ថវិកា ២៣៣ លានដុល្លារនឹងបែងចែកដល់ថ្នាក់ក្រោមជាតិ (ភ្នំពេញប៉ុស្តិ៍)

ភ្នំពេញ ២០ ធ្នូ ២០១៣៖ រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០១៤ នឹងបែងចែកថវិកាជាង ២៣៣ លានដុល្លារ ដែលមានកំណើនជាងឆ្នាំ ២០១៣ ដើម្បីឲ្យដល់ថ្នាក់ក្រោមជាតិធ្វើការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់…

ភ្នំពេញ ២០ ធ្នូ ២០១៣៖ រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០១៤ នឹងបែងចែកថវិកាជាង ២៣៣ លានដុល្លារ ដែលមានកំណើនជាងឆ្នាំ ២០១៣ ដើម្បីឲ្យដល់ថ្នាក់ក្រោមជាតិធ្វើការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

 

ក្នុងសិក្ខាសាលាស្តីពីការធ្វើផែនការសកម្មភាពឆ្នាំ ២០១៤ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក កែវ បេងវឌ្ឍន៍ អគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាលមូលដ្ឋាននៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបទបង្ហាញថា ថវិកាសរុបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ ២០១៤ មានមូលនិធិឃុំ សង្កាត់ ២៣៧ ២៦៦ លានរៀល មូលនិធិក្រុង ស្រុក មាន ៦៩ ០៤៤ លានរៀល និងថវិការាជធានីខេត្តឆ្នាំ ២០១៤ មាន ៦៤០ ៨៣៨ លានរៀល។ ជាសរុបថវិកាទាំងអស់មានចំនួន ៩៤៧ ១៤៨ លានរៀល ដែលប្រហែលជាង ២៣៣ លានដុល្លារអាមេរិក។

 

លោកថ្លែងថា ថវិកាថ្នាក់ឃុំ សង្កាត់ មានការកើនឡើងជារៀងរាល់ឆ្នាំចាប់តាំងពី ឆ្នាំ ២០០២ ដែលមានចំនួនជាង ៧ លានដុល្លាររហូតមកឆ្នាំ ២០១៤ មានដល់ទៅជាង ៥៨ លានដុល្លារអាមេរិក។ លោកថា៖ «កំណើនមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ ២០១៤ មានចំនួន ១៣,៨៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៣។ កំណើនមូលនិធិក្រុង មានប្រមាណ១៣,៨៦ ភាគរយធៀបនឹង ២០១៣។

 

កំណើនថវិការាជធានីខេត្តឆ្នាំ ២០១៤ មានចំនួនប្រមាណ ២១,៦៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៣»។

 

ថវិកាជាតិសម្រាប់ឆ្នាំ ២០១៤ ដែលទើបអនុម័តខែមុន មានចំនួន ៣៤៥៥ លានដុល្លារអាមេរិក។ លោក ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាននៃ គ.ជ.អ.ប ថ្លែងថា មូលនិធិឃុំ សង្កាត់ ក្រុងស្រុក និងថវិការាជធានី ដែលមានកំណើន គឺផ្អែកទៅលើចំណូលថវិកាជាតិប្រចាំឆ្នាំកើន ដែលក្រសួង សេដ្ឋកិច្ច អះអាងថា មានចំនួន ៧,៦ ភាគរយនៅឆ្នាំ ២០១៣។

 

លោកថា៖ «តាមច្បាប់មូលនិធិឃុំ សង្កាត់ នឹងកើន ២,៨ ភាគរយថេររៀងរាល់ឆ្នាំ ដូច្នេះឆ្នាំបន្តបន្ទាប់ថវិកានឹងកើនតែអាស្រ័យលើកំណើនថវិកាជាតិ។ មូលនិធិទាំងអស់គឺដើម្បីលើកកម្ពស់សមត្ថភាព កែទម្រង់រដ្ឋបាលថ្នាក់ក្រោម ក៏ដូចជាអភិវឌ្ឍនៅតាមមូលដ្ឋាន និងធ្វើឲ្យមានអភិបាលកិច្ច»។

 

លោកថា រដ្ឋាភិបាលដែលមានក្រសួងមុខងារសាធារណៈទើបបង្កើតថ្មី នឹងព្យាយាមផ្តល់អំណាចឲ្យច្រើនទៅរដ្ឋបាលមូលដ្ឋាន ដែលនៅឆ្នាំ ២០១៤ នឹងធ្វើការរៀបចំលក្ខន្តិកៈដោយឡែកសម្រាប់ឲ្យថា្នក់ខេត្ត រាជធានី ផ្ទាល់គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានសិទ្ធិតែងតាំង ជ្រើសរើសមន្ត្រីដោយមិនបាច់ឆ្លងក្រសួង មហាផ្ទៃ ឡើយ «ហើយដែលនេះជាការផ្តល់អំណាចទៅកាន់ថ្នាក់ក្រោម»។

 

លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហៅកាត់ ANSA ថ្លែងថា ទោះកំណើនថវិកាឃុំសង្កាត់ ក្រុងស្រុក និងរាជធានីខេត្ត មានការកើន តែហាក់នៅមានកម្រិត។

 

លោកថា៖ «យើងដឹងថា ក្រុមប្រឹក្សាឃុំសង្កាត់ ឬរដ្ឋបាលថ្នាក់ក្រោម ជាតិធ្វើការជាប់ជាមួយតម្រូវការពលរដ្ឋ ហើយរាល់ថ្ងៃថវិកាឃុំ សង្កាត់ ឃើញថា នៅមានតិចតួចបើធៀបនឹងថវិកាចាយនៅថ្នាក់ជាតិដែលគេចាយធំ។ យើងចង់បានថវិកាថ្នាក់មូលដ្ឋាននេះឲ្យច្រើន ជាពិសេសផ្តល់ការពង្រឹងសមត្ថភាពមន្ត្រីឃុំសង្កាត់ឲ្យចេះធ្វើការ ជាមួយពលរដ្ឋ និងក៏ដូចលើកទឹកចិត្តពលរដ្ឋក្នុងការរួមអភិវឌ្ឍសង្គមតាមបែប ប្រជាធិបតេយ្យ»៕ ដោយៈ ឆាយ ច័ន្ទនីដា

 

ដកស្រង់ចេញពីគេហទំព័រភ្នំពេញប៉ុស្តិ័ ចេញផ្សាយថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៣

http://www.postkhmer.com/index.php/national/1-national-news/108148-2013-12-20-02-51-03

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់