ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​លើស​ឈាម​មិន​អាច​ព្យាបាល​ជា​សះស្បើយ​បាន​ឡើយ​

ភ្នំពេញ ២៨ វិច្ឆិកា ២០១៣៖ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាជំងឺរ៉ាំរ៉ៃមិនអាច ព្យាបាលឲ្យជាសះស្បើយបានឡើយ ហើយការព្យាបាលត្រូវប្រើអស់មួយជីវិត…

 

ភ្នំពេញ ២៨ វិច្ឆិកា ២០១៣៖ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាជំងឺរ៉ាំរ៉ៃមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ ហើយការព្យាបាលត្រូវប្រើអស់មួយជីវិត គឺខ្លួនត្រូវជួយខ្លួនឯង អ្នកជំងឺជួយអ្នកជំងឺដូចគ្នា មិត្តជួយមិត្ត ព្រោះក្រសួងសុខាភិបាល បានកំណត់យ៉ាងច្បាស់ថា បណ្តាញមិត្តអប់រំមិត្ត ជំងឺឆ្លងនេះជាដៃគូចម្បងលើការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង នេះជាប្រសាសន៍របស់ ឯកឧត្តម អ៊ឹង ភិរុន រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបាន ថ្លែងក្នុងពិធីប្រារព្ធទិវា ទឹកនោមផ្អែមពិភពលោក នៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅ។

 

ឯកឧត្តម អ៊ឹង ភិរុន បញ្ជាក់ថាឆ្លងតាមការសិក្សាសង្កេតស្រាវជ្រាវឃើញថា ប្រជាជនកម្ពុជា យើងកំពុងតែប្រឈមទៅនឹងអត្រា កើតយ៉ាងឆាប់រហ័សនូវជំងឺមិនឆ្លង ជាពិសេសជំងឺ ទឹកនោមផ្អែម និងជំងឺលើសឈាម ដែលបញ្ហាទាំងនេះជាបន្ទុកយ៉ាងធ្ងន់ មួយបន្ថែមទៀត ទៅលើបន្ទុកដែលកំពុងមានស្រាប់របស់រាជរដ្ឋាភិបាល។

 

កន្លងមកក្រសួងសុខាភិបាលបានខិតខំពង្រឹង និងពង្រីកការផ្តល់សេវាថែទាំព្យាបាលជូនដល់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុង ព្រះរាជាណាចក្រកម្ពុជាដូចជាផ្នែក សំណុំសកម្មភាពបង្រ្គប់ នៅតាមមន្ទីរពេទ្យបង្អែក និងសំណុំសកម្មភាពអប្បបរមានៅ តាមមណ្ឌលសុខាភាពនានា រួមទាំងការអប់រំផ្តល់សេវាអប់រំ-បង្ការនៅតាមសហគមន៍នានាក្នុងទូទាំងប្រទេសផងដែរ ។

 

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានរៀបចំឲ្យមានគ្លីនិកសម្រាប់ទទួលធ្វើការផ្តល់សេវា ព្យាបាលថែទាំព្យាបាលដល់អ្នកជំងឺ ទឹកនោមផ្អែម ដែលជាប្រព័ន្ធព្យាបាលជាប់ជាបន្តដែល តម្រូវឲ្យអ្នកជំងឺត្រឡប់មកទទួលការពិនិត្យសារជាថ្មី តាមការណាត់ជួប ពីសំណាក់គ្រូពេទ្យ ព្យាបាល ដែលជាអ្នកផ្តល់សេវាថែទាំព្យាបាលដោយពុំចាំបាច់ឲ្យអ្នកជំងឺមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ គឺត្រូវចេះបង្ការកត្តាគ្រោះថ្នាក់របស់វាដូច្នេះវាទាមទារឲ្យយើងទាំងអស់គ្នា ខិតខំព្យាយាមធ្វើការអប់រំជូនដល់ប្រជាជន សហគមន៍របស់យើងឲ្យយល់ច្បាស់ អំពីជំងឺ មិនឆ្លងកត្តាគ្រោះថ្នាក់របស់ជំងឺមិនឆ្លង និងជាពិសេសឲ្យអ្នកទាំងនោះយល់ច្បាស់ថា ជំងឺទឹក នោមផ្អែម ជំងឺលើសឈាម និងជំងឺរ៉ាំរៃមួយ ចំនួនទៀពុំអាចធ្វើការព្យាបាលឲ្យជាសះស្បើយ បានឡើយ ប៉ុន្តែជំងឺទាំងនេះ តម្រូវឲ្យមានការថែទាំ- ព្យាបាលជាប់បន្តអស់មួយជីវិត ពោលគឺ ត្រូវប្រើប្រាស់ថ្នាំផង និងចេះគ្រប់គ្រងថែទាំខ្លួនឯងផង ។

 

ការបង្ការជំងឺទឹកនោមផ្អែមសារសំខាន់គឺការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងទាន់ពេល វេលា ។ ផលប្រយោជន៍នៃការប្រើប្រាស់ថ្នាំយូរអង្វែងមួយជីវិត ការគោរពរបបអាហារហូបចុក តាមការណែនាំរបស់គ្រូពេទ្យ ការហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីឲ្យកម្រិតជាតិស្ករក្នុង ឈាមស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន ។

 

ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកំពង់ធំបញ្ជាក់ថា ជំងឺទឹកនោមផ្អែមជាឃាតករលាក់ មុខដែលសម្លាប់មនុស្សដោយស្ងាត់កំបាំង និងដ៏គ្រោះថ្នាក់សម្រាប់សុខភាពនិងសុខុមាល ភាពមនុស្សជាតិ ។

 

ជំងឺទឹកនោមផ្អែមនេះបង្កឲ្យមានបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់បុគ្គលអ្នកមានជំងឺផ្ទាល់ សម្រាប់ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។

 

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មានអ្នកកើតជំងឺទឹកនោម ផ្អែមចំនួន ៣៤៧ លាននាក់ ដែលក្នុង នោះលើសពី ៨០% កើតមាននៅបណ្តាប្រទេសដែលមានចំណូលតិច និងមធ្យម ។ នៅក្នុងឆ្នាំ ២០០៦ មានអ្នកស្លាប់ ដោយជំងឺ ទឹកនោមផ្អែមកើន ឡើង ២ ភាគ ៣។ ដោយឡែកតាមរយៈនៃការអង្កេតនាពេលថ្មីៗនេះ របស់ក្រសួងសុខាភិបាល កម្ពុជាបានបង្ហាញថាអត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាមានកម្រិត ខ្ពស់គឺប្រមាណ៧,៣% សម្រាប់អ្នកនៅទីក្រុង និងប្រមាណ៣,២% សម្រាប់អ្នករស់នៅជនបទដែលអត្រានេះខ្ពស់ជាងនៅក្នុងប្រទេសជិតខាង។នៅប្រទេសវៀតណាមអត្រានេះមានត្រឹមតែ៤,១%សម្រាប់អ្នកទីក្រុងនិង២,២% សម្រាប់អ្នក ជនបទ ៕

 

ដោយ៖ ស៊ុម វណ្ណា

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់