សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោង “សន្តិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា (SRELFOOD2)”

លេខាធិការដ្ឋាន គ.ជ.អ.ប. និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាន​សហការគ្នា​រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីការអនុវត្តគម្រោង “សន្តិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា (SRELFOOD2)” ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈុន ប៊ុនណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប. នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តកំពត។ មានសមាសភាពចូលរួម​ពី​តំណាង WFP រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ រដ្ឋបាលស្រុកនៃខេត្តគោលដៅ និងរដ្ឋបាលឃុំគោលដៅ អ្នកផ្ដល់សេវាបច្ចេកទេសឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍និងអង្គការសង្គមស៊ីវិល ដែល​មាន​អ្នកចូលរួមសរុបចំនួន៦៧រូប។

សិក្ខាសាលាមានគោលបំណងចម្បងៗចំនួន៤ រួមមាន៖

 1. ឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តគម្រោង មេរៀន​បទពិសោធ បញ្ហាប្រឈម និងដំណោះស្រាយនានាក្នុងការអនុវត្តគម្រោងកន្លងមក
 2. ចែករំលែកមេរៀនបទពិសោធន៍ និងចំណេះដឹងនានាក្នុងការអនុវត្តគម្រោងជាមួយគម្រោងដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងការត្រៀមបង្ការគ្រោះមហន្តរាយនៅថ្នាក់ឃុំ
 3. ប្រមូលមតិយោបល់ និងអនុសាស្រ្ត នានាអំពីដំណើរ​ការអនុវត្តគម្រោង ការគ្រប់គ្រង ការតាមដានត្រួត ពិនិត្យ និងការថែទាំលទ្ធផលគម្រោង
 4. ចងក្រងជាឯកសារគម្រោង​សម្រាប់ចែករំលែកជាមួយភាគីពាក់ពន្ធ័ដើម្បីប្រើប្រាស់សម្រាប់រៀបចំផែនការយុទ្ធសាស្រ្ត និងការអនុវត្តគម្រោងគាំទ្រឃុំនាពេលអនាគតឱ្យកាន់តែមានប្រសិទ្ធភាព។

សិក្ខាសាលានេះក៏ទទួល​បាន​លទ្ធផលល្អៗមួយចំនួនដូចខាងក្រោម៖

១. ការអនុវត្ត និងការចុះតាមដាន៖

 • បង្កើតក្រុមការងារគ្រប់គ្រងគម្រោងដោយ​មាន​ការកំណត់​ច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវ​ក្នុងការគាំទ្រដល់ការអនុវត្តសកម្មភាពគម្រោង
 • ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងតម្រង់ទិសអំពីការអនុវត្តគម្រោងយ៉ាងទៀងទាត់
 • អ្នកផ្ដល់សេវាបច្ចេកទេសឯកជន​មាន​សមត្ថភាព និងបទពិសោធក្នុងការគាំទ្រឃុំគោលដៅ ​ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែល​មាន​ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
 • រៀបចំកិច្ចប្រជុំ​គម្រោងប្រចាំត្រីមាសជាទៀងទាត់
 • ការចូលរួមសកម្មរបស់ប្រជាពលរដ្ឋ​តាមរយៈការផ្ដល់យោបល់កែលម្អនានា ក្នុងដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ ដើម្បី​ឱ្យការអនុវត្តគម្រោងមានគុណភាពល្អ និងទាន់ពេលវេលា

២. បញ្ហាប្រឈម៖       

 • សកម្មភាពមួយចំនួនដូចជា​ការរៀបចំកិច្ចប្រជុំ វគ្គបណ្ដុះបណ្ដាល ការសិក្សាលទ្ធភាពគម្រោង និងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបាន​ផ្អាក ឬពន្យារពេល និងកាត់បន្ថយចំនួនអ្នកចូលរួម នៅក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍
 • នៅក្នុងអំឡុងពេលនៃការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ មាន​ភ្លៀងធ្លាក់ខ្លាំងតាំងពីចាប់ផ្ដើមការសាងសង់ ធ្វើឱ្យទីតាំងគម្រោងត្រូវទឹកលិចពុំអាចបន្តការសាងសង់ ឬត្រូវពន្យារពេលការអនុវត្ត
 • ការអនុវត្តគម្រោងមានរយៈពេលខ្លី
 • ពេលវេលាអនុវត្តគម្រោង (project timeframe) ខ្លីមិនសមស្របនឹងតម្រូវការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការពេលវេលាច្រើន ដើម្បីបំពេញនីតិវិធី បែបបទដែលបានតម្រូវក្នុងសេចក្ដីណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជាពិសេសមិនស៊ីសង្វាក់ជាមួយនីតិវិធីពេលវេលារៀបចំផែនការរបស់ឃុំ (commune planning timeframe) ជាហេតុនាំឱ្យឃុំមិនអាចវិភាជថវិកាចូលរួមជាមួយគម្រោងបាន។

៣. អនុសាសន៍៖

 • យោងតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្រុក និងឃុំគួរជាអ្នកដឹកនាំអនុវត្តកម្រោងដោយផ្ទាល់។ ដោយឡែកខេត្តជាអ្នកផ្តល់ការគាំទ្របច្ចេកទេស និងសម្របសម្រួលក្នុងការអនុវត្តគម្រោង។
 • គម្រោងហេដ្ឋានរចនាសម្ព័ន្ធខ្នាតតូចដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ គួរមានរយៈពេលនេះការអនុវត្តចាប់ពី២ឆ្នាំឡើងទៅ។
 • គម្រោងហេដ្ឋានរចនាសម្ព័ន្ធខ្នាតតូចគួរត្រូវជ្រើសរើសគម្រោងដែលមានគម្លាតនៃការអនុវត្តចាប់ពី៥ឆ្នាំឡើងទៅ និង​មានការខូចខាតធ្ងន់ធ្ងរ។
 • ការសិក្សាលទ្ធភាព និងការរៀបចំសំណើគម្រោងលម្អិតដោយអ្នកផ្ដល់សេវាបច្ចេកទេសឯកជន គួរត្រូវបញ្ចប់យ៉ាងហោចណាស់នៅខែវិច្ឆិកា
 • ប្រភេទគម្រោងដែល​ឆ្លើយតបទៅនឹង​ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនៅក្នុងសហគមន៍ គួរជាគម្រោងសាងសង់​ប្រឡាយបេតុង សាងសង់ផ្លូវបេតុង ការលើកទំនប់ទឹកខ្ពស់ៗ ការស្ដារអាងស្តុកទឹក និងការជីកស្រះសហគមន៍ជាដើម។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់