ចៅសង្កាត់ជាស្រ្តីដែលតស៊ូក្នុងការងារដើម្បីបម្រើប្រជាពលរដ្ឋ

ភ្នំពេញ ១៣ ធ្នូ ២០១៣៖ ការបញ្ជ្រាបយេនឌ័រ គឺជាកិច្ចការអន្តរវិស័យដ៏សំខាន់ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍៣ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ…

ភ្នំពេញ ១៣ ធ្នូ ២០១៣៖ ការបញ្ជ្រាបយេនឌ័រ គឺជាកិច្ចការអន្តរវិស័យដ៏សំខាន់ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍៣ឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

តាមការស្រាវជ្រាវរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងការបញ្ជ្រាបយេនឌ័រ ដែលជាវិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍកម្ពុជា បង្ហាញថាតួនាទីរបស់ស្ត្រីក្នុងកម្រិតនយោបាយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានកើនឡើងគួរអោយកត់សម្គាល់។ តួយ៉ាងតួលេខរបស់តំណាងស្ត្រីក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ បានកើនឡើងពី៨,៥% ក្នុងឆ្នាំ២០០២ បានកើនឡើងដល់១៥% ក្នុងឆ្នាំ២០០៧ និងបានកើនឡើងរហូតដល់១៧,៨% ក្នុងឆ្នាំ២០១២។ បើទោះជាមានតួលេខកើនឡើងយ៉ាងណាក្ដី ការបញ្ជ្រាបយេនឌ័រនៅតែជាវិស័យសំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងអាណត្តិថ្មីនេះ។

លោកស្រី ទិត្យ សំអុន អាយុ៦៥ឆ្នាំ ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជាប់ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ អស់រយៈពេល១៥ឆ្នាំ (៣អាណត្តិ) ហើយមក។ លោកស្រី ទិត្យ សំអុន បានប្រាប់ថា មូលហេតុដែលលោកស្រីត្រូវបានជ្រើសរើសជាចៅសង្កាត់រយៈពេល៣អាណត្តិនេះ គឺដោយសារលោកស្រីបានបម្រើប្រជាពលរដ្ឋបានដិតដល់ ដែលឆ្លើយតបទៅតាមតម្រូវការរបស់ពួកគេ និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវា និងការអភិវឌ្ឍនានា ។ មួយវិញទៀត លោកស្រី មានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងស្ថាប័ន អង្គភាពនានា ដែលទទួលបានសេចក្តីទុកចិត្តពីពួកគាត់។ «ខ្ញុំបានធ្វើជាចៅសង្កាត់នេះ ដោយសារខ្ញុំបានបម្រើប្រជាពលរដ្ឋដោយស្មោះ ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ខណ្ឌ រាជធានី»។
 

នៅមុនពេលក្លាយជាចៅសង្កាត់ លោកស្រី ទិត្យ សំអុន

បានធ្វើការងារជាច្រើនក្នុងការជួយដល់ប្រជាពលរដ្ឋ។

នៅឆ្នាំ១៩៨១ លោកស្រីបានធ្វើជាអនុប្រធានយុវជន

សង្កាត់សាក់សំពៅ ហើយរហូតដល់ឆ្នាំ១៩៩៣ ដោយ

មើលឃើញពីសក្ដានុពលរបស់លោកស្រី ក្រុមប្រឹក្សា

សង្កាត់បានជ្រើសរើសលោកស្រីជាសមាជិកក្រុម

ប្រឹក្សាសង្កាត់សាក់សំពៅ ហើយក៏ជាភ្នាក់ងាររបស់

អង្គការរ៉ាកជួយស្ត្រីក្នុងសង្កាត់ផងដែរ។

រហូតមកដល់ឆ្នាំ២០០២ រាជរដ្ឋាភិបាលបានធ្វើការ

បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាលើក

ដំបូង។ លោកស្រីក៏បានឈរឈ្មោះជាចៅសង្កាត់ហើយត្រូវបានជ្រើសរើសជាចៅសង្កាត់រហូតមកដល់សព្វថ្ងៃ។
   

