ពិធី​បិទវគ្គ​បណ្តុះបណ្តាល​មន្ត្រី​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ និង​ការិយាល័​យប្រជាពលរដ្ឋ​សម្រាប់​ក្រុង​គោល​ដៅ​ថ្មី​

កំពង់ចាម ១៩ កុម្ភៈ ២០១៤៖ វគ្គបណ្តុះបណ្តាលមន្ត្រីការិយាល័យច្រកចេញចូលតែមួយនិង ការិយាល័យប្រជាពលរដ្ឋសម្រាប់ក្រុង គោលដៅថ្មីដើម្បីផ្តល់នូវចំនេះដឹងអំពីនីតិវិធីដំណើរការ តួនាទី…

កំពង់ចាម ១៩ កុម្ភៈ ២០១៤៖ វគ្គបណ្តុះបណ្តាលមន្ត្រីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋសម្រាប់ក្រុង គោលដៅថ្មី ដើម្បីផ្តល់នូវចំនេះដឹងអំពីនីតិវិធីដំណើរការតួនាទី និងភារកិច្ចរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋដល់មន្ត្រីដែលទើបជ្រើសរើសថ្មីសម្រាប់បំពេញការងារនៅការិយាល័យទាំងពីរនេះ ត្រូវបានបិទបញ្ចប់នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៤។

 

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញជាអធិបតីភាព លោក ចាន់ សុធា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោល នយោបាយ និងជាប្រធានគម្រោងការិយាល័យច្រកចេញចូលតែមួយព្រមទាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គនាយក នៃ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងមានសមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះសរុបចំនួន ៨៤នាក់ ដែលរួម មានអភិបាល អភិបាលរងក្រុង ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីជួរមុខ និង មន្ត្រីជួរក្រោយនៃក្រុងគោលដៅថ្មីចំនួន០៤ គឺក្រុងស្វាយរៀង ក្រុងព្រៃវែង ក្រុងកំពង់ចាម និងក្រុងសិរីសោភ័ណ ។

 

ប្រធានបទសំខាន់ៗជាច្រើន ត្រូវបានយកមកបង្ហាញដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយគ្រូឧទ្ទេសដែលមានបទពិសោធន៍ នៅក្នុងការអនុវត្តការងារនេះ។ ប្រធានបទទាំងនោះរួមមាន ទស្សនទាននៃការផ្តល់សេវាសាធារណៈ នីតិវិធីនៃការអនុវត្តតួនាទី និង ភារកិច្ចរបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្រមសីលធម៌របស់មន្ត្រីរាជការនៃការិយាល័យច្រក ចេញចូលតែមួយ ការរៀបចំ និងអនុវត្តនៃទម្រង់ថ្មីនៃការពិគ្រោះយោបល់ និងការចូលរួមរបស់ប្រជាពលរដ្ឋ យុទ្ធនាការផ្សព្វផ្សាយ ព័ត៌មាន និងការសម្របសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ការិយាល័យប្រជាពលរដ្ឋ។

 

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះបន្ទាប់ពីឯកឧត្តម លី ឡេង អភិបាលរងខេត្តកំពង់ចាម បានឡើងមានមតិចាប់អារម្មណ៍អំពីការរៀបចំ វគ្គបណ្តុះបណ្តាលនេះរួចមក លោក ចាន់ សុធា បានថ្លែងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងស្តាប់នូវ បទបង្ហាញនានារយៈពេល៣ថ្ងៃកន្លងមក។ លោកបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានបង្ហាញថា សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងផុលផុសនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយមានការសាកសួរបញ្ជាក់នូវសំណួរយ៉ាងច្រើនដល់ គ្រូឧទ្ទេស ដែលញ៉ាំងឲ្យលទ្ធផលនៃការធ្វើតេស្តបញ្ចប់វគ្គទទួលបានលទ្ធផលខ្ពស់។

 

ជាមួយនេះ លោកបានបន្ថែមថា ថ្វីត្បិតតែវគ្គនេះទទួលលទ្ធផលល្អតាមការរំពឹងទុក លោកស្នើសុំឲ្យសិក្ខាកាមទាំងអស់បន្តស្វែងយល់ នូវកិច្ចការទាំងនេះបន្ថែមទៀតតាមរយៈស្វ័យសិក្សា ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងគ្នា និងដកស្រង់បទពិសោធន៍តាមរយៈ ការ អនុវត្តការងារផ្ទាល់របស់ខ្លួន។ លោកសង្ឃឹមជឿជាក់ថា ចំណេះដឹងទាំងនេះ គឺជាទុនដ៏មានតម្លៃសម្រាប់ឲ្យសិក្ខាកាមទាំងអស់ យក ទៅអនុវត្តការងាររបស់ខ្លួនឲ្យបានជោគជ័យនាពេលខាងមុខនេះ ហើយក្រសួងក៏កំពុងរៀបចំនូវវគ្គបណ្តុះបណ្តាលបច្ចេកទេស ទស្សន កិច្ចសិក្សា និងកម្មវិធីសិក្សាជួនដល់មន្ត្រីរបស់ការិយាល័យទាំងពីនេះបន្ថែមទៀត។

 

ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះក៏មានចែកនូវវិញ្ញបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រីទាំងអស់ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។ គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំរយៈពេលចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤។

ដកស្រង់ចេញពីគេហទំព័រ ការិយាល័យច្រកចេញចូលតែមួយ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់