អភិបាល​ខណ្ឌ​ដង្កោ​ ចុះ​ពិនិត្យ​ប្រឡាយ​ទឹក​នៅក្នុ​ងភូមិ​ស្រីស្នំ​ សង្កាត់​ព្រែក​កំពឹស​

ភ្នំពេញ ២១ មករា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យប្រឡាយទឹកមួយខ្សែ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ…

 

ភ្នំពេញ ២១ មករា ២០១៤៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យប្រឡាយទឹកមួយខ្សែ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋដែលបានសំណូមពរ ក្នុងវេទិកា សាធារណៈកន្លងមក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។

 

ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ព្រែកកំពឹសនាពេលកន្លងមក បានជួបបញ្ហាលំបាកដោយមិនមានការបើកទ្វារទឹក ដែលជាហេតុ បណ្តាលអោយមានការលិចលង់ដីស្រែរបស់ពួកគាត់ក្នុងពេលមានទឹកឡើងខ្លាំង ហើយពុំមានកន្លែងសម្រាប់រំដោះទឹកចេញពីដីស្រែ។ 

 

លោក នុត ពុធដារ៉ា ក្នុងឱកាសចុះពិនិត្យប្រឡាយទឹកដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋបានឲ្យដឹងថា៖ «ដោយសារការលើកឡើងរបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈអំពីទុក្ខលំបាក ដូច្នេះនៅថ្ងៃនេះអាជ្ញាធរបានចុះមកពិនិត្យលើលទ្ធភាពក្នុងការបើក ទ្វារទឹកមួយ សម្រាប់រំដោះទឹកជូនបងប្អូន ប្រជាពលរដ្ឋ ដោយបើកនៅរដូវវស្សា និងបិទនៅរដូវប្រាំង ដើម្បីកុំឲ្យមានទឹកលិចលង់»។ 

 

ដីស្រែរបស់ប្រជាពលរដ្ឋ ដែលរងការលិចលង់នៅរដូវវស្សាមានចំនួនប្រមាណ៥០ហិកតា ដែលមានប្រជាពលរដ្ឋជិត២០០គ្រួសារ។ 

 

លោកអភិបាលខណ្ឌក៏បានឲ្យដឹងដែរថា អាជ្ញាធរខណ្ឌនឹងលើកយកគម្រោងនេះទៅ សិក្សាបន្ថែមលម្អិតចំពោះការបើកទ្វារទឹកនេះ ហើយដោយសារចំណុចប្រឡាយនេះស្ថិតនៅព្រំប្រទល់រវាងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលផង យើងនឹងពិភាក្សា ជាមួយអាជ្ញាធរឃុំជើងកើបអំពីការងារនេះបន្ថែម ដើម្បីលើកគម្រោងស្ថាបនា ទ្វារទឹកនេះនៅពេលក្រោយ៕

 ដកស្រង់ចេញពីគេហទំព័រ សាលាក្រុងភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់