សម្ដេច​ក្រ​ហោម ស ខេង អញ្ជើញ​​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ឯកសារ​ទស្សនទាន​ដើម្បី​រៀបចំ​កម្មវិធី​ជាតិ​ដំណាក់កាលទី២

នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នាព្រឹក​ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជាប្រធាន​គណៈកម្មាធិការជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) អញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់​ដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារ​ទស្សនទាន ដើម្បី​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ ដំណាក់កាលទី២ ដោយ​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ ព្រម​ទាំង​មន្ត្រី​ជំនាញ​ជាច្រើនរូបផងដែរ។

សម្ដេចក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍ថា កិច្ចប្រជុំក្នុងថ្ងៃនេះគឺធ្វើឡើងក្នុង​គោលបំណង​រួមគ្នា​ពិនិត្យ ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​បន្ថែម​លើ​ឯកសារ​ទស្សនទាន ដើម្បី​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ​ដំណាក់កាលទី២ ក្នុង​ន័យ​​បន្ត​អនុវត្តគោល​នយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព។ សម្ដេច​ក្រឡា​ហោម​បានបន្តថា កម្មវិធីជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិដំណាក់កាលទី១ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២០នេះ ប៉ុន្តែ​មាន​បញ្ហា​មួយ​​ចំនួន​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់នៅឡើយ ដូចនេះ ត្រូវទាមទារឲ្យបន្តដោះស្រាយនៅក្នុងកម្មវិធីជាតិដំណាក់កាលទី២ ដើម្បីជាសក្ខីភាពបង្ហាញឲ្យឃើញថាកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការនេះ មានលក្ខណៈជាក់លាក់ និងទទួលលទ្ធផលល្អ។

គួរ​ជម្រាប​ជូនថា ឯកសារទស្សនទាន ដើម្បីរៀបចំកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២នេះ ជា​ឯកសារ​ត្រូវអនុម័តដោយរាជរដ្ឋាភិបាល ដើម្បី​តម្រង់ទិសអំពីចក្ខុវិស័យ គោល​បំណង គោលដៅ យុទ្ធសាស្ត្រ និងសមាសភាគសំខាន់ៗ​ក្នុងការរៀបចំឯកសារ​លម្អិត​នៃ​កម្មវិធី​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។ ព្រមជាមួយ​គ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​រៀបចំ​តាក់តែង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ក្នុង​គោលបំណង​បន្តដោះ​ស្រាយ​នូវ​បញ្ហាប្រឈម បន្ត​អនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤៕ កញ្ញា

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់