អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ផ្សព្វផ្សាយ​ប្រកាស​អន្តរ​ក្រសួង​ ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ២៤ មករា ២០១៤៖ ប្រកាសរបស់អន្តរក្រសួងលេខ៣៨៥៦ ស្តីពីការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

ភ្នំពេញ ២៤ មករា ២០១៤៖ ប្រកាសរបស់អន្តរក្រសួងលេខ៣៨៥៦ ស្តីពីការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តុម អូន ព័ន្ធមុនីរ័ត្ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយ ជាសាធារណៈតាមគេហទំព័រផ្លូវការរបស់ខ្លួន។ 

 

សេវារដ្ឋបាល ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមសាលាខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ រហូតដល់តាមឃុំ និងសង្កាត់ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋបាល ដែលមានរាយលម្អិតអំពីតម្លៃសេវា រយៈពេលនៃការផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទ សេវារដ្ឋបាលនីមួយៗ ដូចជា ការបញ្ជាក់លើឯកសារថតចម្លង ការងារវិនិយោគ សំបុត្របញ្ជាក់កំណើត និងលិខិតបញ្ជាក់ទីលំនៅ ជាដើម។

 

ប្រកាសអន្តរក្រសួង ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ មាន១១ ប្រការ។ ជាសេចក្តីសម្រេច អនុញ្ញាតឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្ត រាជធានី ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ អនុវត្តការ ប្រមូលចំណូលពីកម្រៃសេវារដ្ឋបាលរបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ប្រកាសរួម ដែលអង្គភាពប្រឆាំងអំពើពុករលួយ ទើបតែបានផ្សព្វផ្សាយ ក៏បានតម្រូវឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និង រដ្ឋបាលឃុំសង្កាត់ ត្រូវបិទផ្សាយជាសាធារណៈ លើក្តារព័ត៌មាន នៅកន្លែងផ្តល់សេវារដ្ឋបាល អំពីតារាងកម្រងសេវារដ្ឋបាល ទម្រង់ ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវារដ្ឋបាល ពាក់ព័ន្ធនឹងការប្រមូលចំណូល។

 

ប្រកាសអន្តរក្រសួង ក៏បានកំណត់ឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ត្រូវរៀបចំបង្កើតឲ្យមានប្រព័ន្ធតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយភាពមិនប្រក្រតី ក្នុងការផ្តល់សេវារដ្ឋបាល នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះ រាល់ការ ប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត។

 

រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងឃុំសង្កាត់ ក៏ត្រូវរៀបចំឲ្យមានយន្តការ នៃការផ្តល់សេវារដ្ឋបាល នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន តាមលក្ខណៈជាច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនប្រជាពលរដ្ឋ និងធុរជនឲ្យបានទាន់ពេលវេលាតាម ការកំណត់។

 

ភ្ជាប់នឹងប្រកាសអន្តរក្រសួង ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី ការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មានតារាងឧបសម្ព័ន្ធ ចំនួន ២៤ទំព័រ។ តារាងឧបសម្ព័ន្ធទាំងនោះ បានកំណត់ពីប្រភេទនៃការបញ្ជាក់លើឯកសារថតចម្លង និងលិខិតបញ្ជាក់អាជីវកម្ម រួមទាំងតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព។

 

ដោយអះអាងថា ការកំណត់តម្លៃ និងពេលវេលាផ្តល់សេវារដ្ឋបាល នៅសាលាខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ជាការចង់បានយូរមកហើយរបស់សង្គមស៊ីវិល និងមហាជន លោក សន ជ័យ តំណាងប្រចាំប្រទេសកម្ពុជា នៃសម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ស្នើឲ្យរដ្ឋាភិបាល គួរតែកំណត់ពីការដាក់ទោសលើមន្ត្រីថ្នាក់ក្រោមជាតិណា ដែលមិនអនុវត្តតាមប្រកាសរួមខាងលើ។

 

លោកសនជ័យ រំពឹងថា បន្ទាប់ពីមានប្រកាសរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខាងលើរួចហើយ វប្បធម៌ ដែលមន្ត្រីធ្លាប់ជម្រិតទារលុយយ៉ាងច្រើនពីប្រជាពលរដ្ឋ ពីការបញ្ជាក់លិខិតស្នាម នៅឃុំសង្កាត់ ដូចជា សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ ជាដើម នឹងត្រូវបញ្ចប់៕

ដកស្រង់ចេញពីគេហទំព័ររបស់វិទ្យុបារាំងអន្តរជាតិ /ដោយ៖ លាង ដឺលុច 

ចុចទីនេះដើម្បីស្តាប់សំលេង

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់