ភាព​ជោគជ័យ​ និង​បញ្ហា​ប្រឈម​របស់​ខេត្ត​គោលដៅ​ លើ​គម្រោង​ ស៊ី-ដ​

កំពត ១១ កុម្ភៈ ២០១៤៖ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីភាពជោគជ័យ បញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយរវាងខេត្តគោលដៅទាំង២ ដែលបានអនុវត្តគម្រោងលើកកម្ពស់សិទ្ធិស្រ្តី ដែលហៅកាត់ថា ស៊ី-ដ…

កំពត ១១ កុម្ភៈ ២០១៤៖ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីភាពជោគជ័យ បញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយរវាងខេត្តគោលដៅទាំង២ ដែលបានអនុវត្តគម្រោងលើកកម្ពស់សិទ្ធិស្រ្តី ដែលហៅកាត់ថា ស៊ី-ដ ដោយមានការគាំទ្រមូលនិធិដោយ អង្គការ UN Women លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍មួយ នៅសាលាខេត្តកំពតដែលមានរយៈពេល៤ថ្ងៃចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤។

គម្រោង ស៊ី-ដ ដែលមានការគាំទ្រមូលនិធិពីអង្គការ UN Women  បានសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ចាប់តាំងពីឆ្នាំ២០១២ ដោយជ្រើសរើសយកខេត្តគោលដៅចំនួន២ គឺខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង។

 

ចូលរួមក្នុងសិក្ខាសាលានេះមានមន្រ្តីបង្គោលខេត្តគោលដៅទាំង២ ក្រុមការងារគណៈកម្មាការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្ត ទាំង២ ក្រុមការងារអង្គការ UN Women  និងក្រុមការងារថ្នាក់ជាតិនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងអ្នកពាក់ព័ន្ធផ្សេងៗទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តសរុបចំនួន៥៤នាក់ ក្នុងនោះមានស្រ្តីចំនួន ៣៨រូប។

 

ដោយអនុវត្តគម្រោងអស់រយៈពេលជាង១ឆ្នាំកន្លងមក វឌ្ឍនភាពរបស់គម្រោង ស៊ី-ដ មានច្រើនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រ កម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងសិក្ខាសាលាពីវឌ្ឍភាពរបស់គម្រោង ដែលមាន ដូចជា ថ្នាក់ជាតិបានជ្រើសរើស និងតែងតាំងមន្រ្តីបង្គោល ផ្តល់ជាកុំព្យូទ័រដល់ខេត្ត និងស្រុកគោលដៅ បានរៀបចំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដល់ខេត្តគោលដៅ។ ដោយឡែកថ្នាក់ក្រោមជាតិក៏បានរៀបចំសិក្ខាសាលាស្តី ពីអនុសញ្ញាស៊ី-ដ ដល់ថ្នាក់ស្រុក និងឃុំបានយ៉ាងច្រើនផងដែរ។

 

ក្នុងសិក្ខាសាលានេះក៏មានការពិភាក្សា និងធ្វើបទបង្ហាញ ដោយខេត្តទាំង២ ពីមូលហេតុ និងសំណូមពរជាដើម។

 

ក្នុងការពិភាក្សា និងការធ្វើបទបង្ហាញពីភាពជោគជ័យ និងបញ្ហា ប្រឈម ខេត្តទាំង២បានបង្ហាញពីភាពជោគជ័យ និងបញ្ហា ប្រឈមរបស់ខេត្តរៀងខ្លួនៗ។ ខេត្តទាំង២បានបង្ហាញថា ក្រុមប្រឹក្សាខេត្ត ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ទទួលបានផល ប្រយោជន៍ល្អៗជាច្រើនពីគម្រោង ស៊ី-ដ ដូចជាទាំងបុរស និងស្រ្តីបានយល់ដឹងពីសិទ្ធិមនុស្ស សិទ្ធិស្រ្តី សារៈសំខាន់ក្នុង ការលើកកម្ពស់សិទ្ធិស្រ្តីក្នុងការចូលរួម អំពើហិង្សា និងគោលការណ៍របស់អនុសញ្ញា ស៊ី-ដ ជាដើម។

 

បើទោះជាមានសមិទ្ធផលជាច្រើនដែលថ្នាក់ជាតិ និងថ្នាក់ខេត្តទទួលបានគួរអោយកត់សម្គាល់យ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈម មួយចំនួនដែលថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ជួបប្រទះ ដែលមានដូចជាអ្នកដែលមកចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលាថ្នាក់ជាតិ មានការផ្លាស់ប្តូរញឹកញាប់ដែលអាចធ្វើអោយអ្នកចូលរួមពិបាកក្នុងការទទួលយកមេរៀនបណ្តុះបណ្តាល និងអនុកម្មវិធី (ក្រសួង ស្ថាប័នអនុវត្តកម្មវិធីជាតិ) នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) របស់កម្មវិធីជាតិ មិនសូវយកចិត្តទុកដាក់។ដោយឡែកថ្នាក់ខេត្ត និងស្រុកមានបញ្ហាប្រឈមដោយមិនសូវបានបញ្រ្ចាបពីអនុសញ្ញាស៊ី-ដ ក្នុងជួរគណៈ អភិបាលខេត្ត ដោយសារពួកគាត់មានការមមារញឹកច្រើន នៅមានប្រធានភូមិ មេឃុំ ខ្លះមិនសូវយកចិត្តទុកដាក់ចូលរួមក្នុង គម្រោង ស៊ី-ដ។

បន្ទាប់ពីការពិភាក្សាជាក្រុម ការធ្វើបទបង្ហាញផ្សេងៗ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិបានផ្តល់អនុសាសន៍មួយចំនួនដើម្បីអនុវត្តគម្រោង ក្នុងដំណាក់កាលទី២បន្តទៀតដោយថ្នាក់ខេត្ត និងស្រុកស្នើថ្នាក់ជាតិ និងអង្គការ UN Women បន្តអនុវត្តគម្រោងនេះ ហើយពង្រីក អោយបានច្រើនខេត្ត និងបន្ថែមមូលនិធិបន្ថែមដើម្បីជួយសម្រួលដល់អ្នកដែលចូលរួមក្នុងគម្រោង និង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ចូលរួមយកចិត្តទុកដាក់ក្នុងគម្រោង ដើម្បីជួយលើកកម្ពស់សិទ្ធិស្រ្តីក្នុងប្រទេសកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់