សិក្ខា​សាលា​ ស្តី​អំពី​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ន៍ប្រកប​ដោយ​និរន្តរភាពសម្រាប់​គ្រួសារ​ទទួល​ដី​ពី​គម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ (LASED)

ភ្នំពេញ ២១ វិច្ឆិកា ២០១៣៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) បានរៀបចំសិក្ខាសាលា ស្តីអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពសម្រាប់គ្រួសារទទួលដីពីគម្រោង…

ភ្នំពេញ ២១ វិច្ឆិកា ២០១៣៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច (LASED) បានរៀបចំសិក្ខាសាលា ស្តីអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាពសម្រាប់គ្រួសារទទួលដីពីគម្រោង កាលពីថ្ងៃទី ១៤ និង១៥ ខែវិច្ឆិការ ឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេរ ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផល និង សមិទ្ធិផល ដែលខ្លួនសម្រេចបាន ក៍ដូចជារិះរកមធ្យោបាយ គាំទ្របន្ថែមដល់គ្រួសារទទួលដី សំដៅធានាបាននូវ       និរន្តរភាពរបស់គម្រោង។

សិក្ខាសាលាទាំងនេះមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបកម្មនិងសំណង់ និងជាប្រធាន គណៈកម្មា ធិការសម្បទាន ដីសង្គមកិច្ចថ្នាក់ជាតិ និងជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម សារេត បូរាមី នាយកគម្រោង LASED អ្នកតំណាងមកពីអង្គការ GIZ និងអ្នកពាក់ព័ន្ធផ្សេងៗសរុបចំនួន១២៧នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សារេត បូរាមី នាយកគម្រោង LASED បានរាយការណ៍ជូន គណៈអធិបតីភ្ញៀវកិត្តិយស ព្រមទាំងអង្គសិក្ខាសាលាទាំងមូល អំពីលទ្ធផលដែល គម្រោងសម្រេចបានក្នុងរយៈពេល៥ឆ្នាំ មានជាអាទិ៍ ទំហំដីដែលបានចុះបញ្ជីជាដី កម្មសិទ្ធិឯកជនរបស់រដ្ឋចំនួន១៤.១២៧ ហិកតានៅក្នុងឃុំចំនួន១៣ ស្មើនឹង១៥ ទីតាំងនៅក្នុងខេត្តចំនួន៦គឺខេត្តក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តបាត់ដំបង  ដែលត្រូវបានបែងចែកជូនប្រជាពលរដ្ឋចំនួន ៤.៦៩៧ គ្រួសារ ស្មើនឹងមនុស្សចំនួន២១.៥២៧ នាក់ ក្នុងនោះមានស្រ្តីចំនួន១០.៩៨៣នាក់ និងបានអភិវឌ្ឍនៅលើ ទីតាំងដីសម្បទានសង្គមកិច្ចនូវសមិទ្ធិផលមួយចំនួនដូចជា សាលារៀនចំនួន ១០ខ្នង ប៉ុស្តិសុខភាពចំនួន ៤ខ្នង  ស្រះទឹកចំនួន ៥៤   អណ្តូងស្នប់ចំនួន១៥២ និងអណ្តូងចំហរចំនួន៣២១ ផ្លូវលំសរុបប្រវែង ៥៦៩,៤៥ គម  មណ្ឌលសហគមន៍ចំនួន ២ខ្នង  រោងប្រជុំចំនួន ៧ខ្នង រៀបចំដីកសិកម្ម និង           ដីលំនៅឋាន បោះបង្គោលព្រំដីឡូតិ៍  ផ្តល់សម្ភារៈប្រើបា្រស់ និងសម្ភារៈកសិកម្ម ការបណ្តុះបណ្តាលផ្សេងៗពិសេសការបណ្តុះបណ្តាលអំពីបច្ចេកទេសកសិកម្ម។

 

 

 

