ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​សម្ព័ន្ធ​ GAVI ជួយ​ពន្លឿន​ការ​ផ្ដល់​វ៉ាក់សាំង​ថ្មីបន្ថែម​ដល់​កម្ពុជា ​

ភ្នំពេញ ២២ វិច្ឆិកា ២០១៣៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដោយទទូចដល់សម្ព័ន្ធសកល ដើម្បីវ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (GAVI) ឱ្យជួយពន្លឿនការផ្ដល់វ៉ាក់សាំងថ្មីៗបន្ថែមទៀត ដល់កម្ពុជា…

ភ្នំពេញ ២២ វិច្ឆិកា ២០១៣៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដោយទទូចដល់សម្ព័ន្ធសកលដើម្បីវ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (GAVI) ឱ្យជួយពន្លឿនការផ្ដល់វ៉ាក់សាំងថ្មីៗបន្ថែមទៀតដល់កម្ពុជា ឱ្យបាននៅក្នុងឆ្នាំ២០១៥ និងសម្រាប់អនាគតផងដែរ។

 

សម្ដេចអគ្គមហាសេនាបតី  តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំ បែបនេះទៅកាន់អង្គការ GAVI នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល GAVI នាព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្ដីរីករាយដោយសម្ព័ន្ធ GAVI បានបន្ដជួយពន្លឿនការផ្ដល់វ៉ាក់សាំងថ្មីថែមទៀត ក្នុងនោះកម្ពុជាក៏សូមស្នើដោយទទូច សុំបញ្ចូលវ៉ាក់សាំងការពារជំងឺរលាកសួតឱ្យបាននៅក្នុងឆ្នាំ២០១៥  វ៉ាក់សាំងការពារជំងឺរលាក មាត់ស្បូន វ៉ាក់សាំងការពារជំងឺរាក និងវ៉ាក់សាំងការពារជំងឺរលាកខួរក្បាល នាពេលអនាគតផងដែរ” ។

 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចការនេះគឺជាប្រធានបទដ៏មានសារសំខាន់សម្រាប់ កម្ពុជាក្នុងការចូលរួមកាត់បន្ថយគម្លាត និងភាពខុសគ្នាទៅនឹងបណ្ដាប្រទេសឯទៀតនៅក្នុងតំបន់ និងបង្កើនលទ្ធភាពកុមារកម្ពុជាអោយទទួលបានថ្នាំបង្ការគ្រប់គ្នា ប្រកបដោយសមធម៌ដូចបណ្ដាប្រជាជាតិ នៅក្នុងកម្រិតពិភពលោកទាំងមូលនោះ។

 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅចំពោះមុខនេះដែររាជរដ្ឋាភិបាលនឹងនៅតែបន្ដកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន អនុវត្ដយ៉ាងម៉ឺងម៉ាត់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ព្រមទាំងបន្ដផ្ដោតការយកចិត្ដទុកដាក់ដល់ការអនុវត្ដ កម្មវិធីកែទម្រង់វិស័យសុខាភិបាលដែលបានដាក់ចេញកន្លងមក ពីព្រោះថាកិច្ចការទាំងអស់នេះមិនត្រឹមតែជាការងារស្លាប់រស់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីភាពម្ចាស់ការរបស់កម្ពុជា ក្នុងកិច្ចធានាអំពីសុខុមាលភាពរបស់ប្រជាជនផងដែរពិសេសទារក និងកុមារ។

 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថារាជរដ្ឋាភិបាលនីតិកាលទី៥នេះ នឹងប្រឹងប្រែងបន្ដជំរុញអនុវត្ដ និងធ្វើបច្ចុប្បន្នកម្ម “ផែនការយុទ្ធសាស្ដ្រ វិស័យសុខាភិបាល២០០៨-២០១៥” ដើម្បីធានាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យសុខាភិបាល សំដៅលើកស្ទួយអនាម័យសុខុមាលភាព និងអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ដ្រី និងកុមារ ។ ជាមួយនេះ ខ្ញុំសូមប្រកាសផ្ដល់អាទិភាពដល់ការផ្ដល់ថ្នាំបង្ការឱ្យកុមារកម្ពុជាគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ និងជាតិសាសន៍ឡើយ។

 

គួរបញ្ជាក់ថា កម្មវិធីជាតិផ្ដល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានចាប់ផ្ដើមសកម្មភាពឡើងវិញក្នុងឆ្នាំ១៩៨៦ នៅក្រោយកម្ពុជាបានបញ្ចប់របបប្រល័យពូជសាសន៍ប៉ុលពត ដោយពេលនោះកម្ពុជាចាប់ផ្ដើម ពង្រីកការផ្ដល់ថ្នាំបង្ការដល់កុមារនៅខេត្ដមួយចំនួន និងក្រោយមកបានពង្រីកជាបន្ដបន្ទាប់នៅទូទាំងប្រទេសនៅឆ្នាំ១៩៨៨ ដែលនៅឆ្នាំ១៩៨៩ក៏បានផ្ដល់ថ្នាំបង្ការជំងឺតេតាណូសដល់ស្ដ្រីមានផ្ទៃពោះផងដែរ។

 

