អង្ករ​ផ្កា​ម្លិះ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួត​អង្ករ​រសជាតិ​ឆ្ងាញ់​ប្រចាំ​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ហុងកុង

[…ចំណាត់ថ្នាក់លេខ១នេះធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីលើពិភពលោកតាមរយៈអង្ករ

ផ្កាម្លិះ នឹងជាកត្តាមួយជួយជំរុញនូវការនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំ២០១៥ ដែលជា

គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា…]

ភ្នំពេញ: អង្ករផ្កាម្លិះរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកប្រចាំឆ្នាំ២០១៣ ក្នុងកម្មវិធីប្រកួតប្រជែងអង្កររសជាតិឆ្ងាញ់

ប្រចាំឆ្នាំ២០១៣ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីក្រុងហុងកុង ប្រទេសចិន។

 

គណៈប្រតិភូកម្ពុជាបាននាំគំរូ អង្ករចំនួន ៦ប្រភេទទៅចូលរួមប្រកួតប្រជែងរសជាតិអង្ករនៅទីក្រុងហុងកុង។ កាលពីឆ្នាំ២០១២ អង្ករផ្កាម្លិះ

របស់កម្ពុជាយើងបានទទួលពានរង្វាន់ អង្ករឆ្ងាញ់ម្ដងហើយនៅក្នុងការប្រកួតនៅកោះបាលីក្នុងប្រទេសឥណ្ឌូណេស៊ី។

 

លោកគឹម សាវុធ ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានថ្លែងដោយមោទនភាពជាមួយនឹងចំណាត់ថ្នាក់លេខ១ជាប់ៗគ្នាក្នុងរយៈពេល

ពីរឆ្នាំនៃរសជាតិអង្ករផ្កាម្លិះរបស់កម្ពុជាលើទីផ្សារពិភពលោក។ ចំណាត់ថ្នាក់លេខ១នេះធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាល្បីលើពិភពលោក

តាមរយៈ អង្ករផ្កាម្លិះ នឹងជាកត្តាមួយជួយជំរុញនូវការនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំ២០១៥ ដែលជាគោលដៅយុទ្ធសាស្ត្ររបស់

រាជរដ្ឋាភិបាលយើង ព្រមទាំងជាកត្ដាមួយជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករយើង។

 

អំពីប្រភេទអង្ករក្រអូបរបស់កម្ពុជាត្រូវបានលោកគឹម សាវុធ លើកឡើងថាមាន៣ ប្រភេទ គឺ១ផ្ការំដួលឬផ្កាម្លិះ ទី២ផ្ការមៀត និងទី៣អង្ករក្រអូបប្រាំង (សែនក្រអូប ឬសែនប្រហើរ ជាដើម)។ ប៉ុន្តែអង្ករផ្កាម្លិះ ឬក៏ផ្ការំដួលជាប់លេខ១ និងនាំមុខគេសម្រាប់អង្ករកម្ពុជា ដែលត្រូវនាំចេញទៅលក់ក្រៅប្រទេស ។

 

លោកគឹម សាវុធ ក៏បានឱ្យដឹងថា កម្ពុជាចាប់ផ្ដើមនាំអង្ករចេញដំបូងនៅឆ្នាំ២០០៩ ទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប ដែលបានលើកលែងពន្ធនាំចូលសម្រាប់អង្ករកម្ពុជា។ ក្រៅពីទីផ្សារនៅអឺរ៉ុប អង្ករកម្ពុជាសព្វថ្ងៃក៏បានពង្រីកទីផ្សារនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី អាហ្វ្រិក អូស្ត្រាលី និងអាមេរិក ។

 

របាយការណ៍របស់សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានបង្ហាញពីបរិមាណអង្ករកម្ពុជា ដែលបាននាំចេញទៅក្រៅប្រទេសរួមមាន៖ ឆ្នាំ២០០៩ មានចំនួន១២.៦១៣តោន ឆ្នាំ២០១០ ចំនួន ១០៥.២៥៩តោន ឆ្នាំ២០១១ ចំនួន២០១.៨៩៩តោន និងឆ្នាំ២០១២ មានចំនួន២០៥.៧១៧តោន។

 

របាយការណ៍ដដែលបានបង្ហាញថា គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០១៣នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសចំនួនប្រមាណ៣០ម៉ឺនតោន ដែលកើនឡើង១០០ភាគរយ បើធៀបនឹងរយៈពេល ១០ខែ កាលពីឆ្នាំ២០១២ ។ 

 

សម្រាប់នៅឆ្នាំ២០១៣នេះ សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានប៉ាន់ស្មានថា អង្ករកម្ពុជាអាចនាំចេញទៅក្រៅប្រទេសបានចំនួន៤៥ម៉ឺនតោន។ អង្ករប្រភេទលេខ១ ពិសេសអង្ករផ្កាម្លិះរបស់កម្ពុជាលក់ក្នុងទីផ្សារអន្តរជាតិតម្លៃចន្លោះពី៩១០ ទៅ ៩២០ដុល្លារអាមេរិកក្នុងមួយតោន៕ ដកស្រង់ចេញពីកាសែតរស្មីកម្ពុជា លេខ៦២៧៣ ថ្ងៃសុខ ទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់