មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា​-ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្ត​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​

កំពង់ស្ពឺ ២០ កុម្ភៈ ២០១៤៖ វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅអង្គភាពកាំភ្លើងធំស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ ២០ កុម្ភៈ ២០១៤៖ វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅអង្គភាពកាំភ្លើងធំស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

 

អញ្ជើញជាអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម តុង សេង អភិបាលរងខេត្ត ឯកឧត្តម សេនីត្រីយ៏ រស់ សារិទ្ធ និង ឯកឧត្តមសេនីយ៏ត្រី ផាត់ សុខៃ មេបញ្ជារងកងកំលាំងកាំភ្លើងធំ និងតំណាងស្នងការនគរបាលខេត្ត ព្រមទាំងមានការចូលរួមអាជ្ញាធរភូមិ ឃុំ ស្រុក និងមានការចូលរួមពីបណ្តានាយហ៊ាន ពលទាហ៊ាន សរុបប្រមាណ៤៤៧នាក់។

 

លោក ម៉ែន វណ្ណនី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ស្ពឺមានប្រសាសន៍ថា៖ ថ្ងៃនេះខ្ញុំមានក្តីសោមនស្សរីករាយណាស់ដោយមានអាជ្ញាធរដែនដី មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានអញ្ជើញចូលរួមស្តាប់ដោយស័្មគ្រចិត្ត ក្នុងពិធីផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើការប្តេជ្ញាចិត្តទទួលយកការពន្យល់ខ្លឹមសារនៃច្បាប់នេះយកទៅផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្តតាមមូលដ្ឋាន និងនៅតាមអង្គភាពផ្សេងៗទៀតក្នុងគោលបំណងចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

 

ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ម៉ែន សំអន   ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មាន ប្រសាសន៏ក្នុងពេលបើកវគ្គផ្សព្វផ្សាយនាពេលនេះថា៖ មូលហេតុដែលយើងរៀបចំធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៏ផ្លូវគោក ដោយសារគ្រោះថ្នាក់ចរាចរណ៏ជាបញ្ហាយ៉ាងក្តៅគគុក ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការលប់បំបាត់ព្រោះវាជាកត្តាធ្វើអោយបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនទៀតផង។ ហើយជាមធ្យមមានមនុស្សបាត់បង់ជីវិតប្រមាណពី ៥ ទៅ៦នាក់ និងរងរបួសជាច្រើននាក់ក្នុងមួយថ្ងៃៗ។ កត្តាបង្ករឡើងដោយសារការធ្វេសប្រហែស ការផឹកគ្រឿងស្រវឹង បើកបរ ហួសល្បឿនកំណត់ ពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៏  និងព្រមទាំងមិនគោរពច្បាប់ចរាចរណ៏នៅពេលបើកបរ។

 

នាពេលនោះមានកម្មវិធីចែកសៀវភៅច្បាប់ចរាចរណ៏ផ្លូវគោកជួនដល់សិក្ខាកាម និងមានការសរសេរនូវចម្ងល់ចោទសួរដល់គ្រប់ជំនាញពាក់ព័ន្ធច្បាប់ចរាចរណ៏ ទៅមន្ទីរ អង្គភាពជំនាញ ព្រមទាំងមានបកស្រាយពីលោក អ៊ុន សុភាព អនុប្រធាននាយកដ្ឋាននៃក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ។

 

ឯកឧត្តម តុង សេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺបាន បានកោតសរសើ និងវាយតំលៃខ្ពស់ចំពោះក្រសួង ក៏ដូចជាមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរជំនាញពាក់ពន្ធ័ដែលយកអស់កំលាំងកាយចិត្តចុះពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោកដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយពិសេសនាពេលនេះបានចុះផ្សព្វផ្សាយដល់កងកំលាំងទ័ពកាំភ្លើងធ្វើឲ្យសិក្ខាកាមយល់កាន់តែច្បាស់អំពីច្បាប់ចរាចរណ៏ផ្លូវគោក។ ហើយសូមឲ្យកម្មវិធីនេះធ្វើការផ្សព្វផ្សាយបន្តឲ្យបានយល់ជ្រួតជ្រាបគ្រប់គ្នាក្នុងន័យចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។

 

ឯកឧត្តមបានធ្វើការរំលឹក ផងដែរថា បើផឹកកុំបើកបរ បើបើកបរកុំផឹងគ្រឿងស្រវឹង។ ព្រមទាំងមុននិងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនចេញដំណើរ៕

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ស្ពឺ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់