ស្លាប់​ដោយ​សារ​គ្រុនចាញ់​ធ្លាក់​ចុះ​ ៧៨%

ភ្នំពេញៈ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះចំនួន ៧៨ ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍រយៈពេល ១០ ខែរបស់ក្រសួង សុខាភិបាល។

ភ្នំពេញៈ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះចំនួន ៧៨ ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍រយៈពេល ១០ ខែរបស់ក្រសួង សុខាភិបាល។

 

បើតាមរបាយការណ៍នេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្ត្រនៃក្រសួង សុខាភិបាល បានឲ្យដឹងថា មានករណីជំងឺគ្រុនចាញ់ចំនួន ៣៣ ៧៦៩ រហូតមកដល់ខែ តុលា បើប្រៀបធៀបនឹងឆ្នាំមុនគឺមានចំនួន ៥៩ ៦៦៨ ក្នុងរយៈពេលដូចគ្នា។ អ្នកជំងឺសរុបមានចំនួន ៨ នាក់បានស្លាប់ពីការឆ្លងជំងឺគ្រុនចាញ់ឆ្នាំនេះដែលនេះជាការធ្លាក់ចុះពីឆ្នាំមុនដែលមានករណីស្លាប់ចំនួន ៣៧។

 

មន្រ្តីសុខាភិបាលនិយាយថាការធ្លាក់ចុះនេះគឺដោយសារមកពីយុទ្ធនាការអប់រំនិងការចែកមុងហើយមុងចំនួនជាង ២,២ លានត្រូវបាន ចែកចាយកាលឆ្នាំមុន។ នេះបើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់។

 

លោក សូនី គ្រីសនាន មន្រ្តីផ្នែកទំនាក់ទំនងនៅអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា៖ «កម្ពុជាឥឡូវនេះស្ថិតនៅ ដំណាក់កាលមុនលុបបំបាត់ជំងឺគ្រុនចាញ់ ហើយអង្គការសុខភាពពិភពលោកជឿជាក់ថា កម្ពុជានឹងអាចមានករណីគ្រុនចាញ់កម្រិតសូន្យ នៅត្រឹមឆ្នាំ ២០១៥ ខាងមុខ។ គោលដៅរបស់រដ្ឋាភិបាលគឺដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០១៥»។

 

ជំងឺគ្រុនចាញ់គឺជាជំងឺឆ្លងដែលបណ្ដាលមកពីមូសដែលមានមេរោគប៉ារ៉ាស៊ីត។ អង្គការសុខភាពពិភពលោកប៉ាន់ស្មានថាជំងឺនេះបានសម្លាប់មនុស្សចំនួន ៦៦០ ០០០ នាក់ ក្នុងមួយឆ្នាំៗ។

 

នៅក្នុងប្រទេសកម្ពុជាសមរភូមិលុបបំបាត់ជំងឺគ្រុនចាញ់ប្រឈមមុខ នឹងភាពស្មុគស្មាញក្នុងទម្រង់នៃភាពរ៉េស៊ីស្តង់ទៅនឹងថ្នាំនៅតាមព្រំដែន កម្ពុជាថៃជិតខេត្ត ប៉ៃលិន។

 

លោក សូនី គ្រីសនាន បានថ្លែងឲ្យដឹងទៀតថា៖ «Artemisinin Combination Therapies (ACTs) គឺជាខ្សែការពារចុងក្រោយប្រឆាំងនឹង ទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺគ្រុនចាញ់ falciparum malaria ដែលបណ្ដាលឲ្យស្លាប់។ ប្រសិនបើយើងចាញ់លើសមរភូមិប្រឆាំងនឹងរ៉េស៊ីស្តង់ ថ្នាំ Artemisinin យើងនឹងចាញ់សង្គ្រាមប្រឆាំងជំងឺគ្រុនចាញ់»៕ ដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍ លេខ១០៦៨ ថ្ងៃច័ន្ទទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់