សុន្ទរកថាបើក
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
និងជាប្រធាន គ.ជ.អ.ប
ក្នុងកិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
ឯកឧត្ដម លោកជំទាវសមាជិក សមាជិកា គ.ជ.អ.ប.
ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ
ឯកឧត្ដម លោកជំទាវប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ជាទីមេត្រី!
ជាបឋម ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម លោកជំទាវសមាជិក សមាជិកា គ.ជ.អ.ប ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដ៏មានសារៈសំខាន់នេះ តាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។
បើទោះបីប្រទេសយើងក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកបាន និងកំពុងជួបស្ថានភាពលំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយពេលវេលាតាំង ពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះក៏ដោយ ក៏យើងនៅតែបន្តរួមសហការគ្នាក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះផង ព្រមទាំងរក្សាបាននូវនិរន្តរភាពនៃការបំពេញការងារតាមវិស័យជំនាញនានាដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញកិច្ចដំណើរការកំណែទម្រង់នានាផងដែរ។
ការកោះប្រជុំលើកទី១៩របស់ គ.ជ.អ.ប.នាពេលនេះ គឺក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងអំឡុងឆ្នាំ២០២០ និងក្នុងឆមាសទី១ឆ្នាំ២០២១នេះ ជាពិសេសការពិនិត្យលើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ សម្រាប់អនុវត្តពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ដែលគ្រោងនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចនាដើមខែវិច្ឆិកាខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនៃការជួបជុំគ្នានាពេលនេះ ខ្ញុំសូមរំលឹកឡើងវិញថា យើងបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី១(២០១០-២០២០)ដោយសម្រេចបាននូវសមិទ្ធផល ធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឱ្យដំណើរការស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រួមជាមួយការផ្ទេរមុខងារ និងធនធានចាំបាច់នានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ។
នាចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយបានធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងរៀបចំឱ្យរដ្ឋបាលថ្នាក់នេះក្លាយជារដ្ឋបាលមូលដ្ឋាន ដែលមានតួនាទីសំខាន់ក្នុងការសហការជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងការផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់។ តាមរយៈការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ខណ្ឌនេះ មានមុខងារតាមវិស័យជំនាញនានាមួយចំនួនក៏ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ។ ក្នុងនោះក៏មានមុខងារផ្តល់សេវាក្នុងវិស័យអប់រំចាប់ពីសាលាបឋមសិក្សាចុះក្រោមត្រូវបានប្រគល់ទៅឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបងសម្រាប់អនុវត្តជាជំហានដំបូង ដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រីកការប្រគល់មុខងារក្នុងវិស័យអប់រំនេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀតទូទាំងប្រទេសនាពេលបន្តបន្ទាប់។ ស្របពេលជាមួយគ្នានេះ មុខងារគ្រប់គ្រងនិងផ្តល់សេវាសុខាភិបាល រួមមានមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ក៏ត្រូវបានផ្ទេរទៅឱ្យស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី ខេត្តផងដែរ។
កិច្ចការទាំងនេះត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តក្នុងអំឡុងពេលនៃការចាប់ផ្តើមឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាឧបសគ្គដ៏ចម្បងក្នុងការគាំទ្រ តាមដាន ត្រួតពិនិត្យពីថ្នាក់ជាតិលើការអនុវត្តមុខងារទាំងនេះ។ យើងបានលើកយកបញ្ហាទាំងនេះមកពិនិត្យ ពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី១៨របស់ គ.ជ.អ.ប. នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ម្តងរួចមកហើយ ក៏ប៉ុន្តែដើម្បីធានាដល់ការបន្តជំរុញ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា យើងចាំបាច់ត្រូវមានការពិនិត្យ និងពិភាក្សាលើបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំនាពេលនេះបន្ថែមទៀត។
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី!
ក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំកម្មវិធីជាតិដំណាក់កាលទី២សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ សំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិឱ្យកាន់តែមានសក្តានុពលក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នោះគឺការស្តារស្ថានភាពសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ-១៩ និងការបន្តជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធនឹងកិច្ចការនេះ ខ្ញុំសូមជម្រាបជូនអង្គប្រជុំជ្រាបថា ការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២នេះ បានចាប់ផ្តើមដោយការរៀបចំជាឯកសារទស្សនទានមួយយ៉ាងច្បាស់លាស់ ដែលកំណត់នូវចក្ខុវិស័យ និងសមិទ្ធផលរំពឹងទុកសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាការតម្រង់ទិសក្នុងការរៀបចំតាក់តែងឯកសារលម្អិតនៃកម្មវិធីជាតិដំណាក់កាលទី២។
ផ្អែកលើឯកសារទស្សនទានដែលបានពិនិត្យ និងឯកភាពពីប្រមុខរាជរដ្ឋាភិបាលនាខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋាន គ.ជ.អ.ប. បានខិតខំសម្របសម្រួលកិច្ចដំណើរការរៀបចំតាត់តែងសេចក្តីព្រាងលម្អិតនៃឯកសារកម្មវិធីជាតិនេះ ដោយបានធ្វើការសិក្សា និងពិគ្រោះយោបល់ក្នុងកម្រិតបច្ចេកទេសជាបន្តបន្ទាប់ជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានារហូតដល់បានរៀបចំបញ្ចប់ជាសេចក្តីព្រាងលម្អិតនៃឯកសារកម្មវិធីជាតិដំណាក់កាលទី២ ដើម្បីដាក់ជូនកិច្ចប្រជុំ គ.ជ.អ.ប.ពិនិត្យ និងពិភាក្សានាពេលនេះ។
អាស្រ័យហេតុនេះ ក្នុងកិច្ចប្រជុំលើកនេះ ខ្ញុំសូមស្នើនូវរបៀបវារៈដូចខាងក្រោម៖
១. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨របស់ គ.ជ.អ.ប.
២. សេចក្តីរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ឆ្នាំ២០២១
៣. ការពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពីការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០)
៤. បញ្ហាផ្សេងៗ៖
- សេចក្តីរាយការណ៍អំពីលទ្ធផលនៃការកែសម្រួលសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
ខ្ញុំសូមបញ្ចប់នូវមតិបើកកិច្ចប្រជុំរបស់យើង និងសូមស្នើឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃ គ.ជ.អ.ប ផ្តល់យោបល់ទៅលើរបៀបវារៈខាងលើនេះ។
សូមអរគុណ!