រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំបើកកម្មវិធីបេសកកម្មលើកទី២ របស់ធនាគារពិភពលោក (WB) ដើម្បីពិនិត្យមើលការអនុវត្តគម្រោងចំនួន ០២ គឺ «គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» អនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប. (NCDDS) និង «គម្រោងការផ្សារភ្ជាប់ប្រជាពលរដ្ឋដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈតាមរយៈការងារគណនេយ្យភាពសង្គម» អនុវត្តដោយអង្គការទស្សនៈពិភពលោក (WVI)។ កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Video Conference Webex) ដែលមានរយៈពេល០៥ថ្ងៃ ដែលបានប្រព្រឹត្តចាប់ពីថ្ងៃ ០៣-០៧ ខែឧសភា ឆ្នាំ២០២១។
គោលបំណងសំខាន់ៗនៃបេសកកម្មរួមមាន៖ (១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃគម្រោងធៀបទៅនឹងគោលបំណងអភិវឌ្ឍន៍របស់គម្រោង និងការអនុវត្តគម្រោងទាំងមូល រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ លទ្ធកម្ម ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ និងការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម (២) រៀបចំផែនការសកម្មភាពដើម្បីសម្របតាមការអនុវត្តដែលចាំបាច់នៅក្នុងបរិបទនៃការផ្ទុះចុងក្រោយនៃ កូវីដ-១៩ និង (៣) ចាប់ផ្តើមការរៀបចំហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោង។
បេសកកម្មរយៈពេល០៥ថ្ងៃនេះ បានដឹកនាំដោយ លោក បេនយ៉ាមីន បឺរខាត (Benjamin Burckhart) អ្នកឯកទេសអភិវឌ្ឍន៍សង្គមជាន់ខ្ពស់ និងជាប្រធានក្រុមការងារដឹកនាំបេសកកម្ម រួមជាមួយសមាជិកក្រុមការងារធនាគារពិភពលោក (World Bank) ជាច្រើនទៀត។ សមាជិកក្រុមការងារទាំងអស់បានចូលរួមការប្រជុំតាមផ្នែកនីមួយៗ ជាមួយអ្នកជំនាញឯកទេសរបស់ធនាគារពិភពលោក ។
សូមបញ្ជាក់ថា គម្រោងទាំង០២នេះ បានសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដែលបានទទួលការគាំទ្រថវិកាពីមូលនិធិបរធនបាលកិច្ច គ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ក្រោមការផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស សរុបចំនួន ៩,៦លានដុល្លារអាមេរិក។ គម្រោងទាំងនេះ នឹងជួយគាំទ្រនៃផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០១៩-២០២៣)៕