មណ្ឌលគីរី ១៨ មករា ២០១៣៖ អនុវត្តតាមស្មារតីនៃសេចក្ដីសម្រេចលេខ ៤៣២៩ សសរ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតក្រុមសិក្សាវាយតម្លៃស្ថានភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិភូនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន
ក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានចុះធ្វើការសិក្សា វាយតម្លៃអំពីស្ថានភាពការគ្រប់គ្រង និងដំណើរការទូទៅរបស់រដ្ឋបាលខេត្តមណ្ឌលគីរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១១ខែមករា ឆ្នាំ២០១៣។
នេះគឺជាការសិក្សាវាយតម្លៃដែលមានលក្ខណៈស៊ីជម្រៅដោយផ្ដោតសំខាន់លើរចនាសម្ព័ន្ធគ្រប់គ្រង ប្រព័ន្ធគណនេយ្យភាព របៀបរបបការងារ ការអនុវត្តតួនាទីនិងភារកិច្ច ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងថវិកា ស្ថានភាពការិយាល័យធ្វើការងារ និងបរិក្ខារការគាំទ្របច្ចេកទេស និងការរៀបចំអនុវត្តសកម្មភាពផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
គណៈប្រតិភូដែលចុះធ្វើការសិក្សាវាយតម្លៃនេះដឹកនាំដោយ ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប សមាជិកក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន និងលេខាធិការដ្ឋានគ.ជ.អ.ប បានជួបជាមួយក្រុមប្រឹក្សាខេត្ត មណ្ឌលគីរី គណៈអភិបាលខេត្ត គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល និងទីចាត់ការទាំងប្រាំរបស់រដ្ឋបាលខេត្តមណ្ឌលគីរី និងជ្រើសរើសយកស្រុកមួយដើម្បីធ្វើការសម្ភាសន៍ទាក់ទងនឹងស្ថានភាពគ្រប់គ្រង និងកាបំពេញតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី។
បន្ទាប់មកប្រតិភូបានចុះសិក្សាវាយតម្លៃរដ្ឋបាលស្រុកសែនមនោរម្យ ដោយបានចុះជួបសម្ភាសន៍ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ នាយករដ្ឋបាល ប្រធានការិយាល័យ និងមន្ត្រីការិយាល័យរបស់ស្រុកសែនមនោរម្យទាក់ទងនឹងការអនុវត្តការងាររបស់រដ្ឋបាលស្រុកនោះផងដែរ។
ឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងនៅក្នុងពិធីជួបជាមួយរដ្ឋបាលខេត្ត និងស្រុកថា គោលបំណងនៃការសិក្សាវាយតម្លៃនេះដើម្បី៖
- ធ្វើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងការងារនៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ រចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រង និងរបៀបរបបធ្វើការងារដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ឲ្យដំណើរការអនុវត្តនិងប្រើប្រាស់ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើកទី១ រហូតមកដល់ពេលនេះនៅមិនទាន់បានធ្វើការសិក្សាវាយតម្លៃអំពីប្រសិទ្ធភាព ឬបញ្ហាប្រឈមនានានៅឡើយទេ។
- ក្ដាប់ឲ្យបានអំពីតម្រូវការចាំបាច់នានា និងសំណូមពរផ្សេងៗ របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តការងារប្រចាំថ្ងៃ ក្នុងនោះរួមមាន ក្រុមប្រឹក្សា គណៈ អភិបាល គណៈកម្មាធិការនានា នាយករដ្ឋបាល ទីចាត់ការ និងការិយាល័យផ្សេងៗចំណុះឲ្យរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង សាលាស្រុក។ ដើម្បីធ្វើជាមូលដ្ឋានក្នុងការកែលម្អឡើងវិញនូវរាល់ចំណុចខ្វះខាតសំដៅធ្វើឲ្យដំណើរការរដ្ឋបាលនៅថ្នាក់ក្រោមជាតិអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព។
- រៀបចំលិខិតបទដ្ឋានគតិយុត្តិសម្រាប់ទ្រទ្រង់ សំដៅឆ្លើយតបទៅនិងតម្រូវការជាក់ស្ដែងនាពេលខាងមុខដែលថ្នាក់ជាតិនឹងធ្វើការផ្ទេរនូវមុខងារ និងធនធាន ក៏ដូចជាប្រគល់នូវសិទ្ធអំណាចកាន់តែច្រើននិងច្បាស់លាស់ជាងមុនដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា ការសិក្សាវាយតម្លៃនេះនឹងធ្វើនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយក្រុមការងារវាយតម្លៃរបស់សាលាខេត្ត រាជធានីសាមីបន្ទាប់ពីក្រុមការងារសិក្សាវាយតម្លៃថ្នាក់ជាតិត្រូវបានបញ្ចប់៕