ក្នុងឱកាសនោះ លោក Franz Volker Muller  តំណាងអង្គការGIZ បានចូលរួមមតិ និងបកស្រាយបង្ហាញដល់អង្គសិក្ខាសាលានូវចំណុចសំខាន់ៗទាំងបាំ្រមួយ ដែលអាចធានាបាននូវនិរន្តរភាព របស់គម្រោង LASED ក្នុងនោះមាន៖ ១) ការបន្ស៊ីសកម្មភាពអភិវឌ្ឍ៍សហគមន៍ និងពង្រឹងសន្តិសុខស្បៀងជាមួយផែនការ អភិឌ្ឍន៏និងផែនការវិនិយោគឃុំ/សង្កាត់ ស្រុក ២) កៀងគរNGOs ឲ្យដើរតួនាទី សំខាន់ក្នុងការបំពេញចន្លោះប្រហោង ៣) ការចូលរួមរបស់វិស័យឯកជននៅក្នុង ការធានានិរន្តរភាព ទីផ្សារកសិកម្ម និងការគាំទ្រដល់សហគមន៏អភិវឌ្ឍកសិកម្ម ៤) ការចុះបញ្ជីឈ្មោះភូមិរដ្ឋបាលសម្រាប់ទីតាំងដីសម្បទានសង្គមកិច្ចដែលនៅសល់ ៥) ផ្តល់ប័ណ្ណកម្មសិទ្ធិដល់គ្រួសារ ទទួលដីដែលមានលក្ខខណ្ឌគ្រប់គ្រាន់ និង៦) ការបង្ហាញអំពីគំរូប្រព័ន្ធផលិតកម្មកសិកម្មសមស្រប ដែលប្រើបា្រស់ធនធាន ផលិតតិចនិងមានស្រាប់។

 

ជាកិច្ចបន្ទាប់ លោកស្រីចំរើន មុទិតា Task Team Leader គម្រោង LASED ធនាគារពិភពលោក ក៏បានឯកភាពលើលទ្ធផល រីកចម្រើនរបស់គម្រោងទាំងមូល ហើយក៏បានសន្និដ្ឋានថាការអនុវត្តគម្រោងពិតជាស្របតាមសេចក្តីណែនាំរបស់គម្រោង។ ក្នុងឱកាសនោះផងដែរ លោកស្រីក៏បានរំលឹកជូនអង្គសិក្ខាសាលានូវការវាយតម្លៃ និងអនុសាសន៏របស់ក្រុមបេសកកម្ម របស់ធនាគារ ពិភពលោកលើកទី៩ លើលទ្ធផលនៃអនុវត្តគម្រោងដែលបង្ហាញឲ្យឃើញថាគម្រោងអនុវត្តបានលទ្ធផលល្អធៀបនឹងសុចនាករ អភិវឌ្ឍន៏របស់ គម្រោង។

ថ្លែងក្នុងពិធីបើកកម្មវិធីសិក្ខាសាលា ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងដែនដី នគររូបកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការ សម្បទានដី សង្គមកិច្ចថ្នាក់ជាតិ បានមានមតិសំណេះសំណាល និងបានកោតសរសើរដ៏ស្មោះ ចំពោះក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ ដែលសហការគ្នាអនុវត្តគម្រោង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ដូចជា ធនាគារពិភពលោក  រដ្ឋាភិបាលអាលឺម៉ង់ តាមរយៈអង្គការGIZ  អង្គការមិនមែនរដ្ឋាភិបាលទាំងបី  រួមមានអង្គការវឌ្ឍនភាព អង្គការជីវិតថ្លៃថ្នូរ និងអង្គការលំនៅឋានមនុស្សជាតិ នៅកម្ពុជា ដែលបាន សហការគ្នាអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចក្នុងក្របខណ្ឌ គម្រោង LASED ដោយបានផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសដ៏ថ្លៃថ្លាធ្វើឲ្យគម្រោង អនុវត្តទទួលបានជោគជ័យ។ 

ឯកឧត្តមបានបង្ហាញអំពីបទពិសោធន៏អំពីការផ្សាភ្ជាប់ វិស័យឯកជននឹងកម្មវិធី សម្បទានដី សង្គមកិច្ចនៅប្រទេសម៉ាឡេស៊ី  និងបានបញ្ជាក់ថាការធានាទីផ្សារ កសិកម្មគឺត្រូវផ្សារភ្ជាប់ជាមួយការរៀបចំនិងពង្រឹងសមាគមន៏។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំឲ្យសិក្ខាកាម ប្រឹងប្រែងបញ្ចេញ យោបល់ដើម្បី រិះរកមធ្យោបាយផ្សេងៗដែលទាក់ទងនឹងការការដាំដុះ ការចិញ្ចឹមសត្វ ការគ្រប់គ្រង ទីផ្សារកសិកម្ម បញ្ហាទុន  សុវត្ថិភាពស្បៀង និងការកសាងផែនការវិនិយោគ       ឃុំ/សង្កាត់ ដែលអាចធនា បាននូវនិរន្តរភាពរបស់គ្រួសារទទួលដីពីគម្រោង។

