបានប្រាក់ចំណូលច្រើនពីការធ្វើស្រែក្តី តែប្រជាកសិករក៏ចំណាយច្រើនដែរលើការទិញជី ថ្នាំកម្ចាត់សត្វល្អិត ស្មៅ និងថ្លៃជួលគ្រឿងចក្រភ្ជួររាស់ ច្រូតកាត់ និងបោកបែនជាដើម។ 

លោក សូរ ផាត កសិកររស់នៅភូមិក្រាំងដី ឃុំធ្លក បានអោយដឹងដែរថាពីមុនកសិករនៅតំបន់នេះ ធ្វើស្រែមិនសូវបានទិន្នផលច្រើនទេ ដោយសារកង្វះបច្ចេកទេស ហើយសម្ភារៈក៏នៅមានលក្ខណៈបុរាណផងដែរដូចជា នង្គ័ល រនាស់ ហើយភ្ជួររាស់ដោយគោ ក្របី និងបញ្ជូលទឹកដោយប្រើរហាត់ ស្នាច និងយោងនៅឡើយ។ លុះមកដល់បច្ចុប្បន្ននេះវិញ គឺមានការជឿនលឿនជាងមុន គឺប្រើគ្រឿងចក្រទាំងអស់តាំងពីច្រូតកាត់ និងបោកបែនជាដើម ហើយសូម្បីតែការបញ្ជូលទឹកដាក់ស្រែក៏ប្រើម៉ាស៊ីនបូមទឹកដែរ ហើយបច្ចេកទេសថែទាំក៏មានការចេះដឹងច្រើនជាងមុន ដែលអាចទទួលបានទិន្នផលទ្វេដងគឺពីមុនទទួល បានទិន្នផលត្រឹមតែ៣តោន ប៉ុណ្ណោះក្នុងមួយហិកតា តែពេលនេះទទួលបានទិន្នផលពីប្រាំ ទៅប្រាំមួយតោនក្នុងមួយហិកតា។

 

ដកស្រង់ចេញពីទស្សនាវដ្តី ប្រជាប្រិយ ចុះផ្សាយលេខ៦២៣ ថ្ងៃទី១-១០ ខែមករា ឆ្នាំ២០១៤។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់