លោកស្រី ទិត្យ សំអុន បានប្រាប់ថា៖ «ការធ្វើជាចៅសង្កាត់មិនមែនជាការងារយស្រួលទេ»។ ខ្ញុំត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យ ដូច្នេះត្រូវតែបម្រើប្រជាពលរដ្ឋឲ្យដិតដល់ ឲ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត»។

ជារឿយៗ លោកស្រី ទិត្យ សំអុន តែងនិយាយពាក្យមួយឃ្លាថា៖ «ហ៊ានថាហ៊ាន ធ្វើទៅមុខ ដើរមុន»។ លោកស្រីពន្យល់ថាចៅសង្កាត់ត្រូវតែហ៊ានគោរពពាក្យសន្យាជាមួយប្រជាពលរដ្ឋក្នុងការអភិវឌ្ឍ មិនមែនចាំតែមានការបញ្ជាពីថ្នាក់លើ ឬពីប្រជាពលរដ្ឋនោះទេ។

លោក អ៊ឹម សុគង់ ចៅសង្កាត់រងទី១ នៃសង្កាត់សាក់សំពៅ បានប្រាប់ថា ការដែលមានចៅសង្កាត់ជាស្រ្តីក៏អាចធ្វើអោយការងារក្នុងសង្កាត់ប្រព្រឹត្តទៅបានរលូនផងដែរ។ «ស្ត្រីមានចិត្តធ្ងន់ជាងបុរស។ ពេលដែលមានបញ្ហាអ្វី គាត់អាចគ្រប់គ្រងស្ថានការដោយអាចគ្រប់គ្រងកំហឹងបាន។ ម្យ៉ាងទៀត គាត់អាចចុះទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋបានជិតដិតជាងបុរស ដោយគាត់ជាស្ត្រី ងាយស្រួលនិយាយ និងយកចិត្តទុកដាក់បានគ្រប់ជ្រុងជ្រោយតាំងពីតូចដល់ធំ»។

លោកស្រីជាកូនទី៣ ក្នុងចំណោមបងប្អូន១៣នាក់

ដែលមានឪពុកជាគ្រូពេទ្យ និងម្ដាយជាស្ត្រីមេផ្ទះ ប៉ុន្តែ

បងប្អូន៦នាក់ និងឪពុក ម្តាយរបស់លោកស្រីបានស្លាប់

បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម លោកស្រី ទិត្យ សំអុន

រស់នៅតែម្នាក់ឯង ដោយស្នាក់នៅសាលាសង្កាត់ជា

ទីលំនៅ។ មិនមែនលោកស្រីគ្មានផ្ទះនោះទេ ប៉ុន្តែ

ដោយសារការស្រលាញ់ការងារសង្កាត់ លោកស្រី

តែងតែមកស្នាក់នៅសាលាសង្កាត់។ ជាលទ្ធផលដែល

លោកស្រីបានខិតខំបំរើប្រជាពលរដ្ឋ និងបំរើប្រទេស

ជាតិ។ លោកជំទាវ កែប ជុតិមា នៅឆ្នាំ២០១០ បាន

ប្រមូលថវិកាពីសប្បុរសជន ហើយបានសាងសង់ផ្ទះថ្មផ្ទាល់ដីជូនលោកស្រីមួយខ្នង។

ប្រជាពលរដ្ឋក្នុងសង្កាត់ភាគច្រើនស្រលាញ់ និងគោរពលោកស្រីចៅសង្កាត់ ដោយសារលោកស្រីជួយទុក្ខធុរៈ និងយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 
អ្នកស្រី សឿង កល្យាណ អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋក្នុងសង្កាត់សាក់សំពៅ បានប្រាប់ថា លោកស្រីចៅសង្កាត់យល់ចិត្តប្រជាជនបានល្អ បម្រើប្រជាជនហើយចិត្តល្អ។ អ្នកស្រីបន្ថែមថា៖ «លោកស្រីចៅសង្កាត់ ចិត្តបាន បម្រើប្រជាពលរដ្ឋបានល្អ ។ ពេលធ្វើសំបុត្រកំណើតផ្សេងៗគាត់ធ្វើអោយមិនពន្យាពេល មិនរើសពេលវេលាទេ នៅម៉ោងការងារ»។
ប្រជាពលរដ្ឋម្នាក់ទៀត លោកស្រី ចក់ ស្រីផាន អាយុ២៩ឆ្នាំ ជាស្ត្រីមេផ្ទះ រស់នៅសង្កាត់សាក់សំពៅ បានប្រាប់ថា លោកស្រីស្រលាញ់ និងចូលចិត្តលោកស្រីចៅសង្កាត់ ដោយសារគាត់ចេះជួយទុក្ខធុរៈប្រជាពលរដ្ឋ។ លោកស្រីចៅសង្កាត់ តែងតែចុះមកពន្យល់ណែនាំដល់ប្រជាពលរដ្ឋ។

