ផ្លូវបេតុងមួយខ្សែដែលក្រុមប្រឹក្សាសង្កាត់សាក់សំពៅផ្ដល់ជូនប្រជាពលរដ្ឋ

ភ្នំពេញ ២ តុលា ២០១៣៖ ការអភិវឌ្ឍន៍មូលដ្ឋាន ដូចជា ការស្ថាបនាផ្លូវ ការសាងសង់សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្ត្រជាដើមគឺជាតម្រូវការចាំបាច់របស់…

ភ្នំពេញ ២ តុលា ២០១៣៖ ការអភិវឌ្ឍន៍

មូលដ្ឋាន ដូចជា ការស្ថាបនាផ្លូវ ការសាងសង់

សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធធារា

សាស្ត្រជាដើម គឺជាតម្រូវការចាំបាច់របស់

ប្រជាពលរដ្ឋដែលក្រុមប្រឹក្សាសង្កាត់ត្រូវចាត់

អាទិភាពជូន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

របស់ប្រជាពលរដ្ឋ នៅក្នុងដំណើរការអភិវឌ្ឍ

តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដោយផ្អែកតាមគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៣ របស់សង្កាត់សាក់សំពៅ ខណ្ឌដង្កោផ្លូវចាក់បេតុងមួយខ្សែដែលមានបណ្ដោយប្រវែង៦៥០ម៉ែត្រ និងទទឹង៤ម៉ែត្រត្រូវបានបញ្ចប់រួចរាល់ នឹងបានដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ហើយផងដែរនៅភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះក៏ជាផ្លូវមួយ ក្នុងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតក្នុងឆ្នាំ២០១៣ របស់សង្កាត់នេះផងដែរ។

នៅក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទាំងអស់ ក្រុមប្រឹក្សាមានតួនាទីសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត នៅក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋក៏មានតួនាទីសំខាន់ផងដែរក្នុងចូលរួមកិច្ចអភិវឌ្ឍនៅមូលដ្ឋាន ដោយពួកគេចូលរួមលើកឡើងនូវតម្រូវទៅកាន់ក្រុមប្រឹក្សារបស់ពួកគេ ដើម្បីដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំនីមួយៗ។

លោក អ៊ឹម សុគង់ ចៅសង្កាត់រងទី១ នៃសង្កាត់សាក់សំពៅ បានប្រាប់ថាផ្លូវនេះបានសម្រេចការកសាងតាមតម្រូវការអាទិភាពចង់បានរបស់ប្រជាពលរដ្ឋក្នុងភូមិពារាមទាំងមូល។ លោកបានប្រាប់ផងដែរថា៖ «មុនពេលដែលយើងសម្រេចកសាងផ្លូវនីមួយៗ យើងមិនមែនសម្រេចអត្តនោម័តិធ្វើតែឯងនោះទេ យើងយកមតិប្រជាពលរដ្ឋជាធំដោយសារប្រជាពលរដ្ឋជាអ្នកទទួលផល»។

ផ្លូវមួយខ្សែដែលស្ថិតនៅភូមិពារាមនេះ ត្រូវបានសាងសង់ក្នុងតម្លៃសរុប ៦៦.៥៣៥.០០៨រៀល ដោយក្រុមហ៊ុន លឹម ម៉ៅ ជាអ្នកទទួលម៉ៅការក្នុងការសាងសង់ ក្នុងនោះថវិការបស់សង្កាត់មាន៦០.៥៩៨.៨០៨រៀល និងទុនបដិភាគចូលរួមរបស់ប្រជាពលរដ្ឋមានចំនួន ៥.៩៣៦.២០០រៀល។

 

អ្នកស្រី ទី ស៊ីនឿន អាយុ ៤៦ឆ្នាំ ជាប្រជាពលរដ្ឋក្នុងភូមិម្នាក់ ដែលមានទីលំនៅតាមបណ្ដោយផ្លូវដែលទើបនឹងសាងសង់រួចនេះ បានប្រាប់ថាគាត់មានអារម្មណ៍សប្បាយរីករាយ នៅពេលទទួលបានផ្លូវថ្មីមួយខ្សែនេះ ហើយគាត់ក៏មិនសោកស្ដាយក្នុងការចូលរួមទុនបដិភាគក្នុងការកសាងផ្លូវនេះដែរ។

គាត់បន្ថែមថា៖ «ពីមុនផ្លូវនេះមានក្រឡុកធំៗ ពិបាកក្នុងការធ្វើដំណើរ តែពេលនេះគឺងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ការចូលរួមជាថវិកា ក្នុងការកសាងផ្លូវនេះក៏មិនមែនជាបញ្ហាដែរ ដោយសារយើងចូលថវិកាធ្វើផ្លូវដើម្បីប្រើប្រាស់ប្រយោជន៍ទាំងអស់គ្នា»។

