កិច្ច​ប្រជុំ​លើក​ទី​២​ក្រុម​ការងារ​ផ្តល់​យោបល់​គម្រោង​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ថ្ងៃទី១៧ ធ្នូ ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាលើកទី២ ជាមួយក្រុមការងារផ្តល់យោបល់ ក្នុងគម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ…

 

ភ្នំពេញ ថ្ងៃទី១៧ ធ្នូ ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំលេខា ធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាលើកទី២ ជាមួយក្រុម ការងារផ្តល់យោបល់ក្នុងគម្រោង លើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (Proceed)  ដើម្បីបង្ហាញពីសមិទ្ធិផល ការប្រឈមនៃការអនុវត្ត គម្រោងរយៈពេល១ឆ្នាំកន្លងមក និងដើម្បីកំណត់ផែនការសកម្មភាពសម្រាប់អនុវត្តគម្រោង នៅឆ្នាំ២០១៤ខាងមុខនេះ។

 

 

 

ក្នុងកិច្ចប្រជុំនេះអញ្ជើញជាអធិបតីដោយឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខា ធិការដ្ឋាន គ.ជ.អ.ប និងជាអនុប្រធានក្រុមការងារផ្តល់យោបល់ គម្រោង Proceed និងមានមានការចូលរួមពីតំណាងមកពីអង្គការ ផេក កម្ពុជា (Pact Cambodia) អង្គការអមរា អង្គការសីលកា (SILKA) អង្គការវីអេសជី(VSG) អង្គការ វីអេសអូ(VSO) អង្គការស្តារកម្ពុជា ក្រុមការងារវិមជ្ឈការតាមរយៈភាពជាដៃគូ (WGPD) អង្គការភូមិខ្ញុំ គណៈកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជា (CCC) អង្គការភ្នំស្រី ដើម្បីអភិវឌ្ឍន៍ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលសរុបចំនួន២៨នាក់ ស្រ្តី១០រូប។

 

ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍វាយតម្លៃខ្ពស់ដល់ គម្រោង Proceed ដែលជួយលើកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ ជាមួយក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅកម្ពុជា ក្នុងផែនការអនុវត្ត រយៈពេល៣ឆ្នាំដំបូង ផអ៣ ដែលមានក្នុងកម្មវិធីជាតិសម្រាប់រយៈពេល១០ឆ្នាំ។ 

 

ការអនុវត្តគម្រោង Proceed ក្នុងឆ្នាំ២០១៣កន្លងមកនេះទទួលបានលទ្ធផលល្អប្រសើរមួយចំនួនដូចជា ផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់គោលដៅអំពីអភិបាលកិច្ច បង្កើនចំណេះដឹង និងឥរិយាបថបើកចំហររបស់ ក្រុមប្រឹក្សាក្រុង ស្រុក ក្នុងការទទួលយក និងដោះស្រាយបញ្ហាដែលលើកឡើងដោយប្រជាពលរដ្ឋ លើកកម្ពស់ប្រជាពលរដ្ឋ ក្នុងការទទួលយកព័ត៌មានទាក់ទងនឹងការសម្រេចផ្សេងៗរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ អង្គការផេកកម្ពុជាបានផ្តល់វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាក្រុង ស្រុក ការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសកម្មភាពរបស់ ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដល់គ្រូបង្គោលរបស់អង្គការដៃគូ ក្នុងខេត្តគោលដៅ បានចំនួន២វគ្គដែលមានសិក្ខាកាមចំនួន២៨នាក់។

 

លើសពីនេះដែរគម្រោងសម្រេចបានក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់អោយមានឥទ្ធិពលលើសកម្មភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ដូចជាជួយគាំទ្រដល់ក្រុមប្រឹក្សាក្នុងការសម្របសម្រួលវេទិការផ្សព្វផ្សាយ និងពិគ្រោយោបល់ និង លើកទឹកចិត្តប្រជាពលរដ្ឋអោយហ៊ានមានមតិក្នុងវេទិការ បង្កើតបណ្តាញអង្គការសមាគមន៍មូលដ្ឋានក្នុងក្រុង ស្រុកចំនួន៨ បានអនុវត្ត សាកល្បងប័ណ្ណដាក់ពិន្ទុសហគមន៍ក្នុងក្រុងចំនួន២ ផ្តោតលើអភិបាលកិច្ច និងគុណភាពសេវាសាធារណៈ និងបង្កើតក្រុមការងារ ចម្រុះគណនេយ្យភាពក្រុងផងដែរ និងគាំទ្រការបង្កើត និងការប្រព្រឹត្តទៅរបស់លេខាធិការក្រុមការងារវិម្ឈការតាមរយៈភាពជាដៃគូ (WGPD) គាំទ្រយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពរបស់ WGPD ចូលរួមក្នុងដំណើរការ និងផ្តល់ព័ត៌មានត្រលប់ពីការអនុវត្ត ផអ៣ គាំទ្របង្កើត និងដាក់អោយប្រើប្រាស់នូវគេហទំព័រ WGPD ការធ្វើទស្សនៈកិច្ចសិក្សា ជាដើម។

 

ទោះជាគម្រោងទទួលបានលទ្ធផលល្អច្រើនគួរអោយកត់សម្គាល់យ៉ាងណាក្តី ក៏នៅមានបញ្ហាជាអន្តរវិស័យមួយចំនួនដូចជា ថវិកា មានកំណត់សម្រាប់ពង្រីកសកម្មភាពផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាក្រុង ស្រុកនៅមានកម្រិតជាពិសេសស្ត្រី និងយុវជន ការប្តេជ្ញា និងយកចិត្តទុកដាក់ ពីក្រុមប្រឹក្សាមួយចំនួនក្នុងការ បញ្រ្ជាបសមភាពយេនឌ័រនៅមានកម្រិតទាប ព្រមទាំងក្រុមប្រឹក្សាមួយចំនួនមិនបានដោះស្រាយបញ្ហាដែលលើកឡើងដោយ ប្រជាពលរដ្ឋ។

 

ក្នុងនោះដែរក្រុមការងារក៏គ្រោងនឹងរៀបចំផែនការដែលធ្វើអោយការអនុវត្តគម្រោងប្រសើរឡើងដោយ បង្កើនការបង្ហាត់បង្ហាញ ដល់ក្រុមប្រឹក្សា ក្នុងការលើកទឹកចិត្តដល់យុវជន និងស្រ្តីអោយមានមតិ និងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា គាំទ្រក្រុមប្រឹក្សាដើម្បីពិនិត្យ តាមដាន និងរៀបចំការឆ្លើយតប និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋពីកិច្ចប្រជុំផ្សេងៗ។

 

គួរបញ្ជាក់ផងដែរថា គម្រោង Proceed បានអនុវត្តក្នុងខេត្តគោលដៅចំនួន៤គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និងខេត្តមណ្ឌល់គិរី ដែលមាន៨ក្រុង ស្រុក និង៦៣ឃុំ សង្កាត់។ អត្ថបទ៖ ជួន ចាន់ណា មន្រ្តីព័ត៌មាន/ NCDDS.

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់