 

ក្នុងសិក្ខាសាលានោះ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល មូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង បានបង្ហាញអំពី លទ្ធផលដែលគម្រោង សម្រេចបានក្នុងរយៈពេលបាំ្រឆ្នាំ ដែលបានឆ្លើយតប នឹងសូចនាករអភិវឌ្ឍរបស់គម្រោង និងស្របតាម នីតិវិធីក្នុងការងារដីធ្លី និងការ ជ្រើសរើសមុខសញ្ញា។  

កិច្ចពិភាក្សាក្នុងសិក្ខាសាលាត្រូវបានបែងចែកជា៤ក្រុម ដោយពិភាក្សាលើប្រធានបទ ទាក់ទង នឹងនិរន្តរភាពរបស់គ្រួសារទទួលដីនាពេលអនាគត។ ជាលទ្ធផលនៃការពិភាក្សា ក្រុមនីមួយៗ បានរកឃើញថាដើម្បីធានា បាននូវនិរន្តរ ភាពរបស់គ្រួសារទទួលដី គម្រោងត្រូវផ្តោតការងារលើផ្នែកមួយចំនួនដូចជា៖  ១) ផ្នែកដីធ្លី (ផ្សព្វផ្សាយ និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី  បង្កើតភូមិរដ្ឋបាល និងផ្តល់ សៀវភៅស្នាក់នៅ សម្រាប់ទទួលដីក្នុងទីតាំងសម្បទានសង្គមកិច្ច ។ល។)  ២) ផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ( រៀបចំដីកសិកម្ម និងដីរដ្ឋបាល ផ្តល់សម្ភារៈ កសិកម្ម ៣) រៀបចំ និងពង្រឹង      សហគមន៏អភិវឌ្ឍកសិកម្មដោយផ្តល់ទុនកម្ចី ឲ្យសហគមន៏ចំនួន២៥០០០ដុល្លារ បង្កើតគណៈកម្មការគ្រប់គ្រងនិងប្រើបា្រស់ទឹក បង្កើតធនាគារគោ  ភ្នាក់ងារផ្សព្វផ្សាយព័ត៌មាន   ៤) ផ្នែកអប់រំ បង្កើតសាលាមតេយ្យ  សាងសង់ទីចាត់ការសាលានិងបណ្ណាល័យ   និងផ្នែកទី ៥) ផ្នែកសុខភាពសាធារណៈ សាងសង់ប៉ុស្តិសុខភាព  បង្កើតក្រុមទ្រទ្រង់សុខភាពភូមិ  មធ្យោបាយដឹកជញ្ជូនអ្នកជំងឺ។ល។

នាឱកាសបិទអង្គសិក្ខាសាលាក៏មានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មានមតិចូលរួម ដោយថ្លែងអំណរគុណចំពោះការជួយគាំទ្រពីដៃគូរអនុវត្តគម្រោង មានជាអាទិ៍ ធនាគាពិភពលោក អង្គការ GIZ /GUPA  អង្គការវឌ្ឍនភាព អង្គការជីវិតថ្លៃថ្នូរ និងអង្គការលំនៅឋានមនុស្សជាតិនៅកម្ពុជា ដល់ការអនុវត្ត គម្រោងLASED។ ពិសេសទៅទៀតនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជោគជ័យរបស់គម្រោងLASED កើតមានឡើងដោយសារមានការសហការ គាំទ្រនិង សម្របសម្រួល ពីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីគម្រោងនៅគ្រប់ជាន់ថ្នាក់ដែល ជាកត្តានាំឲ្យសេដ្ឋកិច្ចជាតិកម្ពុជាមាន សន្ទុះកើនឡើង ហើយនោះជាមោទនភាព របស់យើងនិងជាតិរបស់យើង។

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់