គម្រោង “ពង្រឹង​ភាពធន់​ផ្នែក​សេដ្ឋកិច្ច​របស់​កម្មការិនី​រោងចក្រ​កាត់ដេរ​អំឡុង​ពេល​ជំងឺ​កូវីដ១៩” ត្រូវ​បាន​ផ្សព្វផ្សាយ និង​អនុវត្ត

រាជ​ធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១​កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការឃែរ (CARE) បានរៀបចំ​សិក្ខាសាលាផ្សព្វផ្សាយគម្រោង “ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់កម្មការិនីរោងចក្រកាត់ដេរអំឡុងពេលជំងឺកូវីដ១៩” ដោយ​មានការចូលរួមពី ឯកឧត្តម លោកជំទាវ​ លោក លោកស្រី តំណាងក្រសួងមហាផ្ទៃ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី លេខាធិការដ្ឋាន គ.ជ.អ.ប រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាល​សង្កាត់គោលដៅ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់​ (​GIZ) ទីភ្នាក់ងារសហប្រជាជាតិ (UN agencies) អង្គការសង្គមស៊ីវិល កម្មការិនីរោងចក្រកាត់ដេរ និងអ្នកពាក់ព័ន្ធនានា។

សូមជម្រាបថា អង្គការឃែរ បានទទួលការគាំទ្រថវិកាបន្ថែមទៀតពីអង្គការ GIZ ដើម្បីអនុវត្តគម្រោង​ពង្រឹងភាពធន់​ផ្នែកសេដ្ឋកិច្ច​ដល់កម្មការិនី​រោងចក្រកាត់ដេរ​ក្នុងអំឡុង​ពេល ការរីករាលដាល​ជំងឺកូវីដ១៩ រយៈពេល ៤ខែ នៅសង្កាត់ ខណ្ឌ ចំនួន​ ៩ ក្នុងគោលបំណងដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចដល់កម្មការិនីរោងចក្រកាត់ដេរដែលបាត់បង់ការងារដោយសារ ការព្យួរ និង​បិទ​រោងចក្រកាត់ដេរក្នុងអំឡុងពេលមានវិបត្តិកូវិដ១៩ ដោយអនុវត្តផ្តោតលើសកម្មភាពចំនួន៣គឺ៖ (១). ជ្រើសរើស និងបណ្តុះបណ្តាលជំនាញទន់អំពី ភាពធន់ផ្នែកសេដ្ឋកិច្ច ដល់មិត្តអប់រំមិត្ត (២). គាំទ្រ​ក្រុមមិត្ត​អប់រំមិត្តធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅកាន់កម្មការនី២០០០ក្នុងសហគមន៍ និង​(៣). គាំទ្រកញ្ចប់ថវិកាដល់ការផ្តួចផ្តើមអនុវត្តភាពធន់ផ្នែកសេដ្ឋកិច្ចដល់កម្មការនីចំនួន១០០០នាក់។

សូមរំលឹកថា​ចាប់ពីខែមីនាឆ្នាំ២០២០មក បញ្ហាការរីករាលដាលនៃជំងឺកូវីដ បានជះឥទ្ធិពលជាអវិជ្ជមាន ដល់រោងចក្រកាត់ដេរនិងកម្មករកម្មការិនីកាត់ដេរជាច្រើន។ គិត​ត្រឹម​ខែកក្កដា​ក្នុង​ឆ្នាំ២០២០​រោងចក្រកាត់ដេរជាង២៥០រោងចក្រ បានដាក់សេចក្តីជូនដំណឹងដើម្បីផ្អាកប្រតិបត្តិការ ដែលប៉ះពាល់ដូចជា៖

  • ប្រាក់ចំណូល និងការងាររបស់កម្មករកម្មការិនីជាង១៥០.០០០នាក់។
  • សកម្មភាពគម្រោងរបស់អង្គការឃែរមួយចំនួនធំដែលកំពុងធ្វើការជាមួយរោងចក្រកាត់ដេរត្រូវបានផ្អាកបណ្តោះអាសន្ន (ពន្យាពេល) និងធ្វើការពិនិត្យកែប្រែសកម្មភាពមួយចំនួនដោយមាន ការពិភាក្សា។
  • អនុមតិពីម្ចាស់ជំនួយដោយបង្វែរសកម្មភាពមួយចំនួនរបស់គម្រោង ងាកមកបន្តគាំទ្រកម្មការិនី កាត់ដេរដែលបានបាត់បង់ការងារ និងកំពុងរស់នៅក្នុងសហគមន៍ ក្នុងទីក្រុងភ្នំពេញ ផ្តោតលើ ការលើកម្ពស់អនាម័យ ការទប់ស្កាត់អំពើហិង្សា និងជំងឺកូវីដ១៩។
  • បញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ករភាពតានតឹងយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុ ពិសេស កម្មការិនី ដែលត្រូវបានគេបញ្ឈប់ ឬបាត់បង់ការងារ។

ហេតុដូច្នេះ​ហើយ ទើប​អង្គការឃែរបានរៀបចំគម្រោងសំណើសុំថវិកា និងទទួលបានការឆ្លើយតបជាវិជ្ជមានពីម្ចាស់ជំនួយ GIZ ដើម្បីគាំទ្រដល់កម្មការិនីកាត់ដេរដែលបានបាត់បង់ការងារ និង​កំពុង​រស់​នៅក្នុងសហគមន៍ ក្នុងទីក្រុងភ្នំពេញ ដើម្បីពង្រឹងភាពធន់(ភាពស៊ាំ) ផ្នែកសេដ្ឋកិច្ចរបស់កម្មការិនីកាត់ដេរដែលបាត់បង់ ការងារដោយការព្យួរបណ្តោះអាសន្ន និងបិទរោងចក្រកាត់ដេរ ក្នុងខណ្ឌចំនួន៩ ក្នុងរាជធានីភ្នំពេញ។

មិនត្រឹមតែអនុវត្តក្នុងគម្រោងនេះទេ តែអង្គការឃែរមានគម្រោងជាច្រើនផ្សេងៗទៀតដែលបាននិង កំពុងអនុត្តក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលប៉ះពាល់ពីជំងឺកូវីដ១៩ តាមរយៈ​ការអប់រំផ្សព្វផ្សាយ​និង​ចែកចាយឧបករណ៍ការពារខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

អង្គការឃែរបានធ្វើការពិភាក្សាសុំយោបល់ពី លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រោយទទួលបានការឆ្លើយតបជាវិជ្ជមានពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ)ប្រចាំប្រទេស​កម្ពុជា​ដើម្បីកំណត់រកយន្តការសហការអនុវត្តគម្រោងកម្មវិធីនេះអោយបានលឿន និងឆ្លើតតបទាន់តាម តម្រូវការរបស់កម្មការិនីដែលកំពុងត្រូវការជំនួយរួមមាន ចំណេះដឹង និងធនធានថវិកា ក្នុងការស្ដារស្ថានភាពជីវភាពរបស់ពួកគេឱ្យបានប្រសើឡើង ក្នុងស្ថានភាពដ៏លំបាកនេះ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់