គណ​ប្រតិភូ​មីយ៉ាន់ម៉ា​ ស្វែង​យល់​ពី​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

ភ្នំពេញ ២៦ វិច្ឆិកា ២០១៣៖ គណប្រតិភូ ប្រទេសមីយ៉ាន់ម៉ាចំនួន ២៥នាក់ ក្នុងនោះ មានស្រ្តីចំនួន ៥នាក់ បានជួបប្រជុំពិភាក្សា ជាមួយ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គណកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីស្វែងយល់ពីដំណើរការកំណែរទម្រង់លទ្ធិប្រជាធិបតេយ្យ…

 

 

ភ្នំពេញ ២៦ វិច្ឆិកា ២០១៣៖ គណប្រតិភូ ប្រទេសមីយ៉ាន់ម៉ាចំនួន ២៥នាក់ ក្នុងនោះ មានស្រ្តីចំនួន ៥នាក់ បានជួបប្រជុំពិភាក្សា ជាមួយ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធាន ប្រតិបត្តិនៃ លេខាធិការដ្ឋានគណកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីស្វែងយល់ពីដំណើរការ កំណែរទម្រង់លទ្ធិប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិរបស់កម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣នៅ លេខាធិការដ្ឋាន គ.ជ.អ.ប។

 

ជំនួបពិភាក្សានេះ ត្រូវបានបែងចែកជាពីរវគ្គ ផ្សេងគ្នា ដោយនៅពេលព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ជាជំនួបស្វាគមន៍ដំបូង ដោយភាគីទាំង២ កម្ពុជា មីយ៉ាន់ម៉ា ពិភាក្សា គ្នាអំពីស្ថានភាពទូទៅ របស់ប្រទេសនិមួយៗ ហើយនៅពេលរសៀលថ្ងៃដដែល ប្រទេស ទាំង២ពិភាក្សាគ្នាអំពី កំណែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសរៀងៗខ្លួន។

 

នាពេលរសៀល ក្រោយពេលគណប្រតិភូប្រទេសមីយ៉ាន់ម៉ា ធ្វើបទបង្ហាញពីកំណែទម្រង់រដ្ឋបាលរបស់ប្រទេសខ្លួនចប់ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើបទបង្ហាញពីកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យរបស់កម្ពុជាជូន ដល់គណប្រតិភូប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងយល់តាំងពីការចាប់ផ្តើមធ្វើកំណែទម្រង់របស់កម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។

 

ក្នុងបទបង្ហាញនោះ ឯកឧត្តម ង៉ាន់ ចំរើន បានធ្វើបទបង្ហាញពីកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជាដោយរួមមាន ស្ថានភាពនយោបាយ និងរដ្ឋបាលសាធារណៈតាំងពីឆ្នាំ១៨៦៣ រហូតមកដល់បច្ចុប្បន្ន កំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ ស្នាដៃសំខាន់ៗដែលកម្ពុជាទទួលបានពីកំណែទម្រង់ ព្រមទាំងបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះក្នុងដំណើរការកំណែទម្រង់ និងចុងក្រោយជាការបង្ហាញបញ្ចប់។

 

បន្ទាប់ពីកិច្ចបង្ហាញរបស់ឯកឧត្តម ង៉ាន់ ចំរើន ត្រូវបានបញ្ចប់ គណប្រតិភូប្រទេសមីយ៉ាន់ម៉ា បានធ្វើការចោទសួរជាច្រើនដល់ ឯកឧត្តមទាក់ទងនឹងដំណើរការកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានស្នើសុំកម្ពុជាដើម្បីផ្តល់ជាឯកសារសំខាន់ៗ ទាក់ទងនឹងដំណើរការកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជាតាំងពីពេលចាប់ផ្តើម ដូចជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០២ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៨ និងឯកសារពាក់ព័ន្ធជាច្រើនទៀត។ ជាចុងបញ្ចប់ភាគីកម្ពុជាក៏បានសន្យានឹងផ្តល់ជូនគណប្រតិភូប្រទេសមីយ៉ាន់ម៉ា នូវឯកសារនានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់គណប្រតិភូប្រទេសមីយ៉ាន់ម៉ា ក្នុងការស្វែងយល់ជាបទពិសោធន៍បន្ថែម ពីកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យអោយកាន់តែទូលំទូលាយថែមទៀត។

 

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សារបស់គណប្រតិភូប្រទេសមីយ៉ាន់ម៉ា មានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ បន្ទាប់ពីជួបថ្នាក់ដឹកនាំលេខាធិការរដ្ឋាន គ.ជ.អ.ប គណប្រតិភូប្រទេស មីយ៉ាន់គ្រោងនឹងជួបជាមួយវេទិកាអង្គការមិនមែនរដ្ឋាភិបាល (NOG Forum) ក្រសួងមហាផ្ទៃ ក្រសួងផែនការ ព្រឹទ្ធសភា ក្រុមការងារ គណនេយ្យភាពសង្គមរបស់លេខាធិការដ្ឋាន គ.ជ.អ.ប អង្គការក្រៅរដ្ឋាភិបាល និងធនាគារពិភពលោក។ បន្ទាប់មកទៀត គណប្រតិភូ ក៏គ្រោងនិងធ្វើដំណើរទស្សនកិច្ចទៅខេត្តតាកែវដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងជាចុងក្រោយ គ្រោងនឹងជួបជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្ថបទ៖ ជួន ចាន់ណា មន្រ្តីព័ត៌មាន/ NCDDS.

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់