កម្ពុជា​បន្ត​ផ្តល់​អង្ករ​ចំនួន​ ២០០០​តោន​ និង​ថវិកា​ជាង​៤០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​

០២ ធ្នូ ២០១៣៖ រាជរដ្ឋាភិបាលកម្ពុជាបានសន្យា បន្តផ្តល់អង្ករចំនួន ២.០០០តោន និងថវិកាចំនួន ៤៦៧.០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំជូនកម្មវិធីស្បៀងអាហារពិភពលោក របស់សហប្រជាជាតិ…

 

០២ ធ្នូ ២០១៣៖ រាជរដ្ឋាភិបាលកម្ពុជាបានសន្យា បន្តផ្តល់អង្ករចំនួន ២.០០០តោន និងថវិកាចំនួន ៤៦៧.០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំជូនកម្មវិធីស្បៀងអាហារពិភពលោក របស់សហប្រជាជាតិ រហូតដល់ឆ្នាំ២០១៥ ហើយក៏នឹងពិចារណាទៅលើការបន្ត ផ្តល់វិភាគទាននេះទៀតនៅឆ្នាំ២០១៥។

 

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់សកម្មភាពរបស់កម្មវិធី ស្បៀងអាហារពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមវិភាគទាន ដល់កម្មវិធីស្បៀងអាហារពិភពលោកនូវអង្ករសរុប ចំនួន១៥.០០០តោន និងថវិកាចំនួន២,៩១លានដុល្លារ ដល់កម្មវិធីនេះតាំងពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៣។ ជាថ្មីម្តងទៀត រាជរដ្ឋាភិបាល កម្ពុជា ក៏បានសន្យាបន្តផ្តល់អង្ករចំនួន២.០០០តោន និងថវិកាចំនួន៤៦៧.០០០ដុល្លារក្នុងមួយឆ្នាំ ជូនកម្មវិធីស្បៀងអាហារពិភពលោក នេះរហូតដល់ឆ្នាំ ២០១៥ ហើយក៏នឹងពិចារណាទៅលើការបន្តផ្តល់វិភាគទាននេះទៀតនៅឆ្នាំ២០១៥។ 

 

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ការចូលរួមវិភាគទានទាំងអស់នេះបាននឹងកំពុងរួមចំណែកជួយឲ្យប្រទេសកម្ពុជាឈានឆ្ពោះទៅសម្រេច បាននូវចំណុចទី១ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជាគឺ”ការលុបបំបាត់ភាពទីទ័លក្រ និងភាពអត់ឃ្លាន”។

 

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Gianpietro Bordignon តំណាងកម្មវិធីស្បៀងអាហារ ពិភពលោក របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានជួបពិភាក្សាគ្នាកាលពីថ្មីៗនេះ ដើម្បីពិភាក្សាទៅលើការបន្តពង្រឹងនិងពង្រីក វិសាលភាពកម្មវិធី និងកិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ 

 

គួររំលឹកផងដែរថា ចាប់តាំងពីកម្មវិធីស្បៀងអាហារពិភពលោកចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅឆ្នាំ១៩៧៩ កម្មវិធីនេះបានអនុវ ត្តសកម្មភាពសំខាន់ៗជាច្រើនក្នុងនោះរួមមានប្រតិបត្តិការសង្គ្រោះជនភៀសខ្លួននៅតាមព្រំដែន កម្មវិធីស្តារឡើងវិញសម្រាប់ជនធ្វើ មាតុភូមិនិវត្តន៍ អ្នកផ្លាស់ប្តូរទីជម្រកនៅក្នុងប្រទេសនិងក្រុមជនងាយរងគ្រោះ។ ស្បៀងអាហារទ្រង់ទ្រាយធំ សម្រាប់កម្មវិធីស្បៀង ពលកម្ម។ ការផ្តួចផ្តើមគំនិតកម្មវិធីផ្តល់អាហារពេលព្រឹកនៅតាមសាលារៀន និងជំនួយដល់អ្នករងគ្រោះដោយសារទឹកជំនន់ ការផ្តល់អាហារបំប៉នដល់មាតា និងទារក ការឧត្ថម្ភអ្នកជម្ងឺរបេងជំនួយដល់អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា និងជនងាយរងគ្រោះជាដើម។ នៅឆ្នាំ២០០៩កម្មវិធីស្បៀងអាហារពិភពលោកនេះបានផ្តល់ជំនួយស្បៀងអាហារដល់ប្រជាពលរដ្ឋ កម្ពុជាជិត ១លាននាក់ ដែលរស់នៅតំបន់ដែលមានអសន្តិសុខស្បៀងខ្ពស់។

 

បច្ចុប្បន្ន កម្មវិធីស្បៀងអាហារពិភពលោក បានសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ ជនបទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយផ្តោតសំខាន់លើកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀន កម្មវិធីអាហាររូបត្ថម្ភ និងកម្មវិធីស្បៀងពលកម្ម៕ 

ដកស្រង់ចេញពីវែបសាយ CEN ចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់