សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

ស្វាយរៀង ២៦ កុម្ភៈ ២០១៤៖សាលាខេត្តស្វាយរៀង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី១ឆ្នាំ២០០៩-២០១៤ ដើម្បីបូកសរុបលទ្ធផលការងារ…

ស្វាយរៀង ២៦ កុម្ភៈ ២០១៤៖ សាលាខេត្តស្វាយរៀង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាខេត្ត ស្វាយរៀង អាណត្តិទី១ឆ្នាំ២០០៩-២០១៤ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៣ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០១៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យស្វាយរៀង។

ក្នុងសន្និបាតនោះ មានការអញ្ជើញជាអធិបតេយ ឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកជាប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ដ្រីរាជការអង្គភាពនានាជុំវិញខេត្ត ក្រុង ស្រុក កងកំលាំងប្រដាប់អាវុធគ្រប់ផ្នែក និងមេឃុំ ចៅសង្កាត់ នគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង៨០នៅក្នុងទូទាំងខេត្តស្វាយរៀង។

 

របាយការណ៍ចំនួន៣ដោយឡែកពីគ្នាត្រូវបានរាយការណ៍ ក្នុងនោះរួមមានរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សា ខេត្តឆ្នាំ២០០៩-២០១៤ របាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៣ និងទិសដៅអនុវត្តបន្ដឆ្នាំ២០១៤ និងរបាយការណ៍បូកសរុប លទ្ធផលការងារប្រឡងប្រណាំងគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រចាំឆ្នាំ២០១៣ និងទិសដៅអនុវត្តបន្ដឆ្នាំ២០១៤ និងទិសដៅ របាយការណ៍របស់មន្ទីរអង្គភាពក្រុង ស្រុក ការងារជំរុញការងារផលិតកម្មដំណាំស្រូវតាមលក្ខណៈបច្ចេកទេស និងដំណាំកសិ ឧស្សាហកម្មឃុំ សង្កាត់ ការងារប្រព័ន្ធធារាសាស្ដ្រ និងការប្រើប្រាស់ទឹក ការលើកកម្ពស់ និងការបញ្ជ្រាបយេឌ័រ តួនាទី និងថវិការបស់ រដ្ឋបាលស្រុក ការអនុវត្តបទបញ្ជាការងារអត្រានុកូលដ្ឋាន និងការផ្ដល់អត្តសញ្ញាណប័ណ្ណ ព្រមទាំងការងារអនុវត្តមូលនិធិឃុំ សង្កាត់ និងគោលនយោបាយវិមជ្ឍការ វិសហមជ្ឍការរបស់ក្រុមប្រឹក្សាឃុំសង្កាត់។

 

ទោះបីជាយ៉ាងណាខេត្តស្វាយរៀង ក៏បានជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗជាច្រើនរួមមាន គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ជាញឹកញាប់បណ្ដាលអោយមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិ សាធារណៈ ជាច្រើន ការផ្ដល់សេវាផ្សេងៗនៅពុំទាន់បានល្អជូនដល់ប្រជាពលរដ្ឋដោយសារមន្ដ្រីមួយចំនួនតូចប្រព្រឹត្តអំពើពុករលួយ បទល្មើស ផ្សេងៗកើតមានឡើងនៅមូលដ្ឋាន ការខ្វះភ្លើងប្រើប្រាស់នៅមូលដ្ឋានមួយចំនួន និងមានតំលៃខ្ពស់ ផ្លូវប្រឡាយនៅមិនទាន់គ្រប់គ្រាន់ និងខ្វះគុណភាព ប្រជាពលរដ្ឋតំបន់មួយចំនួនជួបកង្វះទឹកធ្វើស្រែប្រាំង និងស្រែប្រដេញទឹក និងឃុំ សង្កាត់មួយចំនួនខ្វះអគារ រដ្ឋបាលសំរាប់ធ្វើការជាដើម៕

 ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់