រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ឋាន គ. ជ.អ.ប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR) បានដឹកនាំកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការគ្រប់គ្រងគម្រោង EU-DAR នេះ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានសមាសភាពចូលរួមដូចជា៖ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងមុខងារសាធារណៈ តំណាងអភិបាលខេត្តកណ្តាល តំណាងអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប និងតំណាងដៃគូអភិវឌ្ឍ (សហភាពអឺរ៉ុប ស្ថានទូតអាល្លឺម៉ង អង្គការGIZ)។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំជារៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើលលើសមិទ្ធផលដែលគម្រោងសម្រេចបាន ក៏ដូចជាដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
តាមសុន្ទរកថាបើករបស់ ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់ជូននូវសមិទ្ធផល ដែលសម្រេចបានកន្លងមករួមមាន៖
(១). គាំទ្រដល់ការរៀបចំ និងការដាក់ឱ្យអនុវត្តសាកល្បងនូវឧបករណ៍ពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ដូចជាការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ដែលជាប្រធានបទសំខាន់មួយថ្មីនៅក្នុងក្របខ័ណ្ឌកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។
(២). នាំយកគោលនយោបាយលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងឧបករណ៍មួយចំនួន ដែលបានរៀបចំនៅថ្នាក់ជាតិយកទៅអនុវត្តសាកល្បងជាក់ស្តែងនៅតាមរដ្ឋបាលក្រុង ស្រុក គោលដៅនានា។ ការអនុវត្តសាកល្បងទាំងនោះបានផ្តល់ឱកាស និងមធ្យោបាយជាច្រើនដល់រដ្ឋបាលក្រុង ស្រុក គោលដៅ បានឆ្លើយតបទៅនឹងតម្រូវការសេវាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសបានពង្រឹងសមត្ថភាព និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាក្រុង ស្រុក លើការអនុវត្តមុខងារជាអាណត្តិទូទៅរបស់ខ្លួន និងការផ្តល់ សេវារដ្ឋបាលនានា តាមយន្តការច្រកចេញចូលតែមួយដោយបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក គោលដៅ អាចស្នើសុំកញ្ចប់ថវិកាពីគម្រោង EU-DAR សម្រាប់អនុវត្តមុខងារជាអាណត្តិទូទៅ ដូចជាការលើកកម្ពស់សុខភាព និងអនាម័យចំណីអាហារនៅតាមសាលាបឋមសិក្សា បញ្ហាសំរាម ការគាំទ្រសកម្មភាពការងារ មត្តេយ្យសិក្សាសហគមន៍ជាដើម។
(៣). បាននិងកំពុងរៀបចំចងក្រងនូវមេរៀន និងបទពិសោធន៍ល្អៗមួយចំនួន ដែលបានមកពីការរអនុវត្តសាកល្បងទាំងនោះ ជាពិសេសពាក់ព័ន្ធការអនុវត្តមុខងារជាអាណត្តិទូទៅសម្រាប់ផ្សព្វផ្សាយបន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀត និងសម្រាប់ផ្តល់ជាធាតុចូលដល់ការរៀបចំ ឬការកែសម្រួលគោលនយោបាយលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំនានា និងឧបករណ៍ថ្មីៗបន្ថែមទៀត។
ពាក់ព័ន្ធនឹងការអនុវត្តគម្រោង EU-DAR លេខាធិការដ្ឋាន គ.ជ.អ.ប ចង់ឃើញមុខងារដែលបានផ្ទេរមួយចំនួនដូចជា៖ មុខងារក្នុងវិស័យអប់រំ និងសុខាភិបាល ត្រូវបានអនុវត្តសាកល្បងនៅតាមស្រុកដៃគូរបស់គម្រោង EU-DAR ជាមុនសិន មុនពេលការអនុវត្តនេះ ត្រូវបានពង្រីកវិសាលភាពទៅបណ្តាក្រុង ស្រុក ផ្សេងៗទៀតទូទាំងប្រទេស ពីព្រោះការអនុវត្តដំណើរការនេះ នៅមានបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយភាគីដែលពាក់ព័ន្ធនានាបន្ថែម ដើម្បីធានាឱ្យមានការផ្ទេរជាជំហ៊ានៗប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
ការអនុវត្តគម្រោង EU-DAR មានរយៈពេលខ្លី គឺនឹងត្រូវបញ្ចប់ក្នុងរយៈពេល ៦ខែទៀត (គិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៨) ក្នុងពេលដែលត្រូវមានកិច្ចការសំខាន់ៗ និងចាំបាច់ៗជាច្រើនត្រូវអនុវត្តជាបន្តបន្ទាប់ ដើម្បីដកស្រង់ ឬ ប្រមូលមេរៀនបទពិសោធន៍សម្រាប់ផ្សព្វផ្សាយបន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀត។ ដូច្នេះលេខាធិការដ្ឋាន គ.ជ.អ.ប ស្នើសុំដល់តំណាងភាគីផ្តល់ជំនួយនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ BMZ និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលជាសហភាគីផ្តល់មូលនិធិដល់គម្រោង EU-DAR ពិចារណាលើការពន្យារពេលអនុវត្តគម្រោង EU-DAR ដើម្បីឱ្យកម្មវិធីនេះមានពេលវេលាសមល្មមក្នុងការបញ្ចប់កិច្ចការ ដែលនៅសេសសល់របស់ខ្លួន៕