លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) ដោយមានគាំទ្រពីគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (អ៊ីយូដា) ដែលអនុវត្តដោយ GIZ បានរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាស្រ្តីទូទាំងប្រទេសដែលនឹងគ្រប់ដណ្តប់ទៅលើតំបន់ចំនួន៦ ដែលមាន ក្រុមប្រឹក្សាជាស្រ្តីចំនួន ៤៤៥នាក់ នៅថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតទៅលើការកសាងបណ្តាញរវាងសមាជិកក្រុមប្រឹក្សាជាស្ត្រីដែលមកពីខេត្តផ្សេងៗគ្នា ដើម្បីឱ្យពួកគាត់មានឱកាសចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកក្នុងនាមជាតំណាងប្រជាពលរដ្ឋដែលបានជាប់ឆ្នោត ព្រមទាំងផ្តល់ឧបករណ៍ជាក់លាក់មួយចំនួន ដើម្បីរកដំណោះស្រាយក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយការឆ្លើយតបទៅ។ ដោយសារចំនួនក្រុមប្រឹក្សាមានច្រើន វគ្គបណ្តុះបណ្តាលបានបែងចែកជាប្រាំមួយតំបន់ដូចខាងក្រោម៖
- តំបន់ទី១៖ ខេត្តសៀមរាប សិក្ខាសាលាធ្វើចាប់ពីថ្ងៃទី២៧ ដល់២៨ ខែមិនា ឆ្នាំ២០១៨
- តំបន់ទី២៖ ខេត្តពោធិ៍សាត់ សិក្ខាសាលាធ្វើចាប់ពីថ្ងៃទី០៣ ដល់០៤ ខែមេសា ឆ្នាំ២០១៨
- តំបន់ទី៣៖ខេត្ត ព្រះសីហនុ សិក្ខាសាលាធ្វើចាប់់ពីថ្ងៃទី២៤ ដល់២៥ ខែមេសា ឆ្នាំ២០១៨
- តំបន់ទី៤៖ ខេត្តក្រចេះ សិក្ខាសាលាធ្វើចាប់ពីថ្ងៃទី២៧ ដល់២៨ ខែមិនា ឆ្នាំ២០១៨
- តំបន់ទី៥៖ខេត្តកំពង់ចាម សិក្ខាសាលាធ្វើចាប់ពីថ្ងៃទី០៣ ដល់០៤ ខែមេសា ឆ្នាំ២០១៨
- តំបន់ទី៦៖រាជធានីភ្នំពេញ សិក្ខាសាលាធ្វើចាប់ពីថ្ងៃទី៩ ដល់១០ ខែឧសភា ឆ្នាំ២០១៨
វគ្គបណ្តុះបណ្តាលតំបន់ចំនួនពីរ ត្រូវបានរៀបចំឡើងរួចរាល់ហើយ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប និងក្រចេះ និងចំនួនពីរទៀត ត្រូវបានរៀបចំឡើងថ្មីៗនេះ នៅថ្ងៃទី០៣ និង០៤ ខែមេសាឆ្នាំ២០១៨ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះ ស្តីពីការពង្រឹងភាពអង់អាច និងបណ្តាញក្រុមប្រឹក្សាជាស្រ្តីនៅថ្នាក់ ខេត្ត ក្រុង ស្រុក ខណ្ឌ និងមានគោលបំណងដូចខាងក្រោម៖
- ចែករំលែកបទពិសោធន៍ក្នុងចំណោមក្រុមប្រឹក្សាជាប់ឆ្នោត
- បង្កើនការយល់ដឹងអំពីទស្សនទានរបស់មុខងារជាអាណត្តិទូទៅ និងទំនាក់ទំនងអន្តររដ្ឋបាល
- ពង្រឹងសមត្ថភាពក្នុងការសរសេរសំណើគម្រោង និងលើកយកបញ្ហានៅក្នុងកិច្ចប្រជុំ
- ពិភាក្សាអំពីរបៀបគាំទ្របណ្តាញក្រុមប្រឹក្សាជាស្រ្តីដើម្បីនិរន្តរភាព
- កំណត់អំពីភាពងាយស្រួល ការលំបាក និងផែនការរបស់ គ.ជ.អ.ប ក្នុងការកំណត់តម្រូវការ ដើម្បីអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាជាស្ត្រី
វគ្គបណ្តុះបណ្តាលតាមតំបន់នីមួយៗ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាស្រ្តីមកខេត្តផ្សេងៗគ្នាដូចខាងក្រោម៖
- តំបន់សៀមរាប មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាស្ត្រីមកពីខេត្តព្រះវិហារខេត្តឧត្តរមាជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ
- តំបន់ក្រចេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាស្ត្រីមកពីខេត្តរតនៈគឺរីខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ
- តំបន់ពោធិ៍សាត់ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាស្រី្តមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់
- តំបន់កំពង់ចាមវិញ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាស្ត្រី មកពីខេត្តព្រៃវែង ខេត្តស្វាយរៀង និង ខេត្តកំពង់ចាម។
អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងបួនសរុបមានចំនួន៣៥៦នាក់ រួមទាំងតំណាងមកពីលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី តំណាងសមាគមជាតិក្រុមប្រឹក្សារាធានី ខេត្ត និងអ្នកសម្របសម្រួលពីអង្គការសង្គមស៊ីវិល។
ជាលទ្ធផល អ្នកចូលរួមបានជជែកពិភាក្សាគ្នាយ៉ាងផុសផុលទាក់ទងនឹងតួនាទី និងភារៈកិច្ចក្នុងនាមក្រុមប្រឹក្សាជាស្ត្រី។ លើសពីនេះទៀត ពួកគេក៏បានចែករំលែកបទពិសោធន៍ទាក់ទងនឹងការលើកបញ្ហាដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាផងដែរ ដើម្បើឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
អ៊ីយូដា ផ្តល់ថវិកាដោយក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍនៅសហព័ន្ធអាល្លឺម៉ង់ (BMZ) ដោយមានការសហការផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (https://eeas.europa.eu/delegations/cambodia_en) និង អនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។