សម្ដេចតេជោថ្លែងថា នៅក្នុង ឆ្នាំ១៩៩៤ រូបខ្ញុំផ្ទាល់បានប្ដេជ្ញាចិត្ដ ជាមួយអង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ឱ្យបាននូវជំងឺគ្រុនស្វិតដៃជើង ហើយបើខ្ញុំមិនយល់ច្រឡំទេនោះគឺតាមរយៈការខិតខំរួមគ្នានេះហើយបានធ្វើឱ្យករណីជំងឺគ្រុនស្វិតដៃជើងកើតមាននៅកម្ពុជាត្រឹមឆ្នាំ១៩៩៧ប៉ុណ្ណោះ រួចមកកម្ពុជាទទួលបានការទទួលស្គាល់ និងការផ្ដល់វិញ្ញាបនបត្រថា “គ្មានជំងឺគ្រុនស្វិតដៃជើងនៅក្នុងឆ្នាំ ២០០០”។

 

សម្ដេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា ខ្ញុំសូមជម្រាបជូនក្រុមប្រឹក្សាភិបាលសម្ព័ន្ធហ្គាវីឱ្យបានជ្រាបដែរថា ជាលទ្ធផលនៅក្នុងឆ្នាំ២០១២កន្លងទៅនេះ កម្ពុជាបានទទួលជោគជ័យយ៉ាងខ្ពស់ដោយក្នុងនោះ កម្ពុជាបានកាត់បន្ថយអត្រាឆ្លងជំងឺថ្លើមប្រភេទបេមកក្រោម២ភាគរយលើ កុមារអាយុ៥ឆ្នាំ ហើយចាប់តាំងពីខែធ្នូ ឆ្នាំ២០១១មក កម្ពុជាក៏មិនមានជំងឺកញ្ជ្រឹលទៀតដែរ។ ទន្ទឹមនេះខ្ញុំក៏សូម បញ្ជាក់ថាកម្ពុជាបានប្ដេជ្ញាបញ្ចូលវ៉ាក់សាំងថ្មីៗទៀត និងគិតដល់របៀបនៃការផ្ដល់ថ្នាំបង្ការឱ្យកុមារទាំងអស់ ឱ្យបានកាន់តែទូលំទូលាយនិងប្រកបដោយសមធម៌ផងដែរ។ បច្ចុប្បន្ននេះ កម្មវិធីជាតិផ្ដល់ថ្នាំបង្ការបានផ្ដល់ថ្នាំបង្ការដល់ប្រជាពលរដ្ឋចំនួនប្រាំបីមុខរួមមានជំងឺ តេតាណូស ខាន់ស្លាក់ ក្អកមាន់ របេង រលាកថ្លើមប្រភេទបេ កញ្ជ្រឹល រលាក សួត និងគ្រុនស្វិតដៃជើង ហើយថ្មីៗនេះកម្មវិធីបានបញ្ជូលវ៉ាក់សាំងជំងឺកញ្ជ្រឹល និងជំងឺស្អូចរួមគ្នាដែលចាក់ទៅលើកុមារមានអាយុចាប់ពី៩ខែដល់១៥ឆ្នាំ ដោយមានកុមារប្រមាណ៤,៥លាននាក់នឹងទទួលបានវ៉ាក់សាំងនេះ ដោយចែកចេញជាបីដំណាក់កាលដែល ដំណាក់កាលទី១ ចាប់ពីថ្ងៃទី២១ខែ តុលាដល់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៣ ដោយមានកុមារប្រមាណ១,៥លាន នាក់ បានទទួលវ៉ាក់សាំងនេះដំណាក់ កាលទី២ចាប់ផ្ដើមពីថ្ងៃទី១២ ខែវិច្ឆិកា ដល់ដើមខែធ្នូឆ្នាំ២០១៣ និងដើមខែធ្នូ ទៅជាដំណាក់កាលទី៣។

 

អង្គការ GAVI គឺជាសម្ព័ន្ធនៃក្រុមប្រទេសមួយចំនួនមូលនិធិ និងសហគ្រាសដើម្បីផ្ដល់វ៉ាក់សាំងឬការ ផ្ដល់ថ្នាំបង្ការដល់ប្រទេសកំពុងអភិវឌ្ឍ។     

 

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាលបានឱ្យដឹងថា អង្គការហ្គាវីបានចាប់ផ្ដើមជួយដល់ ប្រទេសកម្ពុជានៅឆ្នាំ២០០១ អង្គការនេះបានផ្ដល់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេ ជំងឺខាន់ស្លាក់ តេតាណូស,ក្អកមាន់ ជំងឺរលាកសួត ជំងឺកញ្ជ្រឹល និងជំងឺស្អូច។ ការផ្ដល់ជំនួយរបស់អង្គការហ្គាវីចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ ២០១៣ មានទឹកប្រាក់ចំនួន ៣៨.៧៦៧-.៨០០ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ៤៧.៨០០.៣៨៧ ដុល្លារអាមេរិក ដែលហ្គាវីបានអនុម័តពី ឆ្នាំ២០០១ដល់២០១៦ រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗប្រមាណ១០ភាគរយ នៃតម្លៃវ៉ាក់សាំង និងនៅឆ្នាំ២០១៣នេះប្រាក់ បដិភាគមានចំនួន ៣.៥៤៤.៤០៧ ដុល្លារអាមេរិក។ ជាលទ្ធផល ចាប់ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០១២ អត្រាគ្របដណ្ដប់វ៉ាក់សាំងប្រាំមុខបញ្ចូលគ្នា ដូចជាខាន់ស្លាក់ តេតាណូស ក្អកមាន់ រលាកថ្លើម ប្រភេទបេ និងរលាកសួត បានកើនឡើងពី៧០ភាគរយ ក្នុងឆ្នាំ២០១១ ដល់៩៥ ភាគរយក្នុងឆ្នាំ២០១២៕

 ដោយ៖ តារារិទ្ធ (វែបសាយរស្មីកម្ពុជា ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់