សិក្ខា​សាលា​ជាតិ​ ស្តីពី​ការ​រៀបចំ​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ​២០១៤​

ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៣៖ ដើម្បីពិភាក្សាអំពីការវិភាជន៍ថវិកាសម្រាប់ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប និងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៣ ព្រមទាំងលទ្ធផលរំពឹងទុក…

ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៣៖ ដើម្បីពិភាក្សាអំពីការវិភាជន៍ថវិកាសម្រាប់ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ គ.ជ.អ.ប និងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៣ ព្រមទាំងលទ្ធផលរំពឹងទុក និងផែនការសកម្មភាពគ្រោងសម្រាប់អនុវត្ត ក្នុងឆ្នាំ២០១៤ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៤ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅក្រសួងមហាផ្ទៃ។

 

សិក្ខាសាលានេះមានការអញ្ជើញជាធិបតីភាពបើកដោយ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងក្រោម អធិបតីភាពរបស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតី ចូលរួមក្នុងកម្មវិធីបិទ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ អង្គការ មិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៤០០ នាក់។

គោលបំណងសំខាន់ៗរបស់សិក្ខាសាលាគឺ ដើម្បីឆ្លុះបញ្ចាំងនូវ វឌ្ឍនភាពនិងបញ្ហាប្រឈមនានានៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ របស់គ.ជ.អ.ប ព្រមទាំងមានការ បង្ហាញពីសេចក្តីព្រាងការវិភាជន៍មូលនិធិដល់ស្ថាប័នអនុវត្ត អនុកម្មវិធី និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០១៤ និងពិនិត្យ ពិភាក្សា និងឯកភាពលើសេចក្តីសម្រេចព្រាងលទ្ធផល សកម្មភាព និងវិធានការនានាដែលត្រូវផ្តោតការយកចិត្តទុកដាក់ ដោយអនុកម្មវិធី និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការអនុវត្ត ក្នុងឆ្នាំ២០១៤។

 

ក្នុងសិក្ខាសាលានេះមានការបង្ហាញពីឯកសារពន្យារពេលផអ៣ ឆ្នាំ២០១៤ ការវិភាជន៍ថវិកាសម្រាប់ផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៤ របស់គ.ជ.អ.ប ដោយឯកឧត្តមង៉ាន់ ចំរើន អនុប្រធាន ប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមានការបង្ហាញ ពីការវិភាជន៍ថវិកាទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់   ឆ្នាំ២០១៤ ពីឯកឧត្តម កែវ បេងវឌ្ឍន៍ អគ្គនាយកនៃអគ្គនាយក ដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការបង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងឆ្នាំ២០១៣ និងលទ្ធផលរំពឹងទុក និងសកម្មភាពគ្រោងក្នុង ឆ្នាំ២០១៤ ដោយមានតំណាងពីអនុកម្មវិធីនានា និងក្រសួងកិច្ចការនារី។

ឯកឧត្តមពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថាការធ្វើបទបង្ហាញពីលេខាធិការដ្ឋាន គ.ជ.អ.ប ពីអនុកម្មវិធីនានា ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាមូលដ្ឋានសម្រាប់អង្គសិក្ខាសាលាធ្វើការពិនិត្យ ពិភាក្សា និងស្វែងរកការឯកភាពគ្នាក្នុងការរៀបចំ ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៤ របស់គ.ជ.អ.ប ប្រកបដោយភាពប្រាកដប្រជា សំដៅបន្តពង្រឹងភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផល រំពឹងទុកនានាដែលបានកំណត់នៅក្នុងឯកសារពន្យារពេលផង៣។ 

ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមាសធាតុដ៏សំខាន់មួយនៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហើយក៏ជាគោលបំណងដ៏ចម្បងមួយនៃផអ៣ ព្រមទាំងជាលទ្ធផល រំពឹងទុកដែលមានលក្ខណៈជាយុទ្ធសាស្រ្តមួយដែលត្រូវសម្រេចអោយបាននៅក្នុងរយៈពេលនៃការពន្យាពេលផអ៣ក្នុងឆ្នាំ២០១៤ ខាងមុននេះ។

 ឯកឧត្តម ពេជ្រ ប៊ុនធិន មានប្រសាសន៍បន្ថែមក្នុងសិក្ខាសាលាថា “ក្រសួងមុខងារសាធារណៈនឹងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលក្នុងការអនុវត្តនូវសកម្មភាពនានា ដើម្បីធានាដល់ការសម្រេច បាននូវលទ្ធផលរំពឹងទុកដែលបានកំណត់នៅក្នុងឯកសារពន្យាពេលផអ៣ ក៏ដូចជាបានឯកភាពគ្នានៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៤ របស់ គ.ជ.អ.ប” ៕

រូបភាពខាងក្រោមបង្ហាញពីកិច្ចពិភាក្សាជាក្រុម។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់