ស្វាយរៀង៖ លោកស្រី មាស ផល្លី អាយុ៣០ឆ្នាំបច្ចុប្បន្នរស់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោកស្រីបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៨ ហើយក៏បានចូលទៅបម្រើការងារឯកជននៅក្រុមហ៊ុនដឹកជញ្ជូនអស់រយៈពេលប្រាំឆ្នាំ…
ស្វាយរៀង៖ លោកស្រី មាស ផល្លី អាយុ៣០ឆ្នាំបច្ចុប្បន្នរស់នៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោកស្រីបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៨ ហើយក៏បានចូលទៅបម្រើការងារឯកជននៅក្រុមហ៊ុនដឹកជញ្ជូនអស់រយៈពេលប្រាំឆ្នាំ។
បន្ទាប់មក លោកស្រីត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារនៅក្នុងឃុំប្រសូត្រ។ នៅក្នុងអាណត្តិទី៣នេះលោកស្រីបានជាប់ជាសមាជិកាក្រុមប្រឹក្សាឃុំ និងបានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំដោយស្វ័យប្រវត្តិទៅតាមគោលការណ៍ណែនាំនៃការបង្កើតគណៈកម្មាធិការនេះ។
លោកស្រី មាស ផល្លី ជាស្ត្រីមេម៉ាយដែលមានកូន១នាក់ដោយប្តីស្លាប់ហើយ
រស់នៅជាមួយឪពុកម្ដាយដែលមានសមាជិកគ្រួសារចំនួន៥នាក់។ លោកស្រីជាស្ត្រីដែលខិតខំធ្វើការងារដោយមិនខ្លាចនឿយហត់ក្នុងការ
ផ្សព្វផ្សាយនិងជំរុញឱ្យប្រជាពលរដ្ឋទៅចុះសំបុត្រអត្រានុកូលដ្ឋាន។ នៅក្នុងការផ្សព្វផ្សាយ លោកស្រីបានពន្យល់ណែនាំអំពីប្រភេទនៃការចុះសំបុត្រអត្រានុកូលដ្ឋាន
ដែលមានចំនួន៣គឺ៖ ការចុះសំបុត្របញ្ជាក់កំណើតសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។សំបុត្រអត្រានុកូលដ្ឋានទាំងអស់នេះមាន
អត្ថប្រយោជន៍ណាស់សម្រាប់ជាឯកសារគតិយុត្តរបស់បុគ្គលម្នាក់ៗ ជាពិសេសនៅពេលកុមារចូលរៀនសំបុត្រកំណើតមាន
សារប្រយោជន៍ណាស់សម្រាប់ការចុះឈ្មោះចូលរៀន។
លោកស្រីបានជំរុញឱ្យឪពុកម្ដាយអោយយកកូនដែលទើបនឹងកើតដែលមានអាយុ៣០ថ្ងៃអោយទៅចុះសំបុត្រកំណើត។ សំបុត្រអាពាហ៍ពិពាហ៍ក៏មានសារៈសំខាន់ណាស់ដែរសម្រាប់គូរស្វាមីភរិយាដែលមានបញ្ហារស់នៅមិនចុះសម្រុងនឹងគ្នាហើយមានបំណងចង់លែងលះគ្នា ព្រោះសំបុត្រនេះជាភស្តុតាងសម្រាប់ការបែងចែកទ្រព្យសម្បត្តិនិងទ្រព្យផ្សេងៗទៀតក្រោយពេលរៀបការ។ ចំណែកឯសំបុត្រមរណភាពវិញបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្លាប់នៅក្នុងគ្រួសារណាមួយ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់សាច់ញាតិដូចជាអនុញ្ញាតឲ្យប្តី ឬប្រពន្ធស្វែងរកដៃគូថ្មីដោយស្របច្បាប់ ឬអាចយកលិខិតនេះទៅទទួលយកប្រាក់បំណាច់នានាក្នុងករណីអ្នកដែលស្លាប់ជាមន្រ្តីរាជការ។ល។
មិនតែប៉ុណ្ណោះ នៅរាល់ពេលកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លោកស្រីមាស ផល្លី តែងតែលើកបញ្ហាដែលទាក់ទងនឹងស្ត្រី និងកុមារក្នុងការចុះសំបុត្រអត្រានុកូលដ្ឋានដូចជាប្រជាពលរដ្ឋមួយចំនួនមិនបានមកចុះសំបុត្រអត្រានុកូលដ្ឋាន
ដោយគាត់ធ្វើចំណាកស្រុកទៅរកស៊ីនៅស្រុកផ្សេងៗ ប៉ុន្តែនៅពេលពួកគាត់ត្រឡប់មកស្រុកវិញកូនរបស់ពួកគាត់គ្រប់អាយុចូលរៀន ប៉ុន្តែគ្មានសំបុត្រកំណើត។ នេះជាបញ្ហាមួយដែលលោកស្រីបានលើកឡើងឱ្យគណៈកម្មាធិការមេឃុំ និងស្មៀនឃុំជួយដោះស្រាយឱ្យកុមារបានចូលរៀន។ ជាពិសេសក្នុងការផ្សព្វផ្សាយអំពីការចុះសំបុត្រអត្រានុកូលដ្ឋានរបស់លោកស្រីទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅ
ក្នុងឃុំមានការយល់ដឹងច្រើនជាងមុនហើយប្រជាពលរដ្ឋភាគច្រើនបាននាំគ្នាទៅចុះសំបុត្រអត្រានុកូលដ្ឋាននេះ។
គួរបញ្ជាក់ថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ដើរតួនាទីផ្តល់យោបល់ជូនដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ជួយឃុំ សង្កាត់ក្នុងការអនុវត្តរាល់គោលនយោបាយ និងភារកិច្ចរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្រ្តី និងកុមារ ។ អត្ថបទៈ ក្រុមការងារយែនឌ័រ ក្រសួងកិច្ចការនារី/គ.ជ.អ.ប