គួរអោយកត់សម្គាល់ផងដែរ ក្នុងការដឹកនាំរបស់លោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ កន្លងមកបានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការសាងសង់ប៉ុស្តិ៍សុខភាព ប្រឡាយទឹក សាលារៀន និងជាពិសេសផ្លូវខ្វាត់ខ្វែងក្នុងភូមិ សង្កាត់ជាដើម និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនរើសអើង។
បើទោះជាមានការលំបាក មានវ័យកាន់តែចាស់ជរា បងប្អូន ក្មួយ សាច់ញាតិលោកស្រីស្នើអោយលោកស្រី ទិត្យ សំអុន លាឈប់ពីការងារជាចៅសង្កាត់ ហើយមកសម្រាកនៅផ្ទះក៏ដោយ ក៏លោកស្រីនៅតែមិនលាឈប់ដែរ។ លោកស្រីបានប្រាប់ថា៖«ការដឹកនាំតែងតែមានអ្នកខ្លះចូលចិត្ត និងមិនចូលចិត្ត និងបងប្អូនខ្ញុំមិនសប្បាយចិត្ត ហើយព្យាយាមបង្ខំអោយខ្ញុំលាឈប់ តែដោយសារការស្រលាញ់ការងារ ចង់នៅបម្រើប្រជាពលរដ្ឋ ខ្ញុំនៅតែខិតខំព្យាយាមធ្វើការ ប្រសិនបើប្រជាពលរដ្ឋនៅតែស្រលាញ់ និងគាំទ្រ»។

ដើម្បីដឹកនាំសង្កាត់អោយរីកចំរើនថែមទៀត

និងបម្រើប្រជាពលរដ្ឋអោយបានល្អនោះ  

  លោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ

បានប្រាប់ថា៖ «ខ្ញុំនឹងខិតខំកសាងទំនាក់ទំនង

ល្អជាមួយខណ្ឌ រាជធានីដោយសារថ្នាក់លើមិន

ដឹងថាយើងខ្វះខាតអ្វីទេ លុះត្រាតែយើងទៅ

ប្រាប់ ពឹងពាក់ដើម្បីធ្វើអោយសង្កាត់មានការ

រីកចម្រើន ក៏ដូចជាមានការទំនាក់ទំនងជាមួយ

អង្គការអភិវឌ្ឍន៍ផ្សេងៗ ដើម្បីកៀរគរជំនួយ

ដល់ប្រជាពលរដ្ឋ។ ការទំនាក់ទំនងល្អជាមួយ

ប្រជាពលរដ្ឋក៏ជាបញ្ហាសំខាន់ដែរគឺត្រូវជួយ

គាត់អោយទាន់ពេលវេលាពេលដែលមានបញ្ហា និងអប់រំពួកគាត់អោយចេះជួយថែរក្សាទ្រព្យសម្បត្តិ»។

ម្យ៉ាងវិញទៀតការដែលលោកស្រីទទួលបានភាពជោគជ័យក្នុងការងារជាចៅសង្កាត់ជាស្រ្តីជាច្រើនឆ្នាំមកនេះ ក៏ដោយសារមានការជួយគាំទ្រពីសមាជិកក្រុមប្រឹក្សាសង្កាត់សាក់សំពៅ និងបុគ្គលិករបស់សង្កាត់ផងដែរ។ ដោយៈ ជួន ចាន់ណា មន្ត្រីព័ត៌មាន/NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់