កិច្ច​ប្រជុំ​វិសាមញ្ញ​ក្រុមប្រឹក្សាខេត្ត​កណ្តាល​

កណ្តាល ២៧ កុម្ភៈ ២០១៤៖ ក្នុងការអនុម័តថវិកាក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងសកម្មភាពនៃការពង្រឹង ការសម្របសម្រួល និងការណែនាំអំពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍…

កណ្តាល ២៧ កុម្ភៈ ២០១៤៖ ក្នុងការអនុម័តថវិកាក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣)  នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងសកម្មភាពនៃការពង្រឹង ការសម្របសម្រួល និងការណែនាំអំពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍សមត្ថភាពរបស់ផអ៣ ដែលអង្គភាពទីចាត់ការផែនការ និងវិនិយោគក្រុង ស្រុក ខណ្ឌ មន្ទីរកិច្ចការនារី ទីចាត់ការរដ្ឋបាល ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការហិរញ្ញវត្ថុ មន្ទីរផែនការ ដែលមានថវិកាសរុបចំនួន ៤១៨.១០៥ ដុល្លារ សម្រាប់អនុវត្តសកម្មភាពនៅឆ្នាំ២០១៤ ត្រូវបានក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំវិសាមញ្ញដើម្បីអនុម័តថវិកាទាំងនោះ នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល។

កិច្ចប្រជុំបានពិភាក្សា និងអនុម័តផែនការសកម្មភាព និង ថវិការបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និង កុមារខេត្តសម្រាប់បំពេញការងារស្នូលក្នុងឆ្នាំ ២០១៤  ដែលមានទឹកប្រាក់ចំនួន ២០ លានរៀល ជាថវិការដ្ឋបាលខេត្ត និង ១.១៨០ ដុល្លារ ជាថវិកា ផអ៣ ។

 

នៅក្នុងកិច្ចប្រជុំនេះដែរក៏មានរបៀបវារៈពិនិត្យពិភាក្សា និង អនុម័តសេចក្ដីព្រាងរបាយការណ៍ស្ដីពីការប៉ាន់ប្រមាណតម្រូវការសមត្ថភាពស្ថាប័ន និងផែនការអភិវឌ្ឍន៍ស្ថាប័នរបស់រដ្ឋបាលខេត្តកណ្ដាលផងដែរ។

 

ការប៉ាន់ប្រមាណនេះគឺធ្វើឡើងសម្រាប់តែរដ្ឋបាលខេត្តក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃដោយមិនបានធ្វើការប៉ាន់ប្រមាណតម្រូវការ អភិវឌ្ឍន៍សមត្ថភាពមន្រ្តីទូទៅនៃមន្ទីរជំនាញនានាជុំវិញខេត្តដែលជាខ្សែបណ្ដោយក្រសួងផ្សេងឡើយ ។  

 

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានបញ្ជាក់ថា ការអភិវឌ្ឍស្ថាប័នគឺជាកិច្ចការសំខាន់ក្នុងការរួមចំណែកជំរុញកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវអណត្តិរបស់ខ្លួន ផ្ដោតសំខាន់លើក្រុមគោលដៅ ដែលមានក្រុមប្រឹក្សា គណៈអភិបាល នាយក នាយករង រដ្ឋបាល នាយករងទីចាត់ការទាំង៥ និងមន្រ្ដីរដ្ឋបាលខេត្ត ក្រុង ស្រុក ។

 

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានសំណូមពរដល់អង្គភាពពាក់ព័ន្ធ ពិសេសគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ ខេត្តត្រូវខិតខំជំរុញការអនុវត្តសកម្មភាពដែលបានលើកឡើងក្នុងផែនការឆ្នាំ២០១៤ នេះឲ្យទទួលបានលទ្ធផលល្អ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់កែលំអស្ថានភាពស្រ្ដី និងកុមារទូទាំងខេត្តកណ្តាល ។

រូបថតដោយ៖ ចំរើន/អត្ថបទដោយ៖ សុខ សៅវរៈ

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់