កំពង់ធំ ១៨ មករា ២០១៣៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ មានដំណើរទស្សនៈកិច្ចមួយរបស់លោក Allassane Sow តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាដែលអមដំណើរដោយលោកស្រី ចំរើនមុតិតា ប្រធានក្រុមការងារគាំទ្រគម្រោង LASED របស់ធនាគារពិភពលោក ក្រោមការដឹកនាំ និងសម្របសម្រួលរបស់
ឯកឧត្តមបណ្ឌិត សារេត បូរាមី អគ្គនាយករងនៃក្រសួងរៀបចំដែនដី នគរូបណីកម្ម និង សំណង់ និងជានាយកគម្រោង LASED ថ្នាក់ជាតិ និង លោក លី គីមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីនិងទីប្រឹក្សាអនុវត្តន៏គម្រោង ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំសរុបចំនួន ២៨នាក់ (ស្រី ០៤នាក់)។ ដំណើរទស្សនៈកិច្ចនេះមានគោលបំណងស្វែងយល់លើសមិទ្ធិផលសំខាន់ៗ ក៏ដូចជាការបង្ករបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់ដីសម្បទានសង្គមកិច្ចដែលបាន និងកំពុងមានដំណើរការយ៉ាងរលូននិងប្រកបដោយផ្លែផ្ការ។
ក្នុងឱកាសនោះដែរក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខតំណាងប្រជាពលរដ្ឋចំនួន១០៩
គ្រួសារ (ស្រី៧៨នាក់) លើបញ្ហាជីវភាពរស់នៅ ក៏ដូចជាការប្រកបរបរកសិកម្មដាំដុះបន្ទាប់ពីបានទទួលនូវដីសម្បទានសង្គមកិច្ចនេះ។ តំណាងប្រជាពលរដ្ឋបានបំភ្លឺជូនថា៖ មុនពេលទទួលបានដីសម្បទានសង្គមកិច្ចនេះប្រជាពលរដ្ឋយើងខ្ញុំមានការលំបាកខ្លាំង ដោយគ្រួសាខ្លះអត់ដី និងខ្លះខ្វះដីបង្កបង្កើនផល ជីវភាពកាន់តែក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ។
ប៉ុន្តែក្រោយពីទទួលបានដីសម្បទានសង្គមកិច្ចនេះប្រជាពលរដ្ឋយើងខ្ញុំមានការ សប្បាយរីករាយយ៉ាងខ្លាំងដោយមានការជួយគាំទ្រពីធនាគារពិភពលោក អង្គការដៃគូបានឧបត្ថម្ភជាសំភារៈប្រើប្រាស់ ក៏ដូចជាបានផ្តល់នូវការបណ្តុះបណ្តាល ជាពិសេសបានផ្តល់នូវបច្ចេកទេសកសិកម្មដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារគម្រោង សហការជាមួយមន្ទីរកសិកម្ម និងអង្គការ GIZ ដែលបានធ្វើអោយប្រជាជនមានលទ្ធភាព និងសមត្ថភាពក្នុងការដាំដុះបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ក្នុងតំរូវការរបស់គ្រួសារ និងថែមទាំងអាចយកទៅលក់បានប្រាក់កំរៃមកផ្គត់ផ្គង់ជីវភាពបន្ថែមទៀតផង ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋបានសំណូមពរអោយមានការគាំទ្របន្តទៀតត្បិតពួកគាត់ទើបងើបផុតពីភាពក្រីក្របានមួយកំរិតនិងមិនទាន់មានលទ្ធភាពក្នុងការទ្រទ្រង់គ្រួសារអោយបានរឹងមាំនៅឡើយ។ បន្ទាប់ពីបានពិភាក្សាស្វែងយល់ជាមួយតំណាងប្រជាពលរដ្ឋ ក្រុមការងារក៏បានបង្ហាញជូន លោក Allassane Sow បន្ថែមលើផែនទីរៀបចំប្លង់ដីលំនៅដ្ឋាន ប្លង់ដីកសិកម្ម ទីតាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត មានផ្លូវលំក្នុងភូមិ ប៉ុស្ត៍សុខភាព សាលារៀន អណ្តូងទឹកស្អាត ។ល។ និងទីតាំងផ្សេងៗជាច្រើនទៀត ។
បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក និងការផ្លាស់ប្តូរយោបល់ជាមួយប្រជាពលរដ្ឋរួចមក ក្រុមការងារនិងតំណាងធនាគារពិភពលោកបានបន្តចុះជួបសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូក្នុងសាលាបឋមសិក្សាសែនអភិវឌ្ឍន៏ ដែលមានកុមារា កុមារីចំនួនប្រមាណ ៧២នាក់ ដែលកំពុងសិក្សារៀនសូត្រនៅក្នុងថ្ងៃនោះ។
ជាបន្តក្រុមការងារ និងតំណាងធនាគារពិភពលោកបានទៅទស្សនាដោយផ្ទាល់បន្ថែមដល់ទីតាំងប៉ុស្ត៍សុខភាព ដោយបានធ្វើការសាកសួរជាមួយក្រុមការងារតំណាងមន្ទីរសុខាភិបាល និងបានចុះពិនិត្យជាក់ស្តែងក្នុងការដាំដុះបន្លែរបស់ប្រជាពលរដ្ឋ ការចិញ្ចឹមមាន់ ក៏ដូចបានផ្តល់នូវអនុសាសន៏ដល់កសិករក្នុងការធានាបាននូវនិរន្តរភាពក្នុងការប្រកបរបរកសិកម្មនេះ ដើម្បីទ្រទ្រង់ជីវភាពអោយកាន់តែប្រសើរឡើង។
ក្រោយពីបានពិនិត្យ ស្វែងយល់ និងវាយតម្លៃ អំពីការអនុវត្តគម្រោងដល់ទីតាំងជាក់ស្តែងរួចមក
ក្រុមការងារ និងតំណាងធនាគារពិភពលោកអាចសន្និដ្ឋានបានជារួមថាប្រជាពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចក្នុងឃុំទីពោនេះមានភាពឧស្សាហ៍ព្យាយាមខ្ពស់ក្នុងការដាំដុះ ចិញ្ចឹមសត្វ យកចិត្តទុកដាក់ថែរក្សានូវសមិទ្ធិផលសហគមន៍ និងបានខិតខំក្នុងការបង្កបង្កើនផលដើម្បីអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនសមស្របនិងគោលបំណងរបស់គម្រោងដែលនេះជាមោទនភាពមួយស្តែងចេញពីការខិតខំប្រឹងប្រែងដឹកនាំដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមានការសហការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពិសេសសហគមន៍មូលដ្ឋានក្នុងការចូលរួម និងអនុវត្តន៍៕ រៀបចំដោយ លោក គាម ហាន ទីប្រឹក្សាប្រតិបត្តិខេត្តកំពង់ធំ