ប្រវត្តិ
ប្រទេសកម្ពុជាបានក្លាយជាភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (The Convention on the Elimination of All Forms of Discrimination against Women-CEDAW ស៊ី-ដ ) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩២។ មាត្រទី៣១ នៃរដ្ឋធម្មនុញ្ញធានាការពារដល់អនុសញ្ញានេះ ព្រមទាំងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត ដែលជាផ្នែកមួយនៃច្បាប់របស់កម្ពុជា។
មាត្រាទី៤៥នៃរដ្ឋធម្មនុញ្ញបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ទម្រង់រើសអើងប្រឆាំងនឹងស្តី្រភេទត្រូវបានលុបបំបាត់ ហើយនៅមានមាត្រាជាច្រើនទៀតក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិ ត្រង់ជំពូក៣នៃរដ្ឋធម្មនុញ្ញចែងច្បាស់ថា សិទ្ធិទាំងនេះអនុវត្តបានចំពោះពលរដ្ឋកម្ពុជាទាំងពីរភេទ។ ការចុះហត្ថលេខាលើ ស៊ី-ដ មានន័យថា កម្ពុជាបានគាំទ្រ និងឯកភាពដាក់បញ្ចូល និងអនុវត្តអនុសញ្ញានេះក្នុងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីនានារបស់ខ្លួន។
ជាក់ស្តែង គោលនយោបាយយេនឌ័រត្រូវបានកំណត់ និងបញ្រ្ជាបក្នុងឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
– សមាសភាគអភិវឌ្ឍន៍សមត្ថភាពនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល
– ក្របខ័ណ្ឌយុទ្ធសាស្រ្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
– ច្បាប់រៀបចំអង្គការ
– កម្មវិធីជាតិរយៈពេល១០ឆ្នាំ និងផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣)
– លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានា។
គោលបំណង និងគោលដៅ
គោលបំណងរបស់គម្រោង គឺពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអំពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (ស៊ី-ដ)។ ដើម្បីសម្រេចបានគោលបំណងខាងលើ គោលដៅរបស់គម្រោង គឺគាំទ្រការលើកកម្ពស់ចំណេះដឹងអំពី ស៊ី-ដ និងការបញ្រ្ជាបបញ្ហានានាពាក់ព័ន្ធនឹងសិទ្ធិស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។