រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (គ.គ.អ.ស) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សារណៈយោគយល់ក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈរវាងអង្គការទស្សនៈពិភពលោកកម្ពុជា និងតំណាងអង្គការអនុវត្តគម្រោងគណនេយ្យភាពសង្គមចំនួន១១ ក្រោមការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសអាល្លឺម៉ង់ នៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី។ ពិធីនេះមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ស័្មគ្រចិត្ត (CAFs) សរុបប្រមាណ ១០០រូប។
ពិធីចុះអនុស្សារណៈយោគយល់នេះមានគោលបំណង គឺដើម្បីជួយដល់អង្គការដៃគូទាំង ១១ ឱ្យបំពេញការងាររួមគ្នាក្នុងគោលដៅធ្វើឱ្យមានភាពប្រសើរឡើងនូវសេវាសាធារណៈរវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវានៅតាមតំបន់គោលដៅរបស់អង្គការទាំងអស់នៅទូទាំងប្រទេស។
ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យភាពសង្គម ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងពិធីបើកកម្មវិធីចុះអនុស្សារណៈយោគយល់រវាងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជាជាមួយអង្គការដៃគូចំនួន ១១ដែលនឹងត្រូវអនុវត្តការងារគណនេយ្យភាពសង្គមក្នុងខេត្តតាកែវ កំពង់ចាម និងខេត្តពោធិសាត់ក្រោមកិច្ចគាំទ្រមូលនិធិពីសហភាពអឺរ៉ុប នាពេលនេះ។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផលការងារជាផ្លែផ្កាគួរឱ្យកត់សម្គាល់ដែលគម្រោងសម្រេចបាន កន្លងមក ក្នុងនោះ រួមមាន៖ ១. ការលើកកម្ពស់តម្លាភាព និងលទ្ធភាពទទួលបានព័ត៌មានអំពីស្តង់ដារសេវា ថវិកា និងការបំពេញការងារ ២. ការចូលរួមតាមដានត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ និង៣. ការកសាងសមត្ថភាព។ បន្ថែមលើសពីនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង គ.គ.អ.ស ឯកឧត្តមរដ្ឋលេខាធិការបានសំដែងនូវការអរគុណ និងសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនអនុវត្តការងារតាមផែនការសកម្មភាពដែលបានគ្រោងទុករបស់បុគ្គលិក និងអ្នកស័្មគ្រចិត្តសហគមន៍។
ឯកឧត្តម ងី ច័ន្ទ្រផល បានប្រសាសន៍បញ្ជាក់ថា៖«ការចូលរួមរបស់អាជ្ញាធរ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់បាននាំមកនូវភាពជោគជ័យដ៏ធំមួយទៀតសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅកម្ពុជា។ យើងនឹងអាចសម្រេចបាននូវការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាសាធារណៈថ្នាក់មូលដ្ឋាន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស»។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានមានប្រសាសន៍បន្ថែមថា ដើម្បីឈានទៅសម្រេចបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមគោលដៅ និងផែនការទាមទារចាំបាច់នូវ៖
១. ភាពជាអ្នកដឹកនាំនៅគ្រប់កម្រិតទាំងនៅក្នុងវិស័យសាធារណៈ ទាំងវិស័យឯកជន
២. ការកសាងមូលដ្ឋាននៃធនធានមនុស្ស និងការកសាងនូវស្ថាប័ន ទាំងមូលដ្ឋានច្បាប់ វិធាន និងអភិបាលកិច្ច
និង៣. ការលើកកម្ពស់គុណតម្លៃនៃសង្គម និងគុណធម៌នៃបុគ្គល។
ជាមួយនេះដែរ លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកកម្ពុជាបានមានប្រសាសន៍ថា អង្គការទស្សនៈពិភពលោកបានចូលរួមគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យសង្គមនៃរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥មក ដោយបានចូលរួមចំណែកក្នុងការជួយឱ្យគុណភាពនៃការផ្គត់ផ្គង់សេវាកម្មសាធារណៈមានភាពប្រសើរឡើង។
ទន្ទឹមនេះដែរ លោកស្រី Francesca Cicomartino តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមកំពុងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ការផ្តល់សេវាសាធារណៈឆាប់រហ័ស មានគណនេយ្យភាព និងប្រកបដោយតម្លាភាព។
សូមជម្រាបជូនថា គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