ប្រតិភូ​ក្រសួង​មហាផ្ទៃ​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​រដ្ឋបាល​ខេត្ត​មណ្ឌលគីរី

មណ្ឌលគីរី ១៨ មករា​ ២០១៣៖ អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​លេខ ៤៣២៩ សសរ ចុះ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ២០១២ របស់​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ការ​បង្កើត​ក្រុម​សិក្សា​វាយតម្លៃ​ស្ថានភាព​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​​

ក្រសួងមហាផ្ទៃ សហការ​ជា​មួយ​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​ចុះ​ធ្វើការ​សិក្សា​ វាយតម្លៃ​អំពី​ស្ថានភាព​ការ​គ្រប់គ្រង​ និង​ដំណើរការ​ទូទៅ​របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគីរី​ រយៈ​ពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​០៨-១១ខែ​មករា ឆ្នាំ​២០១៣។

 

MKR1នេះ​គឺ​ជា​ការ​សិក្សា​វាយតម្លៃ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ដោយ​ផ្ដោត​សំខាន់​លើ​រចនា​សម្ព័ន្ធ​គ្រប់គ្រង ប្រព័ន្ធ​គណនេយ្យ​ភាព របៀប​របប​ការងារ ការ​អនុវត្ត​តួនាទី​និង​ភារកិច្ច ការ​គ្រប់គ្រង​បុគ្គលិក ការគ្រប់គ្រង​ថវិកា ស្ថានភាព​ការិយាល័យ​ធ្វើ​ការងារ និង​បរិក្ខារ​ការ​គាំទ្រ​បច្ចេកទេស និង​ការ​រៀបចំ​អនុវត្ត​សកម្មភាព​ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ​ដំបូង ២០១១-២០១៣ (ផអ៣) នៃ​កម្មវិធី​ជាតិ​រយៈ​ពេល​១០​ឆ្នាំ (២០១០-២០១៩) សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។

 

គណៈប្រតិភូ​ដែល​ចុះ​ធ្វើការ​សិក្សា​វាយតម្លៃ​នេះ​ដឹកនាំ​ដោយ ឯក​ឧត្ដម ជាម ប៉េអា អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​អង្គភាព​ត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន​នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប សមាជិក​ក្រុមការងារ​​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន និង​លេខាធិការដ្ឋាន​គ.ជ.អ.ប​ បាន​ជួប​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត មណ្ឌលគីរី គណៈ​អភិបាលខេត្ត គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ នាយក​រដ្ឋបាល និង​ទីចាត់ការ​ទាំង​ប្រាំ​របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគីរី និង​ជ្រើសរើស​យក​ស្រុក​មួយ​ដើម្បី​ធ្វើការ​សម្ភាសន៍​ទាក់ទង​នឹង​ស្ថានភាព​គ្រប់គ្រង និង​កា​បំពេញ​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគីរី។

 

MKR3បន្ទាប់​មក​ប្រតិភូ​បាន​ចុះ​សិក្សា​វាយ​តម្លៃ​រដ្ឋបាល​ស្រុក​សែនមនោរម្យ ដោយ​បាន​ចុះ​ជួប​សម្ភាសន៍​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាល​ស្រុក គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ នាយក​រដ្ឋបាល ប្រធាន​ការិយាល័យ និង​មន្ត្រី​ការិយាល័យ​របស់​ស្រុក​សែនមនោរម្យ​ទាក់ទង​នឹង​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​ស្រុក​នោះ​ផង​ដែរ។

 

ឯក​ឧត្ដម ជាម ប៉េអា អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​អង្គភាព​ត្រួតពិនិត្យ វាយតម្លៃ និង​ព័ត៌មាន​នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​រដ្ឋបាល​ខេត្ត​ និង​ស្រុក​ថា គោលបំណង​នៃ​ការសិក្សា​វាយតម្លៃ​នេះ​ដើម្បី៖

  • ធ្វើការ​ពិនិត្យ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​ការងារ​នៅ​គ្រប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​  រចនាសម្ព័ន្ធ​ប្រព័ន្ធ​គ្រប់គ្រង និង​របៀបរបប​ធ្វើ​ការងារ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ដាក់​ឲ្យ​ដំណើរការ​អនុវត្ត​និង​ប្រើ​ប្រាស់​ចាប់​តាំង​ពី​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើក​ទី​១ រហូត​មកដល់​ពេល​នេះ​នៅ​មិនទាន់​បាន​ធ្វើការ​សិក្សា​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​ ឬ​បញ្ហា​ប្រឈម​នានា​នៅឡើយ​ទេ។
  • ក្ដាប់​ឲ្យ​បាន​អំពី​តម្រូវការ​ចាំបាច់​នានា និង​សំណូមពរ​ផ្សេងៗ  របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ ក្នុង​នោះ​រួមមាន​ ក្រុមប្រឹក្សា គណៈ អភិបាល គណៈកម្មាធិការ​នានា នាយក​រដ្ឋបាល ទីចាត់ការ និង​ការិយាល័យ​ផ្សេង​ៗ​ចំណុះ​ឲ្យ​រចនាសម្ព័ន្ធ​សាលា​ខេត្ត សាលាក្រុង សាលាស្រុក។ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​កែ​លម្អ​ឡើងវិញ​នូវ​រាល់​ចំណុច​ខ្វះខាត​សំដៅ​ធ្វើឲ្យ​ដំណើរការ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។
  • រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​សម្រាប់​ទ្រទ្រង់ ​សំដៅ​ឆ្លើយតប​ទៅ​និង​តម្រូវការ​ជាក់ស្ដែង​នា​ពេល​ខាងមុខ​ដែល​ថ្នាក់​ជាតិ​នឹង​ធ្វើការ​ផ្ទេរ​នូវ​មុខងារ និង​ធនធាន​ ក៏​ដូចជា​ប្រគល់​នូវ​សិទ្ធ​អំណាច​កាន់តែ​ច្រើន​និង​ច្បាស់​លាស់​ជាង​មុន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​អនុវត្ត​ក្នុង​នាម​រាជរដ្ឋាភិបាល ។

 

គួរ​បញ្ជាក់​ថា ការសិក្សា​វាយតម្លៃ​នេះ​នឹង​ធ្វើ​នៅ​គ្រប់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ក្រុម​ការងារ​វាយតម្លៃ​របស់​សាលាខេត្ត រាជធានី​សាមី​បន្ទាប់​ពី​ក្រុម​ការងារ​សិក្សា​វាយតម្លៃ​ថ្នាក់​ជាតិ​ត្រូវ​បាន​បញ្ចប់​៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់