នៅពេលថ្មីៗនេះ សាលាក្រុងបានចេញលិខិតលេខ ៤៦៣ លស.ផវិ.ខ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ដីពីការប្រមូលទុនចូលរួមរបស់មូលដ្ឋាន នៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់។ ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «ការប្រមូលទុនចូលរួមនេះ ប្រជាពលរដ្ឋមូលដ្ឋានអាចចូលរួម ជាថវិកា ឬចូលរួមចំណែកដោយកំលាំងពលកម្ម ចំពោះអ្នកគ្មានលទ្ធភាពពិតប្រាកដមិនត្រូវបង្ខំជាដាច់ខាត»។ ដូច្នេះ ការប្រមូលទុនចូលរួមរបស់សង្កាត់ប្រចាំឆ្នាំនីមួយៗត្រូវអនុវត្តតាមគោលការណ៍ ដែលចែងក្នុងសៀវភៅណែនាំស្តីពី ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបានចែងថា៖ «ទុនចូលរួមរបស់មូលដ្ឋានគឺជាការចូលរួមចំណែកដោយស្ម័គ្រចិត្ត ហើយមិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ទៅលើ រូបវន្តបុគ្គលណាមួយនោះទេ» និងរហូតដល់មានការណែនាំថ្មីរបស់ក្រសួងមហាផ្ទៃ។

ការកំណត់នេះ ដើម្បីសម្រួលដល់ការអនុវត្ត និងជម្រុញអោយក្រុមប្រឹក្សាសង្កាត់ មានការទទួល
ខុសត្រូវដោយខ្លួនឯង ក្នុងការពង្រឹងភាពម្ចាស់ការរបស់ប្រជាពលរដ្ឋ និងការចូលរួមរបស់មូលដ្ឋាន ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា ការអនុវត្តគម្រោងអភិវឌ្ឍន៍មូលនិធិសង្កាត់ ផ្លូវចាក់បេតុងក្នុងសង្កាត់សាក់សំពៅ ក្នុងឆ្នាំ២០១៣នេះ មាន២គម្រោង។ ដោយឡែក ក្នុងខែកញ្ញានេះ សង្កាត់គម្រោងចាក់ផ្លូវបេតុងមួយខ្សែទៀតនៅ
ភូមិសាក់សំពៅ។

លោក ហង់ ចាន់ឬទ្ធី ស្មៀនសង្កាត់សាក់សំពៅ បានប្រាប់ថា ផ្លូវមួយខ្សែទៀតក្រៅពីផ្លូវនៅភូមិពារាម ផ្លូវចាក់បេតុងមួយខ្សែទៀតនៅភូមិសាក់សំពៅ ដែលមានបណ្ដោយប្រវែង ៤០០ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រ បានដាក់ដេញថ្លៃរួចហើយដោយក្រុមហ៊ុនលឹម ម៉ៅដូចគ្នា។ លោក បានបន្ថែមថា៖ «ផ្លូវនៅភូមិសាក់សំពៅនេះ យើងសង្ឃឹមនឹងបញ្ចប់នៅមុនពេលបុណ្យភ្ជុំបិណ្ឌ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ បើផ្អែកតាមកិច្ចសន្យារបស់អ្នកទទួលការ
សាងសង់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរក្នុងរដូវបុណ្យភ្ជុំនេះ»។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានវិភាជន៍ថវិកាប្រមាណ២.៨០% នៃថវិកាជាតិ ទៅដល់ឃុំ សង្កាត់ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា ផ្ទៃដីសរុបក្នុងសង្កាត់សាក់សំពៅមាន ៧,៦៩៥ គីឡូម៉ែត្រការ៉េ មានចំនួនគ្រួសារសរុប៥៩៥គ្រួសារ ក្នុងនោះមានប្រជាជនសរុបចំនួន ២៦៨៨នាក់ ដែលស្ថិតក្នុង៧ភូមិ គឺភូមិពារាម ភូមិខ្វិត ភូមិពោធិរលំ ភូមិសាក់សំពៅ ភូមិក្រាំងតាផូ ភូមិកំរ៉ែង និងភូមិសំបួរ។ ក្នុងភូមិទាំង៧ របស់សង្កាត់មានផ្លូវក្រាលកៅស៊ូចំនួន ២ខ្សែ ផ្លូវចាក់បេតុងចំនួន ៩ខ្សែ ផ្លូវគ្រោះក្រហមចំនួន ៥ខ្សែ និងផ្លូវដីសចំនួន ៤ខ្សែ៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់