ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ Allassane Sow តំណាង​ធនាគារ​ពិភព​លោក​​ប្រចាំ​ប្រទេស​​កម្ពុជា ​មក​កាន់​តំបន់​ដី​សម្បទាន​សង្កម​កិច្ច ទីពោ ឃុំទីពោ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ

កំពង់ធំ ១៨ មករា ២០១៣៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៣ មាន​ដំណើរ​ទស្សនៈកិច្ច​មួយ​របស់​លោក Allassane Sow តំណាង​​ធនា​គារ​​ពិភព​​លោក​​​ប្រចាំ​ប្រទេស​កម្ពុជា​​ដែល​អម​ដំណើរ​ដោយ​លោកស្រី ចំរើនមុតិតា ប្រធាន​ក្រុម​ការងារ​​គាំទ្រ​គម្រោង LASED ​របស់ធនាគារពិភពលោក​ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់

ឯកឧត្តម​បណ្ឌិត សារេត បូរាមី អគ្គនាយករង​នៃក្រសួង​​រៀបចំ​ដែនដី នគរូបណីកម្ម និង​ សំណង់ និងជានាយកគម្រោង LASED ​ថ្នាក់ជាតិ និង លោក លី គីមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីនិង​ទីប្រឹក្សា​អនុវត្តន៏គម្រោង ​ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំសរុប​ចំនួន ២៨នាក់ (ស្រី ០៤​នាក់)។​ ដំណើរទស្សនៈកិច្ចនេះ​មានគោលបំណងស្វែង​យល់លើសមិទ្ធិផលសំខាន់ៗ ក៏ដូចជាការបង្ករបង្កើនផលកសិកម្មរបស់ប្រជាព​លរដ្ឋ​​ក្នុង​តំបន់​ដី​សម្ប​ទាន​សង្គមកិច្ចដែលបាន និងកំពុងមានដំណើរការយ៉ាងរលូន​និងប្រកបដោយផ្លែផ្ការ។​ wb-visit-1

 ក្នុងឱកាសនោះដែរក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខតំណាងប្រជាពលរដ្ឋចំនួន​​១០៩

គ្រួសារ (ស្រី៧៨នាក់) ​​លើបញ្ហាជីវភាពរស់នៅ ក៏ដូចជាការប្រកបរបរកសិកម្មដាំដុះបន្ទាប់ពីបាន​ទទួល​នូវដីសម្បទានសង្គមកិច្ចនេះ។​ តំណាងប្រជាពលរដ្ឋបានបំភ្លឺជូនថា៖ មុនពេល​ទទួល​បាន​ដីសម្បទានសង្គម​កិច្ចនេះប្រជាពលរដ្ឋយើងខ្ញុំមានការលំបាកខ្លាំង ដោយគ្រួសាខ្លះ​អត់ដី និងខ្លះខ្វះ​ដីបង្កបង្កើនផល ជីវភាព​កាន់តែក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ​។

 

ប៉ុន្តែក្រោយពីទទួលបាន​​ដីសម្បទាន​​​​​សង្គម​កិច្ច​នេះប្រជាពល​រដ្ឋ​យើង​ខ្ញុំមានការ សប្បាយរីករាយយ៉ាងខ្លាំង​ដោយមានការជួយគាំ​ទ្រពីធនាគារ​ពិភព​លោក អង្គការ​ដៃគូ​បាន​ឧបត្ថម្ភ​ជា​សំភារៈប្រើប្រាស់ ក៏ដូចជាបានផ្តល់នូវការបណ្តុះបណ្តាល ជាពិសេសបានផ្តល់នូវបច្ចេកទេស​កសិកម្ម​ដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារគម្រោង សហការជាមួយមន្ទីរ​កសិកម្ម និងអង្គការ GIZ ដែលបានធ្វើអោយប្រជាជនមានលទ្ធភាព និងសមត្ថភាពក្នុងការដាំដុះ​បន្លែ​បង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ក្នុងតំរូវការរបស់គ្រួសារ និងថែមទាំងអាចយកទៅលក់បានប្រាក់កំរៃ​មក​ផ្គត់​ផ្គង់ជីវភាពបន្ថែមទៀតផង ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋបានសំណូមពរអោយមាន​ការគាំទ្របន្តទៀត​ត្បិតពួកគាត់ទើបងើបផុតពីភាពក្រីក្របានមួយកំរិតនិងមិនទាន់មានលទ្ធភាព​ក្នុងការទ្រទ្រង់គ្រួសារអោយ​បាន​​រឹងមាំ​នៅឡើយ។​ បន្ទាប់ពីបានពិភាក្សាស្វែងយល់ជាមួយតំណាងប្រជាពលរដ្ឋ ក្រុមការងារក៏​បាន​​បង្ហាញជូន លោក Allassane Sow បន្ថែមលើផែនទីរៀបចំប្លង់ដីលំនៅដ្ឋាន ប្លង់ដីកសិកម្ម ទីតាំងសម្រាប់ហេដ្ឋារចនា​សម្ព័ន្ឋ​រូបវ័ន្ត មានផ្លូវលំក្នុងភូមិ   ប៉ុស្ត៍សុខភាព សាលារៀន អណ្តូងទឹកស្អាត ។ល។ និងទីតាំងផ្សេងៗ​ជា​ច្រើនទៀត ។  wb-visit-2

 បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក និងការផ្លាស់ប្តូរយោបល់ជាមួយប្រជាពលរដ្ឋរួចមក ក្រុម​ការ​ងារនិងតំណាងធនាគារពិភពលោកបានបន្តចុះជួបសិស្សានុសិស្ស លោកគ្រូ​ អ្នកគ្រូក្នុងសាលាបឋម​សិក្សា​​សែនអភិវឌ្ឍន៏ ​ដែលមាន​កុមារា កុមារី​​ចំនួនប្រមាណ ៧២នាក់ ដែល​កំពុងសិក្សារៀន​សូត្រ​នៅក្នុង​ថ្ងៃ​នោះ។​

 

ជាបន្តក្រុមការងារ និងតំណាងធនាគារពិភពលោក​បានទៅទស្សនាដោយផ្ទាល់​បន្ថែមដល់​ទីតាំង​ប៉ុស្ត៍សុខភាព ដោយបានធ្វើការសាកសួរជាមួយក្រុមការងារតំណាងមន្ទីរសុខាភិបាល និងបានចុះពិនិត្យ​ជាក់​ស្តែងក្នុង​ការ​ដាំ​ដុះបន្លែរបស់ប្រជាពលរដ្ឋ ការចិញ្ចឹមមាន់ ក៏ដូចបានផ្តល់នូវអនុសាសន៏ដល់កសិករ​ក្នុងការធានាបាននូវនិរន្តរភាពក្នុងការប្រកបរបរកសិកម្មនេះ ដើម្បីទ្រទ្រង់ជីវភាពអោយកាន់​តែប្រសើរ​ឡើង។​  wb-visit-3

 ក្រោយពីបានពិនិត្យ ស្វែងយល់ និង​​វាយតម្លៃ អំពីការអនុវត្ត​​​​​​គម្រោងដល់​ទីតាំងជាក់ស្តែងរួចមក

ក្រុមការងារ និងតំណាងធនាគារពិភពលោកអាចសន្និដ្ឋានបានជារួមថាប្រជាពលរដ្ឋ​ទទួល​បានដីសម្បទាន​សង្គមកិច្ចក្នុងឃុំទីពោនេះមានភាពឧស្សាហ៍ព្យាយាមខ្ពស់ក្នុងការដាំដុះ ចិញ្ចឹមសត្វ យកចិត្តទុកដាក់​ថែរក្សា​​នូវ​​សមិទ្ធិ​ផល​​​​​​សហគមន៍ និងបានខិតខំក្នុងការបង្កបង្កើន​ផលដើម្បីអភិវឌ្ឍន៍ជីវភាព​របស់ខ្លួនសម​ស្រប​​​និងគោល​បំណង​របស់គម្រោងដែលនេះជាមោទនភាពមួយ​ស្តែងចេញពីការខិតខំប្រឹងប្រែង​ដឹកនាំ​ដោយ​យកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង​មានការសហការប្រកបដោយប្រសិទ្ធភាពជាមួយ​អ្នក​​ពាក់ព័ន្ធទាំងអស់ ពិសេសសហគមន៍​មូលដ្ឋានក្នុងការចូលរួម និងអនុវត្តន៍៕ រៀបចំដោយ លោក គាម​ ហាន ទីប្រឹក្សាប្រតិបត្តិខេត្តកំពង់ធំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់